en     km
en     km

មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​៖​ស្ថានភាព​គ្រោះថ្នាក់​ដោយ​គ្រោះ​ធម្មជាតិ​​ឆ្នាំ​២០១៧​ថយ​ចុះ​

Share

ភ្នំពេញ​៖​យោង​តាម​របាយការណ៍​បឋម​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា​យ៉ាងតិច​ណាស់​មនុស្ស​ជាង​១០០​នាក់​ស្លាប់​និង​ជិត​១២០​នាក់​របួស​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​២០១៧​នេះ​។​

                                                    សត្វគោងាប់ដោយសាររន្ទះបាញ់។ប្រភព៖រូបភាពកម្ពុជា​ថ្មី

​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​២០១៧​នេះ​ ដូច​ជា​ខ្យល់ព្យុះ​ រន្ទះបាញ់​ ជំនន់​ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គ​សរុប​មាន​១៧៤​លើក​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់​ របួស​៥៥​នាក់​ ខូចខាត​ផ្ទះ​សរុប​៤៦០៦​ខ្នង​ក្នុង​ខូចខាត​ទាំង​ស្រុក​៥៧៩​ខ្នង​។​ចំណែក​សាលារៀន​របើក​ដំបូល​៤០​អាគារ​ និង​អាគារ​សាធារណៈ​របស់​រដ្ឋ​២៨​អាគារ​។​

គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ឆ្នាំ​នេះថយចុះជាងឆ្នំាមុនករណី​ខ្យល់​កន្ត្រាក់​ ឬ​ខ្យល់ព្យុះ​ បាន​កើត​មាន​ចំនួន​ ២៧៩​លើក​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ២១​នាក់​ របួស​ ១៩៣​នាក់​ ខូចខាត​ផ្ទះ​ ១៩៩៧​ខ្នង​។​ នេះ​បើ​តាម​ លោក​ កែវ​ វី​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​

​លោក​ កែវ​ វី​ បន្ថែម​ថា​ រីឯ​ករណី​រន្ទះបាញ់​ឆ្នាំ​២០១៧​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​គឺ​មាន​១៤៤​ករណី​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៨០​នាក់​និង​៦៤​របួស​និង​ងាប់​គោក្របី​៧៤​។​ខណៈ​ដែល​ករណី​រន្ទះបាញ់​ឆ្នាំ​មុន​ មាន​១៥៤​លើក​ ស្លាប់​មនុស្ស​ ១០៨​នាក់​ គោក្របី​៨០​ក្បាល​។​

​ផ្ទុយ​ទៅ​វិញ​គ្រោះ​ទឹកជំនន់​ឆ្នាំ​២០១៧​នេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់​ និង​១៧៣៤​គ្រួសារ​ជម្លៀស​ទៅ​ទួល​មាន​សុវត្ថិភាព​ ប៉ះពាល់​ផ្ទះ​ ជាង​១៤០០០​ខ្នង​ ខូចខាត​ស្រូវ​ ៣៤៥៦​ហិ​កតា​ និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ ៣៥៥​ហិ​កតា​ ខណៈ​គ្រោះ​ទឹកជំនន់​ឆ្នាំ​មុន​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ ៣​នាក់​ស្លាប់​ ប៉ះពាល់​ផ្ទះ​ ៩៥៤៦​ខ្នង​ ខូចខាត​ស្រូវ​ ៥២៩០​ហិ​កតា​ និង​ដំណាំ​រួម​ផ្សំ​ ៣៣២​ហិ​កតា​។​

​លោក​កែវ​ វី​ ៖​ «​នៅ​ក្នុងឆ្នាំនេះ​ យើង​សង្កេត​ឃើញ​ថា​ ករណី​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​មាន​តិចតួច​ទេ​បើ​ធៀប​នឹង​ពេល​ដែល​យើង​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ធំ​ម្តងៗ​ ហើយ​ការ​រង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​ រន្ទះបាញ់​អីហ្នឹង​ក្នុងឆ្នាំនេះ​គឺ​មានការ​ថយ​ចុះ​ច្រើន​ ប្រហែលជា​៥០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​»​។​

​បើ​ទោះជា​កម្ពុជា​ជួប​គ្រោះ​មហន្តរាយ​ដូច​ជា​ខ្យល់ព្យុះ​តិចតួច​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដូច​ជា​ប្រទេស​វៀតណាម​ ថៃ​ ហ្វី​លី​ពី​ន​ និង​ឥណ្ឌូ​នេ​ស៊ី​ជាដើម​នោះ​ តែ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ស្ថានភាព​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ច្រើន​។​

កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ឥទ្ធិ​ពល​របស់​ព្យុះ​ទី​២៧​ ឈ្មោះ​ TEMBIN​ ដែល​មាន​ឥទ្ធិពល​មើល​លើ​ប្រទេស​កម្ពុជា​ ដោយ​បង្ក​ឲ្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង​ លាយឡំ​ជាមួយនឹង​ភ្លៀង​ខ្លាំង​លើ​ផ្ទៃសមុទ្រ​ និង​តំបន់ឆ្នេរ​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស​។​ករណី​នេះ​ ក្រសួង​អំពាវនាវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ ពិសេស​ចំពោះ​​បងប្អូន​ប្រជា​នេសាទ​ គួរ​ផ្អាក​សកម្មភាព​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែធ្នូ​នេះ​ រហូត​ដល់​ស្ថានភាព​អាកាសធាតុ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​៕

Share

ព័ត៌មានទាក់ទង

Image