របបអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណជាទៀងទាត់ រក្សាទម្ងន់រាងកាយធម្មតានិងជៀសវាងការប្រើប្រាស់ថ្នាំជក់គឺជាមធ្យោបាយដើម្បីបង្ការឬបង្អាក់ការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមប្រភេទទី២។នេះបើតាមអ្នកឯកទេសជំងឺទឹកនោមផ្អែក។
តើជំងឺទឹកនោមផ្អែមជាជំងឺប្រភេទអ្វី?
បើយោងតាមអង្គការសុខភាពពិភពលោក(WHO)បានពន្យល់ថាជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងនៅពេលដែលលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ឬនៅពេលដែលរាងកាយមិនអាចប្រើអាំងស៊ុយលីនដែលវាផលិតបានយ៉ាងមានប្រសិទ្ធភាព។អាំងស៊ុយលីនគឺជាអ័រម៉ូនមួយដែលគ្រប់គ្រងជាតិស្ករនៅក្នុងឈាម។
បើតាម WHOជាតិស្ករក្នុងឈាមគឺជាផលប៉ះពាល់ទូទៅនៃជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានហើយដំណាក់កាលបន្ទាប់វាធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធជាច្រើនរបស់រាងកាយមនុស្ស ជាពិសេសសរសៃប្រសាទនិងសសៃឈាម។
តាមប្រភពដដែលរោគសញ្ញាគេអាចរាប់បញ្ចូលទាំងការបន្ទោបង់ច្រើនហួសប្រមាណ ស្រេកទឹក ការមិនសូវឃ្លានអាហារ ការសម្រកទម្ងន់ និងភាពអស់កម្លាំងដែលរោគសញ្ញាទាំងនេះអាចកើតឡើងភ្លាមៗ។
គេពិតជាលំបាក ហាមឃាត់មនុស្សមិនឱ្យទទួលទានច្រើនពេក ផឹកស្រាឬភេសជ្ជៈច្រើនពេកនៅថ្ងៃឈប់សម្រាក ហើយវាកាន់តែពិបាកនៅពេលមនុស្សតមអាហារនិងស្រាកំពុងមានបញ្ហាជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹក នោមផ្អែមនេះជាដើម។
អ្នកជំនាញចំណីអាហារនិងពេទ្យជំនាញជំងឺទឹកនោមផ្អែមបានបង្ហាញពីគន្លឹះមួយចំនួនដើម្បីរក្សាជាតិស្ករក្នុងឈាមមានស្ថិរភាព។នេះបើយោងតាមគេហទំព័រសុខភាពឈ្មោះCleveland Clinic។
គេហទំព័រសុខភាព Cleveland Clinic ផ្ដល់ជាអនុសាសន៍ថាអ្នកជំងឺត្រូវព្យាយាមចូលដេកនិងងើបពីដេកឲ្យបានទៀងទាត់ ការទទួលទានអាហារអនាម័យល្អ ការលំហាត់ប្រាណជាមធ្យម៣០នាទីក្នុងមួយថ្ងៃ ស្របពេលដែលយើងដឹងថាមានជំងឺទឹកនោមផ្អែម។ពិសេសត្រូវលេបថ្នាំជំងឺទឹកនោមផ្អែមជាប្រចាំ។
គេហទំព័រសុខភាព Cleveland Clinic បន្ថែមថា ប្រសិនបើអ្នកប្រើថ្នាំអាំងស៊ុយលីន (insulin) ឬ ថ្នាំបន្ថយជាតិស្ករក្នុងឈាម សូមអ្នកពិនិត្យមើលជាតិស្ករក្នុងឈាមឱ្យបានញឹកញាប់ដោយវេជ្ជបណ្ឌិតជំនាញ។
គេហទំព័រដដែលពន្យល់ថាការទទួលទានស្រាក្នុងកម្រិតមធ្យមអាចមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាមតែមិនត្រូវផឹកស្រាដោយមិនទាន់ទទួលទានអាហារនោះទេ។អ្នកត្រូវប្រាកដថាការពិនិត្យមើលជាតិស្ករឱ្យបានញឹកញាប់ក្រោយពីផឹកស្រា។
ពេទ្យជំនាញផ្តល់ការណែនាំអំពីការទទួលទានស្រាសម្រាប់ស្ត្រីគឺទទួលបានមួយកំប៉ុង ក្នុងមួយថ្ងៃ។បើមនុស្ស ប្រុសវិញអាចទទួលទានបាន២កំប៉ុងក្នុងមួយថ្ងៃ។
យោងតាមការរកឃើញរបស់WHO មនុស្សដែលមានជំងឺទឹកនោមផ្អែមបានកើនឡើងពី១០៨លាននាក់នៅឆ្នាំ១៩៨០កើនដល់៤២២លាននាក់នៅឆ្នាំ២០១៤។អត្រាកើតជំងឺទឹកនោមផ្អែមទូទាំងពិភពលោកក្នុងចំណោមពេញវ័យមានអាយុចាប់ពី១៨ឆ្នាំកើនឡើងពី៤,៧ភាគរយក្នុងឆ្នាំ១៩៨០ដល់៨,៥ភាគរយក្នុងឆ្នាំ២០១៤។
ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងបណ្តាលឲ្យភាពពិការភ្នែក ខ្សោយតំរងនោម ការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាលនិងការកាត់អវយវៈជើង។ក្នុងឆ្នាំ២០១៥ ការប៉ាន់ស្មានប្រមាណ១,៦លាននាក់ត្រូវបានបង្កឡើងដោយផ្ទាល់ពីជំងឺទឹកនោមផ្អែម។ មនុស្ស២លាន២សែននាក់ទៀតបានស្លាប់ដោយសារជំងឺទឹកនោមផ្អែមក្នុងឆ្នាំ២០១២។
តាមគេហទំព័រសុខភាព Cleveland Clinic ស្ទើរតែពាក់កណ្តាលនៃការស្លាប់ទាំងអស់បង្កឡើងដោយជាតិស្ករក្នុងឈាមខ្ពស់ហើយកើតមានឡើងមុនអាយុ៧០ឆ្នាំ។
អង្គការសុខភាពពិភពលោកព្យាករណ៍ថាជំងឺទឹកនោមផ្អែមនឹងក្លាយជាមូលហេតុឈានមុខគេទី៧នៃការស្លាប់នៅឆ្នាំ២០៣០៕