ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ប្រាប់ដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ពីការឆ្លងជំងឺផ្ដាសាយបក្សី H5N1 ដែលទើបតែផ្ទុះឡើងនៅខេត្តកំពង់ចាម និងខេត្ដកំពង់ធំ កាលពីពេលថ្មីៗនេះ។ ជុំវិញរឿងនេះ អាជ្ញាធរខេត្ដកំពង់ចាម បញ្ជាក់ថា អ្នកជំនាញបានចុះត្រួតពិនិត្យតាមកសិដ្ឋានចិញ្ចឹមមាន់ និងបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងដែលមានផ្ទុះ ជំងឺផ្ដាសាយបក្សីនេះរួចរាល់ហើយ។
លោក លៀ ស៊ីណា រាយការណ៍៖
កាលពីសប្ដាហ៍មុន មានករណីឆ្លងជំងឺផ្ដាសាយបក្សី H5N1 ទៅលើសត្វមាន់ចំនួន ៣០ក្បាល ស្ថិតក្នុងភូមិត្រពាំឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្ដកំពង់ចាម បង្កឲ្យពលរដ្ឋមានការបារម្ភជាខ្លាំងពីការឆ្លងជំងឺកាចសាហាវមួយនេះ មកលើមនុស្ស។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្ដកំពង់ចាម បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រីដឹងថា លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា សត្វមាន់ទាំង ៣០ក្បាលនោះ គឺពិតជាបានឆ្លងជំងឺផ្ដាសាយបក្សី H5N1 ពិតមែន។ ក៏ប៉ុន្ដែមិនបានឆ្លងដល់មនុស្សឡើយ។ លោកបន្ដថា ពេលនេះអាជ្ញាធរ បានចុះទៅផ្សព្វផ្សាយប្រាប់ពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្ន និងប្រាប់ពីវិធីការពារ ក៏ដូចជាបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងដែលមានសត្វមាន់ឆ្លងវីរុសនេះ។ លោកបន្តថា អាជ្ញាធរក៏បានបានចុះទៅដល់កសិដ្ឋានផ្សេងទៀតដែលនៅក្បែរៗនោះ ដើម្បីចាក់ថ្នាំការពារដល់សត្វមាន់ និងបាញ់ថ្នាំសម្លាប់មេរោគផងដែរ។
លោក គឹម សាវឿន៖«យើងបានលទ្ធផលហើយ គឺមានផ្ទុកជំងឺផ្ដាសាយបក្សី ហើយយើងបានចាត់វិធានការចុះទៅដល់គោលដៅនោះរួចអស់ហើយ។ យើងមានការផ្សព្វផ្សាយ បាញ់ថ្នាំការពារ ហើយនឹងចាត់វិធានការបន្ដ ហើយបានសហការជាមួយព្រះរាជអាជ្ញា អាជ្ញាធរខេត្ដ ស្រុក ហើយឃុំ រួមជាមួយជំនាញ សុខាភិបាលដែរ យើងបានចុះធ្វើការពីរថ្ងៃ បីថ្ងៃហើយ»។
ទាក់ទិនករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ចាម លោក គឹម សួរភិរុណ មានប្រសាសន៍ថា មន្ដ្រីជំនាញរបស់មន្ទីរសុខាភិបាលខេត្ដ បានចុះទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋតាមភូមិ និងសាលារៀន ដើម្បីពន្យល់ អំពីរោគសញ្ញា នៃការឆ្លងជំងឺផ្ដាសាយបក្សីមកមនុស្ស ដើម្បីឲ្យពួកគាត់មានវិធានការទប់ទល់ កុំឲ្យមានការឆ្លងវីរុសផ្ដាសាយបក្សី មកមនុស្ស។
លោក គឹម សួរភិរុណ៖«មន្ដ្រីជំនាញរបស់មន្ទីរសុខាភិបាល ជាមួយនឹងមណ្ឌលសុខភាព បានចុះអប់រំផ្សព្វផ្សាយ ជួនប្រជាពលរដ្ឋអំពីរោគសញ្ញា និងការឆ្លងជំងឺផ្ដាសាយបក្សីមកមនុស្សហ្នឹងដើម្បីគាត់មានវិធានការទប់ទល់កុំឲ្យឆ្លង។ អញ្ចឹងគឺខាងសុខាភិបាល គឺខ្ញុំបានធ្វើការអប់រំផ្សព្វផ្សាយចុះតាមភូមិ តាមសាលារៀន ហើយរហូតមកដល់ពេលនេះ យើងអត់មានមនុស្សណាម្នាក់ឆ្លងជំងឺផ្ដាសាយបក្សីទេ»។
សូមរម្លឹកថា ជំងឺផ្ដាសាយបក្សី H5N1 បានកើតឡើងជាបន្ដបន្ទាប់ និងបានវាយប្រហារទៅលើសត្វមាន់ ក្នុងខេត្ដចំនួនពីរ ដែលមានដូចជា ខេត្ដកំពង់ចាម និងខេត្ដកំពង់ធំ ក៏ប៉ុន្ដែវីរុសនេះ មិនទាន់មានករណីឆ្លងមកមនុស្សនៅឡើយទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា ជំងឺផ្ដាសាយបក្សីបានកើតឡើងទៅលើសត្វ នៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្ដកំពង់ចាម និងស្រុកស្ទោង ខេត្ដកំពង់ធំ។
ដោយសារករណីនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងជំងឺនេះ ជាពិសេសក្នុងពិធីបុណ្យផ្សេងៗ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ដោយមិនត្រូវយកសត្វមាន់ ទា ឬសត្វបក្សីឈឺ ឬងាប់ មកធ្វើជាម្ហូបអាហារ ឬលក់បន្ដនោះទេ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់មន្ដ្រីជំនាញ នៅក្នុងករណីមានសត្វមាន់ សត្វទា ឈឺ ងាប់ជាបន្ដបន្ទាប់។
តាមក្រសួងសុខាភិបាល អ្នកដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥អង្សារសេ និងមានរោគសញ្ញា ក្អក ឬឈឺក ឬក៏ដកដង្ហើមហត់ ហើយមានប្រវត្ដិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ថ្ងៃមុនពេលចេញរោគសញ្ញា ចាត់ទុកថា ជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតដើម្បីធ្វើការព្យាបាល ឬទាក់ទងទៅកាន់ទួរស័ព្ទលេខ ១១៥។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១៤ ក្នុងប្រទេសកម្ពុជា ជំងឺផ្ដាសាយបក្សីបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះមាន ៣៧ករណីបានស្លាប់ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។ នៅក្នុងឆ្នាំ ២០១៣ មានករណីមនុស្សឆ្លងជំងឺផ្ដាសាយបក្សីចំនួន ២៦ករណី ហើយបង្កឲ្យស្លាប់ ១៤ករណី និងនៅក្នុងឆ្នាំ២០១៤ មានករណីមនុស្សឆ្លងជំងឺផ្ដាសាយបក្សីចំនួន ៩ករណី និងបានបង្កឲ្យស្លាប់ចំនួន ៤ករណី៕