en     km
en     km

ឯកអគ្គរដ្ឋទូតអាមេរិក៖ស្រ្តីកម្ពុជានិងស្រ្តីអាមេរិកនៅមានចំនួនតិចតួចក្នុងវិស័យនយោបាយ

Share

ភ្នំពេញ៖ គេសង្កេតឃើញថាការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយមានការកើនទ្បើងជាងមុនបន្តិច។ ប៉ុន្តែបើធៀបនឹងបុរសគឺស្រ្តីនៅតែមានចំនួនតិចក្នុងឆាកនយោបាយ។ ការណ៍នេះទើបរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលលើកទឹកចិត្តស្រ្តីឱ្យចូលរួមក្នុងឆាកនយោ បាយឱ្យកាន់តែច្រើនថែមទៀត។

 

ទោះបីជាមានការគំាទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តី ដែលជំរុញឱ្យស្រ្តីចូលរួមប្រទ្បូកក្នុងវិស័យនយោបាយយ៉ាងណាក៏ដោយ តែគេនៅសង្កេតឃើញថាវត្តមានរបស់ស្រ្តីខ្មែរក្នុងវិស័យនយោបាយានៅតែមានចំនួនតិចនៅឡើយ។

កត្តានេះគេរកឃើញថាអាចមកពីស្រ្តីខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ឬអាចមកពីស្រ្តីខ្លួនឯងនៅមានការភ័យខ្លាចក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងឆាកនយោបាយ ឬក៏អាចមកពីគោលនយោបាយរបស់គណបក្សនីមួយៗមិនទាន់អាចផ្តល់សិទ្ធិស្រ្តីឱ្យចូលរួមក្នុងវិស័យនយោបាយឱ្យបានកាន់តែច្រើន។

ដោយសុំការប្រៀបធៀប រវាងស្រ្តីកម្ពុជា និង ស្ត្រីអាមេរិក ក្នុង វស័យនយោបាយ  ឯកអគ្គរដ្ឋ​ទូតសហរដ្ឋអាមេរិក ប្រចំាកម្ពុជា លោក Willam Heidt បានផ្តល់បទសម្ភាស ផ្តាច់មុខឱ្យវិទ្យុស្រ្តីដឹងនាពេលថ្មីៗនេះថា ការចូលរួមរបស់ស្រ្តីនៅក្នុងឆាកនយោបាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅអាមេរិកគឺនៅមានចំនួនតិចតួចនៅទ្បើយបើធៀបនឹងបុរស។

លោក Willam Heidt បានប្រៀបធៀបកម្ពុជាទៅនឹងអាមេរិកថាចំនួនស្រ្តីមានចំនួនតិចតួចនេះជាបញ្ហាមួយដែលអាមេរិកបានជួបដូចកម្ពុជាផងដែរ។ ឯកអគ្គរដ្ឋទូតរូបនេះបន្តថានៅអាមេរិកមាន៥០រដ្ឋ ​​​ហើយរដ្ឋមួយៗមានសមាជិកព្រឹទ្ធសភា២នាក់ ដូច្នេះ៥០រដ្ឋមាន១០០នាក់។

នៅក្នុងចំណោមសមាជិកព្រឹទ្ធសភា១០០នាក់នេះ មានស្រ្តីតែ២១នាក់ប៉ុណ្ណោះ ដែលមានស្រ្តីតែ២០ភាគរយប៉ុណ្ណោះជាសមាជិកព្រឹទ្ធសភាបើធៀបនឹងបុរស។

លោក Willam Heidt ៖«ខ្ញុំគិតថាជាការប្រសើរណាស់ប្រសិនបើមានស្រ្តី និងបុរសចម្រុះគ្នានៅក្នុងក្រុមហ៊ុនធំៗ នៅក្នុងរដ្ឋាភិបាល និងនៅក្នុងសភា»។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា លោក William A.Heidt

នាយិកាអង្គការសីលកា ដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តី លោកស្រី ធីតា ឃឹះ យល់ស្របការលើកទ្បើងនេះ។ លោកស្រីធីតា ឃឹះ បន្តថា ខណៈស្ថានភាពនយោបាយនាពេលចុងក្រោយនេះមានការផ្លាស់ប្តូរទៀតនោះ ស្រ្តីនឹងមានចំនួនកាន់តែតិចក្នុងការចូលរួមប្រទ្បូកក្នុងវិស័យនយោបាយ។

លោកស្រី បន្តថាទោះបីជាមានគណបក្សនយោបាយមួយចំនួនប្រកាសថាពួកគេបានលើកកម្ពស់ស្រ្តីឱ្យចួលរួមក្នុងវិស័យនយោបាយ តាម រយៈគោលនយោបាយរបស់ខ្លួនយ៉ាងណាក៏ដោយ តែលោកស្រីសង្កេតឃើញថាគោលនយោបាយនោះមិនបានអនុវត្តតាមការលើកទ្បើងនោះទេ។ ការណ៍នេះលោកស្រី សង្កត់ធ្ងន់ថា ដើម្បីឱ្យស្រ្តីអាចចូលរួមប្រទ្បូកក្នុងវិស័យនេះ ពិតប្រាកដនោះគឺភាគីពាក់ព័ន្ធត្រូវតែអនុវត្តនូវអ្វីដែលខ្លួនបានសន្យាដូចគោលទៅនឹងគោលនយោបាយដែលខ្លួនបានដាក់ចេញ។ «គ្រាន់តែ២៥% ៣០% ដែលយើងកំណត់កាលពីគោលដៅប្រចំាសហវត្សិ៍ យើងធ្វើអត់បាន ហើយឥលូវធ្លាក់កាន់តែជ្រៅទៅទៀត ដូច្នេះមានចំនួនតិច ហើយខ្វះគុណភាពទៅទៀត។ យើងជាហត្ថលេខីនៅក្នុងអនុសញ្ញាស៊ីដរ ដែលគេកម្រិតឱ្យយើងរៀបចំជាគោលនយោបាយពិសេសដើម្បីបើកឱកាសឱ្យស្រ្តីបានទទួលសន្លឹកឆ្នោតក្នុងការធ្វើការងារជាតំណាងនោះយើងមិនទាន់បាននៅទ្បើយនោះទេ ដូច្នេះរាប់សិបឆ្នំាមកហើយដែលតំាងពីបោះឆ្នោតមកយើងធ្វើអត់បានដូច្នេះត្រូវតែមានគោលនយោបាយ»។

ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត ធ្លាប់បានផ្តល់បទសម្ភាស ឱ្យវិទ្យុស្រ្តីដឹងថា គណបក្សរបស់លោកមិនបានរើសអើងស្រ្តីឱ្យចូលរួមប្រទ្បូកក្នុងវិស័យនយោបាយនោះទ្បើយ ។ផ្ទុយទៅវិញមានតែលើកតម្កើងឱ្យពួកគេចូលរួមប្រកួតប្រជែងយកតំណែងនៅក្នុងវិស័យនយោបាយ។ តែអ្នកនំាពាក្យរូបនេះទទូចថាទន្ទឹមនឹងការផ្តល់ឱកាសដល់ស្រ្តីដូចនេះ គឺស្រ្តីខ្លួនឯងក៏ត្រូវមានសមត្ថ ភាពក្នុងការចូលរួមប្រកួតប្រជែងផងដែរ។

បើតាមអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ គ.ជ.អ.ប និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ង៉ាន់ ចំរើន អះអាងថារដ្ឋាភិបាលមានផែនការយុទ្ធសាស្រ្តត្រៀមដាក់ស្រ្តីសម្រាប់មុខតំណែងថ្នាក់ដឹកនំាថ្នាក់មូលដ្ឋានសម្រាប់ឆ្នំាក្រោយ។

បើតាមលោក ង៉ាន់ ចំរៀន បច្ចុប្បន្នមានស្រ្តីដែលមានតួនាទីដឹកនំាក្នុង២៥ ខេត្ត រាជធានី នៅទូទំាងប្រទេសប្រមាណ ៥០០មុខតំណែង ឬស្មើនឹងប្រមាណ ១២​​ ភាគរយ។ ដោយទ្បែកស្រ្តីដឹកនំានៅថ្នាក់ស្រុក និងខណ្ឌមានជាង ១៧០០មុខតំណែង ស្មើនឹង២២ភាគរយ។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកំពុងពិចារណាដាក់បញ្ចូលស្រ្តីនៅថ្នាក់រាជធានីខេត្តចំនួន១០០មុខតំណែងជំនួសបុរសដែលនឹងចូលនិវត្តន៍ក្នុងឆ្នំា២០១៨។

យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នំា២០១៧ បង្ហាញថាស្រ្តីដែលបានជាប់ឆ្នោតទ្បើងកាន់តួនាទីជាមេឃុំ និងចៅសង្កាត់កើនបានចំនួន ៣៣រូប បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នំា២០១២។

ប៉ុន្តែចំនួនស្រ្តីដែលជាប់ឆ្នោតក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្លាក់ចុះវិញ។ មានន័យថាគឺបានធ្លាក់ចុះពីចំនួន ២០៣៨ នាក់ នៅឆ្នំា២០១២ មកត្រឹមចំនួន ១៩៤០នាក់ នៅឆ្នំា២០១៧ ពោលគឺចំនួនស្រ្តីក្នុងក្រុមប្រឹក្សាឃុំ សង្កាត់បានធ្លាក់ចុះចំនួន ៩៨នាក់៕

Share

Image
Image
Image