en     km
en     km

អង្គការ​សីល​កា​ ៖​ គិតដល់​ចុងឆ្នាំ​ 2017​ នេះ​ ស្ត្រី​នៅ​តែ​មិន​ទាន់​ទទួល​បាន​ឱកាស​ស្នើ​ នឹង​បុរស​

Share

​ភ្នំពេញ​ ៖​ នាយិកាប្រតិបត្ដិ​អង្គការ​ សីល​កា​ បង្ហាញ​ការ​មើលឃើញ​ថា​ មក​ដល់​ឆ្នាំ​២០១៧​នេះ​ ស្ដ្រី​នៅ​តែ​មិន​ទាន់​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ ស្នើ​នឹង​បុរស​ ទោះបី​រដ្ឋាភិបាល​មាន​គោលនយោបាយ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ ប៉ុន្ដែ​សកម្មភាព​ហាក់​នៅ​មាន​កម្រិត​។​

​លោក​ លៀ​ ស៊ី​ណា​ ជួន​សេចក្ដីរាយការណ៍​៖​

អង្គការ​សីល​កា​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ មាន​ទស្សនវិស័យ​ ដើម្បី​ឲ្យ​សង្គម​កម្ពុជា​ ប្រកបដោយ​វិបុលភាព​ ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រវាង​ស្ដ្រី​ និង​បុរស​ ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ដូច​គ្នា​សម្រាប់​កិច្ចការ​សង្គម​ បាន​បង្ហាញ​ការ​មើលឃើញ​របស់​ខ្លួន​ថា​ រហូត​មក​ដល់​ឆ្នាំ​២០១៧​នេះ​ ស្ដ្រី​នៅ​តែ​មិន​ទាន់​ទទួល​បាន​ភាព​ស្នើ​គ្នា​ ជាមួយនឹង​បុរស​ ក្នុង​ការ​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​សង្គម​។​

​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​កា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ថា​ ក្នុង​ឆ្នាំ​២០១៧​នេះ​ អង្គការ​សីល​ការ​ បាន​ធ្វើ​ការងារ​មួយ​ចំនួន​ មាន​ជា​អាទិ៍​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​យុវជន​ពិសេស​ស្ដ្រី​ ស្ដី​ពី​ការ​ស្នើ​ភាព​គ្នា​រវាង​សិទ្ធិ​ស្ដ្រី​ និង​បុរស​ ក៏​ដូច​ជា​ការ​ជួយ​ស្ដ្រី​ ក្នុង​បរិបទ​ស្ដ្រី​ប្រទេស​កម្ពុជា​។​ លើស​ពី​នេះ​អង្គការ​សីល​កា​ ក៏​បាន​បង្រៀន​ដល់​សកម្មជន​ និង​បេក្ខជន​បុរស​ នារី​ ជា​ក្រុមប្រឹក្សា​ឃុំ​ នៅ​ក្នុង​ខេត្ដ​ចំនួន​ពីរ​ គឺ​ខេត្ដកណ្ដាល​ និង​ខេត្ដ​ត្បូងឃ្មុំ​។​ បន្ថែម​ពី​នេះ​ ក៏​មានការ​បង្រៀន​ដល់​ក្រុមប្រឹក្សា​ឃុំ​ ស្ដី​ពី​គណនេយ្យ​ភាព​សង្គម​ ក្នុង​ខេត្ដកណ្ដាល​ និង​ខេត្ដកំពង់ធំ​ផង​ដែរ​។​

​ឆ្លងកាត់​សកម្មភាព​ការងារ​របស់​ខ្លួន​រយៈពេល​មួយ​ឆ្នាំ​នេះ​ នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​កា​ មើលឃើញ​ថា​ ស្ដ្រី​នៅ​តែ​មិន​មានឱកាស​ ដោយ​ខ្វះ​ការ​យកចិត្ដទុកដាក់​ និង​ខ្វះ​ការ​គាំពារ​ជាក់លាក់​ ដើម្បី​ឲ្យ​ស្ដ្រី​អាច​ឈាន​ជើង​ចូល​ក្នុង​សង្គម​ដើម្បី​បង្ហាញ​សមត្ថភាព​ប្រកួតប្រជែង​ស្នើ​នឹង​បុរស​។​

​លោកស្រី​ ធីតា​ ឃឹះ​ ៖«​ស្ដ្រី​យើង​មិន​ទាន់​ទទួល​បាន​ឱកាស​គ្រប់គ្រាន់​ ដើម្បី​អនុវត្ដ​អ្វី​ដែល​គាត់​ចេះ​ អ្វី​ដែល​គាត់​ចង់​ ហើយ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​។​ អ​ញ្ចឹ​ង​ទៅ​គឺ​ត្រូវការ​ឱកាស​អ្នក​នៅ​ជុំវិញ​ខ្លួន​ នៅ​ក្នុង​ស្ថាប័ន​ ក៏​ដូច​ជា​ ក្នុង​គ្រួសារ​ ក៏​ដូច​ជា​ ថ្នាក់​ជាតិ​ដែរ​ ដែល​ត្រូវ​បើកឱកាស​ដល់​ស្ដ្រី​»​។​

​លោកស្រី​ ធីតា​ ឃឹះ​ បន្ដ​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ គម្លាត​ នៃ​ភាព​ស្នើ​គ្នា​រវាង​ស្ដ្រី​ និង​បុរស​ គឺ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ឡើង​វិញ​ពី​អនុសញ្ញា​ Cedaw​ ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កន្លង​មក​ ជុំវិញ​ការ​លុប​បំបាត់​រាល់​ការ​រើសអើង​ចំពោះ​ស្ដ្រី​ និង​ការ​ផ្ដល់​ឱកាស​ឲ្យ​ស្ដ្រី​ទទួល​បាន​នូវ​ភាព​ស្នើ​គ្នា​ជាមួយ​បុរស​យ៉ាង​ពិតប្រាកដ​ ដែល​មិនមែន​មាន​ត្រឹមតែ​ក្នុង​ច្បាប់​នោះ​ គឺ​ត្រូវ​តែ​មាន​សកម្មភាព​ជាក់ស្ដែង​។​ យ៉ាងណា​លោកស្រី​ កត់​សម្គាល់ថា​ រាជរដ្ឋាភិបាល​ក៏​មាន​សកម្មភាព​ខ្លះ​ដែរ​ ជុំវិញ​ការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ និង​ការ​ផ្ដល់​ឱកាស​ ក៏​ប៉ុន្ដែ​លោក​យល់​ថា​ គឺ​នៅ​តិច​តូច​នៅឡើយ​។​

​លោកស្រី​ ធីតា​ ឃឹះ​៖«​គាត់​បាន​ធ្វើ​មួយ​ចំនួន​ដែរ​ ប៉ុន្ដែ​វា​ មិន​ទាន់​ច្រើន​គ្រប់គ្រាន់​។​ ការងារ​ខាង​ផ្នែក​ផ្សព្វផ្សាយ​អប់រំ​ យន្ដការ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដូច​ជា​យន្ដការ​ ពិគ្រោះ​យោបល់​ជាមួយ​ស្ដ្រី​កុមារ​ នៅ​តាម​ថ្នាក់​ឃុំ​ សង្កាត់​ ស្រុក​ និង​រាជធានី​ ខេត្ដ​ ក្រុង​ ស្រុក​ ខណ្ឌ​ ក៏​មាន​ដែរ​ ក៏​ប៉ុន្ដែ​យន្ដការ​អស់នោះ​មិន​ទាន់​មានដំណើរ​ការ​ ទាំង​ថ្នាក់​ក្រោម​ជាតិ​ នឹង​ពុំ​សូវ​មាន​ប្រសិទ្ធិ​ភាព​ទាំង​នៅ​ថ្នាក់​ជាតិ​ផង​ដែរ​»​។​

​តាម​ទស្សនៈ​របស់​នាយិកា​ប្រតិបត្ដិ​អង្គការ​សីល​កា​ យន្ដការ​ដែល​រាជរដ្ឋាភិបាល​មាន​ នឹង​មិន​អាច​អនុវត្ដ​បាន​ទេ​ ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​ផ្ដល់​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ មន្ដ្រី​ថ្នាក់​ក្រោម​ យក​មក​អនុវត្ដ​ការងារ​ដើម្បី​ផ្ដល់​ភាព​ស្នើ​គ្នា​រវាង​ស្ដ្រី​ និង​បុរស​ ក្នុង​សង្គម​កម្ពុជា​។​

​អង្គការ​សីល​កា​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ ដែល​មិន​មាន​និន្នាការ​នយោបាយ​ ដោយ​បង្កើត​ឡើង​នៅ​ខែមករា​ ឆ្នាំ​១៩៩៧​ ។​ អង្គការ​មួយ​នេះ​ មាន​ទស្សនវិស័យ​ជួយ​ ឲ្យ​សង្គម​កម្ពុជា​ ប្រកបដោយ​វិបុលភាព​ ជាមួយនឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រវាង​ស្ដ្រី​ និង​បុរស​ ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ដូច​គ្នា​ សម្រាប់​អភិបាលកិច្ច​ល្អ​។​ អង្គការ​សីល​កា​ មាន​គោលដៅ​អភិវឌ្ឍ​ដើម្បី​ជំរុញ​ការ​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​ នៅ​ក្នុង​សង្គម​កម្ពុជា​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​ ដែល​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ រួម​ទាំង​ការ​ថែទាំ​បរិស្ថាន​ និង​យុត្ដិធម៌​សង្គម​៕

Share

Image
Image
Image