en     km
en     km

អង្គការ​ ILO​ និង​ក្រសួង​ការងារ​ លើក​ឡើង​អំពី​បញ្ហា​មួយ​ចំនួន​ដែល​កម្មការិនី​ជួប​ការ​លំបាក​

Share

​ភ្នំពេញ​ ៖​ អង្គការ​ ILO​ បាន​លើកយក​ការ​រក​ឃើញ​របស់​ខ្លួន​អំពី​បញ្ហា​ប្រឈម​របស់​ស្ដ្រី​ក្នុង​វិស័យ​កាត់ដេរ​ ដែល​រង​ការ​រើសអើង​ពី​ក្រុម​និយោជក​ ក្រោយ​ពេល​ដែល​ពួក​គេ​មាន​ផ្ទៃពោះ​ មក​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ និង​សហជីព​ តំណាង​កម្មករ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​កិច្ច​ពិភាក្សា​រវាង​អង្គការ​ ILO​ ជាមួយ​ក្រសួង​ការងារ​ សមាគម​រោងចក្រ​កាត់ដេរ​ និង​សហជីព​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ នៅ​រាជធានី​ភ្នំពេញ​។​ ជំនួប​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រក​ដំណោះស្រាយ​សម​ស្រប​ សម្រាប់​ស្ដ្រី​ ក្នុង​វិស័យ​កាត់ដេរ​ ដែល​ភាគច្រើន​ពួ​គេ​ បាន​ជួប​ប្រទះ​ផល​លំបាក​ រង​ការ​រើសអើង​ ពី​ក្រុម​ថៅ​ បន្ទាប់​ពី​ពួក​គេ​មាន​ផ្ទៃពោះ​។​

​តាម​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ កិច្ច​ពិភាក្សា​នេះ​ បាន​ពិនិត្យ​មើលទៅ​លើ​បញ្ហា​ប្រឈម​នានា​ របស់​ស្ដ្រី​នៅ​ក្នុង​កន្លែង​ការងារ​ ដោយ​ផ្ដោត​ទៅ​លើ​ការ​លើកកម្ពស់​ស្ដ្រី​ និង​បង្កើត​គោលនយោបាយ​ថ្មី​បន្ថែម​ទៀត​ ដើម្បី​ការពារ​ស្ដ្រី​ ទប់ទល់​នឹង​ការ​រើសអើង​ផ្សេងៗ​ក្នុង​វិស័យ​ការងារ​។​ លោក​បន្ដ​ថា​ តាម​របាយការណ៍​របស់​អង្គការ​ ILO​ បាន​បង្ហាញ​ថា​ ស្ដ្រី​ រង​ការ​រើសអើង​ពី​និយោជក​ នៅ​ពេល​ពួក​គេ​មាន​ផ្ទៃពោះ​ ដូច​ជា​ករណី​បញ្ចប់​កិច្ចសន្យាការងារ​ និង​ការ​ដែរ​ កម្មការិនី​ម្រេច​ចិត្ដ​លាឈប់​ពី​ការងារ​ ព្រោះតែ​គ្មាន​អ្នក​ជួយ​មើលថែ​កូន​ក្រោយ​ពេល​សម្រាល​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បន្ថែម​ថា​ ការ​ពិភាក្សា​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ​ ដោយសារ​តែ​ខាង​ភាគី​ក្រសួង​ការងារ​ និង​សមាគម​រោងចក្រ​កាត់​ដែរ​ ស្នើ​ឲ្យ​មានការ​ស្រាវជ្រាវ​លម្អិត​ជាង​នេះ​បន្ថែម​ទៀត​ ពី​ព្រោះតែ​របាយការណ៍​របស់​អង្គការ​ ILO​ មិន​បាន​ធ្វើ​ឡើង​នៅ​គ្រប់​រោងចក្រ​ទូ​ទាំង​ប្រទេស​នោះ​ទេ​។​ ក៏​ប៉ុន្ដែ​តាម​ការ​មើលឃើញ​ជាក់ស្ដែង​វិញ​ គឺ​សម្រាប់​លោក​ ប៉ាវ​ ស៊ី​ណា​ បញ្ហា​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ​ ខណៈ​កំពុង​បំពេញការងារ​ និង​ក្រោយ​ពេល​សម្រាលកូន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែល​។​ លោក​ថា​ និយោជក​នៅ​តែ​រើសអើង​លើ​ស្ដ្រី​មាន​ផ្ទៃពោះ​ ពីព្រោះ​កាលណា​ស្ដ្រី​មាន​ផ្ទៃពោះ​ សកម្មភាព​ការងារ​របស់​គាត់​ នឹង​ថយ​ចុះ​ជាង​មុន​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ៖«​បញ្ហា​ស្ដ្រី​សម្រាលកូន​នៅ​តែ​ជា​បញ្ហា​កង្វល់​ដដែល​ ហើយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ព្រោះថា​ និយោជក​មែនទែន​ទៅ​គាត់​មិន​សប្បាយចិត្ដ​ទេ​ចំពោះ​កម្មករ​ដែល​គាត់​សម្រាលកូន​ ឬ​ដែល​មានគភ៌​នោះ​។​ បាន​ន័យ​ថា​ នៅ​ពេល​ដែល​គាត់​មានគភ៌​ហើយ​ សកម្មភាព​ការងារ​គាត់​ច្បាស់​ជា​មិន​អាច​រលូន​ មិន​អាច​លឿន​ មិន​អាច​ដេរ​ដូច​គេ​អ្នក​នៅ​លីវ​ទេ​។​ អ​ញ្ចឹ​ង​ហើយ​គាត់​ច្បាស់​ជា​យឺត​ ហើយ​និយោជក​ច្បាស់​ជា​ត្រូវ​យកចិត្ដទុកដាក់​ស្រប​ទៅ​តាម​ផ្លូវច្បាប់​ អ​ញ្ចឹ​ង​គាត់​ច្បាស់​ជា​ការ​ធុញទ្រាន់​ទៅ​លើ​ករណី​ហ្នឹង​ណាស់​ អ​ញ្ចឹ​បញ្ហា​ប្រឈម​ ច្បាស់​កើត​មាន​ហើយ​ ដូច​របាយការណ៍​ខាង​ ILO​ រក​ឃើញ​អ​ញ្ចឹ​ង​»​។​

​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ក្រៅ​តែ​ពី​ការ​បង្ហាញ​របាយការណ៍​របស់​អង្គការ​ ILO​ ខាង​ភាគី​សហជីព​ក៏​បាន​ស្នើ​ឲ្យ​មានការ​បន្ថែម​ពេលវេលា​ ឈប់​សម្រាក​សម្រាប់​ស្ដ្រី​សម្រាលកូន​ពី​ ៣​ខែ​ ឡើង​ទៅ​ដល់​ ៦​ខែ​ ដូច​ប្រទេស​មួយ​ចំនួន​ទៀត​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​កម្មការិនី​ មាន​ពេល​គ្រប់គ្រាន់​ថែទាំ​សុខភាព​មុន​ចាប់ផ្ដើម​ការងារ​។​ បន្ថែម​ពី​នេះ​សហជីព​ ក៏​សំណូម​ដល់​ក្រសួង​ការងារ​ ពង្រឹង​ការ​ចុះ​អនុវត្ដ​អធិការកិច្ច​តាម​រោងចក្រ​ឲ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ជួយ​ដល់​ស្ដ្រី​ ដែល​កំពុងធ្វើការ​ងារ​ក្នុង​វិស័យ​កាត់ដេរ​នេះ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ករណី​មួយ​ដែល​ក្រសួង​ការងារ​ ត្រូវ​ចាប់អារម្មណ៍​ និង​រៀបចំ​យុទ្ធសាស្ដ្រ​ជាក់ស្ដែង​ដើម្បី​ជួយ​ដល់​ស្ដ្រី​ក្នុង​វិស័យ​កាត់ដេរ​។​ អ្នកស្រី​មើលឃើញ​ថា​ ក្រុម​ថៅកែ​ និយោជក​ តែងតែ​ប្រកាស​ជ្រើសរើស​យក​ស្ដ្រី​ភាគច្រើន​បំផុត​ ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​ ក៏​ប៉ុន្ដែ​ក្រោយ​ពី​ស្ដ្រី​ចាប់ផ្ដើម​មានគភ៌​ ក្រុម​ថៅកែ​បែរជា​ បង្ហាញ​សកម្មភាព​រើសអើង​លើ​ស្ដ្រី​ ដោយ​ការ​ប្ដូរ​ក្រុមការងារ​ ឬ​ក៏​បញ្ចប់​កិច្ចសន្យាការងារ​ជាដើម​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​៖«​ជា​សំណូមពរ​របស់ខ្ញុំ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្នើ​សុំ​ឲ្យ​មានការ​លើកកម្ពស់​ស្ដ្រី​ ឲ្យ​បាន​ពិតប្រាកដ​ យកចិត្ដទុកដាក់​លើ​គាត់​ពិតប្រាកដ​ បង្រៀន​បណ្ដុះបណ្ដាល​គាត់​ លើកទឹកចិត្ដ​គាត់​ឲ្យ​គាត់​អាច​ដើរ​ផ្លូវ​ទៅ​មុខ​បាន​ យើង​មិន​ត្រូវ​មានការ​រើសអើង​ចំពោះ​គាត់​ទេ​។​ បើសិនណា​មិន​មានការ​យកចិត្ដទុកដាក់​ចំពោះ​គាត់​ទេ​ មិន​មានការ​ជំរុញ​ មិន​មានការ​លើកទឹកចិត្ដ​គាត់​ទេ​ ខ្ញុំ​គិត​ថា​ ស្ដ្រី​មិន​អាច​ឈរ​លើ​សង្វៀន​ដោយ​ស្មើមុខ​នឹង​បុរស​ទេ​»​។​

​ស្ដ្រី​ បាន​ចាក​ចេញពី​ភូមិ​ស្រុក​ មក​ស្វែងរក​ការងារ​ធ្វើ​តាម​រោងចក្រ​ ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ​របស់​ពួក​គេ​។​ ស្ដ្រី​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កាត់ដេរ​ មាន​ចំនួន​រហូត​ដល់​ជិត​ ៧០​ម៉ឺ​នាក់​ ខណៈ​កម្មករ​សរុប​ក្នុង​វិស័យ​កាត់ដេរ​នេះ​ មាន​ប្រមាណ​ជាង​ ៨០​ម៉ឺន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image