en     km
en     km

សារសម្តេចហ៊ុន សែន៖នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ

Share

ក្រុងភ្នំពេញ៖  សម្តេច នាយករដ្ឋមន្រ្តីហ៊ុនសែន បានបង្ហោះសារមួយដែលលើកឡើងពីសមិទ្ធផលធំៗ ដោយចាប់តាំងពីបាទដៃទទេ រហូតទាល់តែក្លាយជាប្រទេសមានហេដ្ឋារចនាសម្ព័ន្ធ និង មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ សម្ដេចបានរម្លឹកដូចនេះ ព្រោះថាថ្ងៃ២៩ធ្នូ ឆ្នាំ១៩៩៨ជាពេលវេលាមួយត្រូវចងចាំពនូវនយោបាយឈ្នះៗរបស់ សម្ដេចការក្នុងទាញកម្លាំងខ្មែរចូលសង្គមជាតិវិញ។ អ្នកវិភាគម្នាក់ក៏យល់ស្របនឹង អ្វីដែលរដ្ឋាភិបាលបានធ្វើដែរ ។តែយ៉ាងណា លោក ថា កម្ពុជាមានការអភិវឌ្ឍ តែខ្វះការឯកភាពជាតិ។

ព័ត៌មាននេះ លម្អិតជូនដោយលោក សេរី វឌ្ឍនៈ ៖

សម្តេច ហ៊ុន សែន បានលើកយកពីសមិទ្ធផល ដែលរដ្ឋាភិបាល បានសម្រេច ចាប់តាំងពីថ្ងៃ ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ គឺជាខួប២០ ឆ្នាំ ដែលកម្ពុជារួបរួមគ្នាដោយមិនប្រកាន់និន្នាការនយោបាយនោះ។ ក្នុងនោះសម្តេចបានរម្លឹកពីសមិទ្ធិផលជាច្រើន ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និង ការបញ្ចប់សង្គ្រាមផ្ទៃក្នុង។

សម្ដេចបានសរសេរក្នុងហ្វេសប៊ុក របស់សម្ដេច មានដូចនេះថា៖ « ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូល ទើបនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ឋិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ។»

អ្នកវិភាគ នយោបាយ និង សង្គម លោក បណ្ឌិត មាស នី  មានប្រសាសន៏ ថា លោក យល់ស្រប ទាំងស្រុង ចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី។ លោក បានសរសើរ ពីសមិទ្ធផលជាច្រើន រួមមានដូចជាហេដ្ឋារចនាសម្ព័ន្ធ និង ការលូតលាស់រីកចម្រើននៅក្នុងវិស័យសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយ លោកថាកម្ពុជា មានការរីកចម្រើន តែពុំមានសន្តិភាពផ្ទៃក្នុង ដែលបង្ហាញពីភាពបរាជ័យយ៉ាងខ្លាំងក្នុងការឯកភាពគ្នា។

លោក មាស នី៖ «បាទយើងទទួលស្គាល់នូវអ្វី ដែលជាការអភិវឌ្ឍន៍ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមកដល់ថ្ងៃនេះ ណាបាទ! ដែលក្នុងនោះយើងឃើញមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តែអ្វីដែលជាការបរាជ័យនោះ គឺការមិនឯកភាពគ្នានៅក្នុងសង្គម ដែលវាធ្វើឲ្យជះឥទ្ធិពលខ្លាំងទៅលើសង្គមកម្ពុជា។ យើងមានអំនួតក្នុងការអភិវឌ្ឍន៏តែ ភាពបែកបាក់គ្នានៅតែជាភាពបរាជ័យបាទ!។ »

ឆ្លើយតបនឹងការលើកឡើងរបស់ លោក បណ្ឌិត មាស នី  លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ទស្សនៈរបស់លោក បណ្ឌិត មាស នី គ្រាន់តែជាទស្សនៈមួយជ្រុង ប៉ុណ្ណោះ ដែល លោកថា នេះ គឺជារឿងដែល ប្រជាជនស្តាប់ហើយវិភាគខ្លួនឯងថាគួរជឿមិនជឿ ។

លោក សុខ ឥសាន្ត៖ អាហ្នឹង! ត្រង់អ្នកវិភាគគាត់និយាយយ៉ាងដូចម្តេចជារឿងរបស់គាត់ ត្រង់ហ្នឹង គឺជាការគិតពិចារណារបស់ប្រជាពលរដ្ឋទេថា តើគូរជឿឬមិនជឿ? ចាប់តាំងពីថ្ងៃ ២៩ ខែ ១២ ឆ្នាំ ១៩៩៨ អ្នកទាំងអស់គ្នានិង សុទ្ធតែទទួលបាននៅមនុញ្ញផលពីរដ្ឋាភិបាល ហើយមិនថាវិទ្យុ ១០២ ក្តី ១០០ ប៉ុន្មានក្តីសុទ្ធតែទទួលបានគ្រប់ៗគ្នា នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនដែលជាគណបក្សឈ្នះឆ្នោតរហូតមកដល់ថ្ងៃនេះ»។

សម្រាប់សម្ដេច នាយករដ្ឋមន្ត្រី នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន៕

 

 

 

Share

ព័ត៌មានទាក់ទង

Image