ភ្នំពេញ ៖ នាយិកាប្រតិបត្ដិអង្គការ សីលកា បង្ហាញការមើលឃើញថា មកដល់ឆ្នាំ២០១៧នេះ ស្ដ្រីនៅតែមិនទាន់ទទួលបានឱកាសបង្ហាញសមត្ថភាព ស្នើនឹងបុរស ទោះបីរដ្ឋាភិបាលមានគោលនយោបាយលើកកម្ពស់សិទ្ធិស្ដ្រី ប៉ុន្ដែសកម្មភាពហាក់នៅមានកម្រិត។
លោក លៀ ស៊ីណា ជួនសេចក្ដីរាយការណ៍៖
អង្គការសីលកា ដែលជាអង្គការមិនមែនរដ្ឋាភិបាល មានទស្សនវិស័យ ដើម្បីឲ្យសង្គមកម្ពុជា ប្រកបដោយវិបុលភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពរវាងស្ដ្រី និងបុរស ក្នុងការចូលរួមយ៉ាងសកម្មដូចគ្នាសម្រាប់កិច្ចការសង្គម បានបង្ហាញការមើលឃើញរបស់ខ្លួនថា រហូតមកដល់ឆ្នាំ២០១៧នេះ ស្ដ្រីនៅតែមិនទាន់ទទួលបានភាពស្នើគ្នា ជាមួយនឹងបុរស ក្នុងការទទួលបានឱកាសបង្ហាញសមត្ថភាពក្នុងសង្គម។
លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្ដិអង្គការសីលកា បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីថា ក្នុងឆ្នាំ២០១៧នេះ អង្គការសីលការ បានធ្វើការងារមួយចំនួន មានជាអាទិ៍ ការបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនពិសេសស្ដ្រី ស្ដីពីការស្នើភាពគ្នារវាងសិទ្ធិស្ដ្រី និងបុរស ក៏ដូចជាការជួយស្ដ្រី ក្នុងបរិបទស្ដ្រីប្រទេសកម្ពុជា។ លើសពីនេះអង្គការសីលកា ក៏បានបង្រៀនដល់សកម្មជន និងបេក្ខជនបុរស នារី ជាក្រុមប្រឹក្សាឃុំ នៅក្នុងខេត្ដចំនួនពីរ គឺខេត្ដកណ្ដាល និងខេត្ដត្បូងឃ្មុំ។ បន្ថែមពីនេះ ក៏មានការបង្រៀនដល់ក្រុមប្រឹក្សាឃុំ ស្ដីពីគណនេយ្យភាពសង្គម ក្នុងខេត្ដកណ្ដាល និងខេត្ដកំពង់ធំផងដែរ។
ឆ្លងកាត់សកម្មភាពការងាររបស់ខ្លួនរយៈពេលមួយឆ្នាំនេះ នាយិកាប្រតិបត្ដិអង្គការសីលកា មើលឃើញថា ស្ដ្រីនៅតែមិនមានឱកាស ដោយខ្វះការយកចិត្ដទុកដាក់ និងខ្វះការគាំពារជាក់លាក់ ដើម្បីឲ្យស្ដ្រីអាចឈានជើងចូលក្នុងសង្គមដើម្បីបង្ហាញសមត្ថភាពប្រកួតប្រជែងស្នើនឹងបុរស។
លោកស្រី ធីតា ឃឹះ ៖«ស្ដ្រីយើងមិនទាន់ទទួលបានឱកាសគ្រប់គ្រាន់ ដើម្បីអនុវត្ដអ្វីដែលគាត់ចេះ អ្វីដែលគាត់ចង់ ហើយអ្វីដែលគាត់អាចធ្វើបាន។ អញ្ចឹងទៅគឺត្រូវការឱកាសអ្នកនៅជុំវិញខ្លួន នៅក្នុងស្ថាប័ន ក៏ដូចជា ក្នុងគ្រួសារ ក៏ដូចជា ថ្នាក់ជាតិដែរ ដែលត្រូវបើកឱកាសដល់ស្ដ្រី»។
លោកស្រី ធីតា ឃឹះ បន្ដថា ដើម្បីដោះស្រាយបញ្ហា គម្លាត នៃភាពស្នើគ្នារវាងស្ដ្រី និងបុរស គឺរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញពីអនុសញ្ញា Cedaw ដែលរដ្ឋាភិបាលបានអនុម័តកន្លងមក ជុំវិញការលុបបំបាត់រាល់ការរើសអើងចំពោះស្ដ្រី និងការផ្ដល់ឱកាសឲ្យស្ដ្រីទទួលបាននូវភាពស្នើគ្នាជាមួយបុរសយ៉ាងពិតប្រាកដ ដែលមិនមែនមានត្រឹមតែក្នុងច្បាប់នោះ គឺត្រូវតែមានសកម្មភាពជាក់ស្ដែង។ យ៉ាងណាលោកស្រី កត់សម្គាល់ថា រាជរដ្ឋាភិបាលក៏មានសកម្មភាពខ្លះដែរ ជុំវិញការលើកកម្ពស់សិទ្ធិស្ដ្រី និងការផ្ដល់ឱកាស ក៏ប៉ុន្ដែលោកយល់ថា គឺនៅតិចតូចនៅឡើយ។
លោកស្រី ធីតា ឃឹះ៖«គាត់បានធ្វើមួយចំនួនដែរ ប៉ុន្ដែវា មិនទាន់ច្រើនគ្រប់គ្រាន់។ ការងារខាងផ្នែកផ្សព្វផ្សាយអប់រំ យន្ដការដែលរដ្ឋាភិបាលបានធ្វើដូចជាយន្ដការ ពិគ្រោះយោបល់ជាមួយស្ដ្រីកុមារ នៅតាមថ្នាក់ឃុំ សង្កាត់ ស្រុក និងរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ក៏មានដែរ ក៏ប៉ុន្ដែយន្ដការអស់នោះមិនទាន់មានដំណើរការ ទាំងថ្នាក់ក្រោមជាតិ នឹងពុំសូវមានប្រសិទ្ធិភាពទាំងនៅថ្នាក់ជាតិផងដែរ»។
តាមទស្សនៈរបស់នាយិកាប្រតិបត្ដិអង្គការសីលកា យន្ដការដែលរាជរដ្ឋាភិបាលមាន នឹងមិនអាចអនុវត្ដបានទេ ប្រសិនបើរាជរដ្ឋាភិបាលមិនផ្ដល់កញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ មន្ដ្រីថ្នាក់ក្រោម យកមកអនុវត្ដការងារដើម្បីផ្ដល់ភាពស្នើគ្នារវាងស្ដ្រី និងបុរស ក្នុងសង្គមកម្ពុជា។
អង្គការសីលកា ត្រូវបានដាក់បញ្ចូលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមិនមាននិន្នាការនយោបាយ ដោយបង្កើតឡើងនៅខែមករា ឆ្នាំ១៩៩៧ ។ អង្គការមួយនេះ មានទស្សនវិស័យជួយ ឲ្យសង្គមកម្ពុជា ប្រកបដោយវិបុលភាព ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពរវាងស្ដ្រី និងបុរស ក្នុងការចូលរួមយ៉ាងសកម្មដូចគ្នា សម្រាប់អភិបាលកិច្ចល្អ។ អង្គការសីលកា មានគោលដៅអភិវឌ្ឍដើម្បីជំរុញការអនុវត្ដលទ្ធិប្រជាធិបតេយ្យ នៅក្នុងសង្គមកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងការថែទាំបរិស្ថាន និងយុត្ដិធម៌សង្គម៕