បទយកការណ៍៖ ស្រ្ដី ៣រូប ដែលមកពីស្ថាប័នខុសៗគ្នា រួមមានស្ថាប័នឯកជន ស្ថានប័នរដ្ឋ និងម្ចាស់សហគ្រាសផងដែរនោះ បានចូលខ្លួនចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ជុំវិញការកសាងខ្លួនឲ្យក្លាយជានារីរឹងមាំ មានគុណភាព លើសពីនារីដែលគ្រាន់តែស្អាត។ តើស្រ្ដី ទាំង៣ រូបនោះ ជានរណា ហើយរបៀបកសាងខ្លួនរបស់ពួកគាត់ ឲ្យក្លាយជានារីរឹងមាំ លើសពីនារីដែលគ្រាន់តែស្អាតមានអ្វីខ្លះ? ជាបន្ដសូមអញ្ជើញស្ដាប់បទយការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជាតា ដូចតទៅ៖
« អបអរសាទរសិក្ខាសាលាសំខាន់សម្រាប់សុភាពនារី Super Women !»
សិក្ខាសាលា ស្ដីពី « Super Women » កាលពីថ្មីៗនេះបង្ហាញថា ស្រ្ដីគ្រាន់តែស្អាត គឺមិនគ្រប់គ្រាន់នោះទេ គឺត្រូវការកសាងខ្លួន ឲ្យក្លាយជានារីរឹងមាំ និងមានតំម្លៃដើម្បីគ្រូសារនិងសង្គម។
លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា អគ្គលេខាធិការនៃសមាគមសហគ្រិននារីកម្ពុជានិងជាប្រធានក្រុមហ៊ុន SOPHIYA គឺជាស្រ្ដី ម្នាក់ ក្នុងចំណោមស្រ្ដីទាំង ៤ដែលបានឆ្លងកាត់ភាពលំបាក រហូតទទួលបានភាពជោគជ័យ។
លោកស្រី ស្រ៊ាត មុំសុភា បានចែករំលែកថា ភាពជោគជ័យរបស់លោកស្រីគឺកើតចេញពីការគិត និងក្ដីស្រមៃដែលដាក់ឱ្យខ្លួនឯងជាបន្ដបន្ទាប់។
លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា៖«ក្ដីស្រមៃរបស់ខ្ញុំ គឺខ្ញុំត្រូវពុះពារបញ្ចប់ការសិក្សាឱ្យបាននៅមហាវិទ្យាល័យ »។
ភាពជោគជ័យរបស់លោកស្រីមួយទៀតនោះ ក៏កើតចេញពីក្ដីស្រមៃដូចគ្នា ប៉ុន្ដែខុសត្រង់ថា ក្ដីស្រមៃរបស់គាត់លើកនេះ ត្រូវខិតខំប្រឹងប្រែងឱ្យខ្លាំងជាងមុនបន្ថិច។
លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា ៖«នៅក្នុងជីវិតដែលខ្ញុំជានិស្សិត គឺខ្ញុំមានក្ដីស្រមៃមួយថា ខ្ញុំ រៀនបណ្ដើរ ហើយខ្ញុំធ្វើការបណ្ដើរ ដូច្នេះ គឺខ្ញុំអាចរៀនទៅបានចំណេះដឹងផង ហើយខ្ញុំមានចំនូលដើម្បីផ្គត់ផ្គង់ម្ដាយផង »។
លោកស្រី មុំសុភា បន្តចែករំលែថា ការសម្រេចបានភាពជោគជ័យរបស់មនុស្សម្នាក់ៗ មិនអាចរត់ទៅបានដោយជោគជ័យគ្រប់ពេលនោះទេ ។ប៉ុន្ដែយើងត្រូវធ្វើយ៉ាងណាចេះបត់បែនទៅតាមកាលៈទេសៈ ដោយភាពត្រឹមត្រូវ និងមិនអោយខុសពីក្ដីស្រមៃ។
លោកស្រី ឧកញ៉ា ស្រ៊ាត មុំសុភា ៖« ច៎ាខ្ញុំអត់ដែលមានពាក្យមួយបោះបង់ចោលទេនូវអ្វីដែលខ្ញុំចង់បាន និងចង់ធ្វើ ហើយខ្ញុំត្រូវព្យាយាមធ្វើយ៉ាងម៉េចអោយទៅដល់គោលដៅ »។
នៅក្នុងសិក្ខាសាលានេះដែរ កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏បានចែករំលែកពីបទពិសោធជោគជ័យរបស់កញ្ញាផងដែរ។ តារាចម្រៀងរូបនេះ ថា អ្វីដែលធ្វើ អោយកញ្ញាជោគជ័យមកដល់សព្វថ្ងៃ គឺ ការតាំងចិត្ត ការព្យាយាម និងការលើកទឹកចិត្តដល់ខ្លួនឯង ។
កញ្ញា ឱក សុគន្ធកញ្ញា ៖ «គេអាចនឹងមើលមិនឃើញពីតម្លៃរបស់យើង កន្លែងណឹងហើយនៅពេលដែលអ្នកដទៃមើលមិនឃើញពីតម្លៃរបស់យើងទេ គឺយើងត្រូវតែមើលឃើញពីតម្លៃខ្លួនឯង ហើយយើងផ្ដល់អោយខ្លួនឯងអោយបានច្រើន កុំអោយមានអារម្មណ៍ថាខ្លួនឯងអន់ណាស់ ខ្លួនធ្វើមិនម៉េចកើតទេ។ ចឹងចំនុចនេះ ខ្ញុំតែងតែប្រាប់ខ្លួនឯងជារឿយៗ ហើយរៀងរាល់ថ្ងៃ»។
កញ្ញា បានលើកឡើងបន្ដទៀតថា អ្វីដែលកញ្ញាតែងតែអនុវត្ត ហើយទទួលបានជោគជ័យផងដែរ គឺ ការចង់ដឹង ចង់ស្ដាប់ ចង់ឃើញ និងចង់ក្លាយជា។
កញ្ញា ឱក សុគន្ធកញ្ញា៖«ខ្ញុំគិតថា អំណោយទានពីធម្មជាតិ គឺជាភាសាមួយ ហើយជាពាក្យដែលបងប្អូនដាក់នៅក្នុងអ្វីដែលបងប្អូនគិតថា ចង់ប្រើប្រាស់ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំអត់ដែលគិតថា ខ្ញុំជាមនុស្សដែលមានអំណោយទានអ្វីពិសេសពីធម្មជាតិទេ គ្រាន់តែខ្ញុំស្រឡាញ់ ខ្ញុំចូលចិត្ត ខ្ញុំចង់ដឹង ខ្ញុំចង់លឺ ខ្ញុំចង់ឃើញ ខ្ញុំចង់ក្លាយជា»។
ដោយឡែក ស្រ្ដីជោគជ័យមួយរូបទៀត គឺ លោកស្រី ឈី វិជ្ជរា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ។ លោកស្រី ថា អ្វីដែលលនាំអោយស្រ្ដីក្លាយជាមនុស្សជោគជ័យ និងអស្ចារ្យ គឺមាន ៥ចំនុច។
លោកស្រី ឈី វិជ្ជរា ៖ « ចំនុចទី១ មួយ ដើម្បីក្លាយជា Super Women គឺ រៀនទទួលយកចំនេះដឹងថ្មីៗ ទីពីរ.អត្ដចរិក ត្រូវតែជាមនុស្សដែលគួរអោយគេគោរពនិងអាណិត ទីបី.ត្រូវតែកំណត់គោលដៅរបស់ខ្លួនក្នុងជីវិតថាចង់បានអ្វី និងត្រូវធ្វើអ្វី ទីបួន.ត្រូវរៀនសូត្រពីមនុស្សដែលជោគជ័យ »។
ចំនុចទី ៥ ដែលជាចំនុចចុងក្រោយនេះ គឺ ត្រូវថ្លឹងថ្លែងការងារ និងគ្រួសារ ហើយរកពេលវេលាផ្ទាល់ខ្លួន ផ្ដល់អោយទៅពួកគាត់។
លោកស្រី ឈី វិជ្ជរា ៖ «ហើយចំនុចទី៥ ចុងក្រោយគេ ដែលសំខាន់ ជាតុល្យភាពការងារ និងជីវិត ព្រោះជីវិតរបស់មនុស្សយើងមិនអាចកាត់ផ្ដាច់ពីរឿងការងារ និងរឿងផ្ទាល់ខ្លួនបានទេ បើយើងជោគជ័យក្នុងការងារ តែមករឿងជីវិតផ្ទាល់ខ្លួនរបស់យើងមិនសូវមានភាពកក់ក្ដៅ នេះមិនមែនជារឿងជោគជ័យទេ »។
តាម លោកស្រី ឈី វិជ្ជរា ភាពជោគជ័យរបស់មនុស្សស្រី មិនមែនជោគជ័យតែទៅលើការងារ និងការសិក្សាតែមួយមុខនោះទេ តែក៏ត្រូវជោគជ័យនៅក្នុងជីវិតគ្រួសារ ផងដែរ ។
ដោយឆ្លងកាត់សសិក្ខាសាលានោះ នាំឱ្យមានការវិភាគ និងសន្និដ្ឋានថា ភាពជោគជ័យរបស់ស្ត្រីទាំង ៣ រូបនេះ គឺកើតចេញពីការព្យាមយាម ការតស៊ូ និងតាំងខ្លួនជា ស្ត្រីដើម្បីការផ្លាសដូរផ្នត់គំនិតមួយ គឺ ស្ត្រី បង្វិលចង្រ្កានមិនជុំ៕