ភ្នំពេញ៖អាជ្ញាធរបានរកឃើញប្រាសាទបុរាណមួយមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុកាលរាប់រយឆ្នាំនៅក្នុងព្រៃជ្រៅស្ថិតក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងកាលពីថ្ងៃម្សិលមិញ។
លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូកបានប្រាប់វិទ្យុស្ត្រីថាកម្លាំងអាជ្ញាធរស្រុកសៀមបូកបានរុករកប្រាសាទបុរាណកប់នៅក្នុងព្រៃបន្ទាប់ពីប្រជាពលរដ្ឋដំណាលតគ្នាអំពីការរកឃើញប្រាសាទនេះ។
លោក ថោង ស្រាន់ បញ្ជាក់ថាប្រាសាទបុរាណនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ប៉ុន្តែអ្វីដែលអាជ្ញា ធររកឃើញមានតួប្រាសាទ ឃឿនថ្មប្រាសាទ ដីឥដ្ឋនិងថ្មយោនីនៅតំបន់អូរក្រាក់ចំងាយប្រមាណ៥០គីម៉ែត្រពីខេត្តស្ទឹងត្រែង។
លោក ស្រាន់ អភិបាលស្រុកសៀមបូកបានដាក់កម្លាំងការពារតំបន់ប្រាសាទព្រោះអាជ្ញារមានការព្រួយបារម្ភអំពីជីកយកវត្ថុបុរាណនិងការកាប់រានព្រៃជុំវិញតំបន់ប្រាសាទ។ លោកអះអាថា អាជ្ញាធរមានបំណងអភិរក្សប្រាសាទបុរាណជាតំបន់ទេសចរណ៍នៅពេលអនាគត។«យើងត្រែងអរណាស់ដោយសាររកឃើញប្រាសាទយើងនឹងខិតខំរៀបចំអភិរក្សអភិវឌ្ឍន៍ឡើងនូវតួប្រាសាទបុរាណរបស់យើង។»
លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងឲ្យដឹងថាមន្ទីរវប្បធម៌បានដឹងអំពីការរកឃើញប្រាសាទបុរាណ។ប៉ុន្តែលោកស្រីមិនទាន់អាចធ្វើអត្ថាធិប្បាយលម្អិតនៅឡើយទេព្រោះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមិនទាន់ចុះទៅធ្វើការសិក្សាស្រាវជ្រាវដោយសារមិនទាន់មានផ្លូវចូល៕