ភ្នំពេញ ៖ ក្រសួងការងារកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ នេះ បានបញ្ជូនស្ដ្រី បម្រើតាមផ្ទះចំនួន ១៤នាក់ទៅកាន់ទីក្រុងហុងកុង ប្រទេសចិន ដែលជាការចាប់ផ្ដើមជាលើកដំបូងនៅពេលនេះ។ ក្រសួងការងារ បានអះអាងថា ការបញ្ជូនស្ត្រីខ្មែរទៅ បម្រើការងារតាមផ្ទះនេះ គឺមានយន្ដការនិង អនុស្សរណៈយោគយល់គ្នាច្បាស់លាស់ទើបរដ្ឋាភិបាលអនុវត្តដូចនេះ។
លោក លៀ ស៊ីណា រាយការណ៍៖
ស្ដ្រីខ្មែរ ទាំង ១៤នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងហុងកុង ក្រោយពីពួកគេបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ខែ ពីការអនុវត្ដការងារ ជាជំនួយការមេផ្ទះ។
លោក ងុយ រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់អ្នកសារព័ត៌មាន នៅអាកាយានដ្ឋានអន្ដរជាតិភ្នំពេញ មុនពេលនាំកម្មការិនី ចេញទៅទីក្រុងហុងកុងថា ស្ដ្រីខ្មែរ ដែលទៅបម្រើការងារ នៅទីក្រុងហុងកុងនេះ គឺមានរយៈពេល ២ឆ្នាំ ហើយអាចបន្ដកិច្ចសន្យាការងារបន្ដទៀត ប្រសិនបើនិយោជក ក៏ដូចជាកម្មការិនី ពេញចិត្ដធ្វើការបន្ដទៀត។ លោកបានបន្ថែមទៀតថា ពលការិនីដែលទៅកាន់ទីក្រុងហុងកុងនេះ ពួកគេនឹងទទួលបានប្រាក់បៀវត្សចំនួន ៥៧០ដុល្លារក្នុងមួយខែ រួមផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗ រាប់ទាំងការស្នាក់នៅ និងគ្រោះថ្នាក់ការងារ។
តាមអគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ មូលហេតុ ដែលក្រសួងអនុញ្ញាតឲ្យមានការបញ្ជូលពលការិនី ទៅទីក្រុងហុងកុង ពីព្រោះទីនោះមានការអនុវត្ដច្បាប់តឹងរ៉ឹង ដែលមុនពេលអនុញ្ញាតឲ្យនិយោជកទទួលយកពលករបរទេសទៅធ្វើការ គឺអាជ្ញាធររបស់ទីក្រុងនេះ បានតម្រូវឲ្យនិយោជក មានការតម្កល់ប្រាក់ និងរៀបចំទីកន្លែងសមស្រប សម្រាប់ពលករបរទេសត្រឹមត្រូវមុនទទួលបានពលករ និងមួយវិញទៀតទីក្រុងហុងកុង បានផ្ដល់សិទ្ធិដល់ពលករក្រៅប្រទេស ដូចនឹងពលរដ្ឋរបស់គេដែរ។
លោក ងុយ រិទ្ធ ៖«ច្បាប់របស់ហុងកុង គឺផ្ដល់សិទ្ធិសេរីភាព ហើយនឹងការការពារពលករបរទេសហ្នឹង ដូចពលកររបស់ហុងកុងហ្នឹង ហើយពលកររបស់ប្រទេសដទៃ គឺមានសិទ្ធិស្នើគ្នា គឺដូចគ្នា មិនខុសគ្នាទេ»។
ជាមួយគ្នានេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ បន្ដថា ក្រសួងនឹងធ្វើការបញ្ជូនពលការិនីទៅកាន់ទីក្រុងហុងកុង មួយលើកទៀតនាពេលខាងមុខ។
ជុំវិញរឿងនេះ អ្នកស្រី អ៊ុំ ណារ័ត្ន ភ្នាក់ងារផ្សព្វផ្សាយជ្រើរើសពលករ របស់ក្រុមហ៊ុន អេលីត មេនផាវ័រ អេជិនស៊ី ដែលមានពលការិនីចំនួន ៦នាក់ ក្នុងចំណោមពលការិនី ៨នាក់ផ្សេងទៀតមកពីក្រុមហ៊ុន អ៊ឹងរិទ្ធីគ្រុប បាននិយាយថា ក្រុមហ៊ុន គឺមានការធានា ១០០ភាគរយពីសុវត្ថិភាពរបស់ស្ដ្រីខ្មែរ ដែលទៅបម្រើការងារនៅទីក្រុងហុងកុង ដែលនឹងមិនមានបញ្ហាប្រឈមដូចការដែលស្ដ្រីទៅបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីនោះទេ។
អ្នកស្រី អ៊ុំ ណារ័ត្ន៖«ចា លក្ខណៈពិសេសនៅខាងហុងកុងគឺល្អជាងម៉ាឡេស៊ី ដោយសារឯកសារទាំងអស់ ក្រុមហ៊ុនទុកឲ្យនូវដៃយើងអ្នកកាន់ផ្ទាល់ ហើយទៅដល់នោះមានច្បាប់ការងារឲ្យយើងឈប់១ខែ ៤ថ្ងៃ ហើយទៅដល់គេបើកសិទ្ធិឲ្យយើងទាក់ទងមកក្រុមគ្រួសារជារឿងរាល់ថ្ងៃ»។
ដូចគ្នានេះដែរ កញ្ញា សេង ផាត់តាម៉ា បុគ្គលិកទទួលបន្ទុកផ្នែកធនធានមនុស្ស ក្រុមហ៊ុន អ៊ឹងរិទ្ធីគ្រុប បានិយាយថា ការចេញទៅធ្វើការងារនៅទីក្រុងហុងកុងរបស់ស្ដ្រីខ្មែរនាពេលនេះ កញ្ញាជឿជាក់ថា នឹងមិនមានបញ្ហាអ្វីកើតឡើងទេ ព្រោះក្រុមហ៊ុនកញ្ញា បានរៀបចំឯកសារជាក់លាក់ ដែលមានការដឹងឮ គ្រប់ភាគី មិនថា ក្រសួងការងារកម្ពុជា ក៏ដូចជាអាជ្ញាធរនៃទីក្រុងហុងកុង។
កញ្ញា សេង ផាត់តាម៉ា ៖«ចំពោះទីផ្សារទៅហុងកុងនេះ ខ្ញុំជឿជាក់ថា នឹងមិនមានបញ្ហាអីកើតឡើងទេ ដោយសារតែយើងបានរៀបចំនៅច្បាប់ក៏ដូចជា លក្ខខណ្ឌកិច្ចសន្យាទាំងខាង់យើងក៏ដូចជានៅខាងហុងកុងដែរ ហើយជាពិសេសក៏មានការត្រួតពិនិត្យពីក្រសួងការងារដែរ ដូច្នេះខ្ញុំជឿជាក់ថាអត់មានទេ»។
ការអះអាងរបស់កញ្ញា ផាត់តាម៉ា ដូចនេះ ពីព្រោះក្រុមហ៊ុន អ៊ឹងរិទ្ធីគ្រុប ទើបតែបានបញ្ជូនពលការិនីបម្រើតាមផ្ទះទៅកាន់ទីក្រុងហុងកុងកាលពីប៉ុន្មានខែមុន ដែលកញ្ញាបញ្ជាក់ថា ពួកគេគ្មានបញ្ហាប្រឈមអ្វីកើតឡើងនោះទេ។
ក្នុងបទសម្ភាសកន្លងមក ជាមួយវិទ្យុស្ត្រី អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ថា ក្រុងហុងកុងត្រូវការកម្លាំងពលករពីប្រទេសផ្សេងៗ មកបម្រើការងារជាស្ត្រីមេផ្ទះ ចំនួន មួយពាន់នាក់ ៕