ភ្នំពេញ ៖ ស្ថាបនិក “កីតម្បាញខ្មែរ” អ្នកស្រី ចេន សុភាព បានលាឈប់ពីតួនាទីប្រធានគ្រប់គ្រងគម្រោងរបស់អង្គការសង្គមស៊ីវិល ចំនួន ០៤ ដើម្បីបើកសិប្បកម្ម “កីតម្បាញខ្មែរ” បំណងផ្ដល់ការងារដល់ស្ដ្រី និងបុរស ក្នុងសហគមន៍ដែលមានចំណេះដឹងតិចតូច ដោយមិនចាំបាច់ធ្វើចំណាកស្រុក ។
ជាបន្ដសូមស្ដាប់ ជីវៈព័ត៌មានរបស់ស្ថាបនិក “កីតម្បាញខ្មែរ” ដែលរៀបរៀងដោយលោក លៀ ស៊ីណា ដូចតទៅ៖
អ្នកស្រី ចេន សុភាព ស្ថាបនិក “កីតម្បាញខ្មែរ” បានបង្កើតសិប្បកម្មនេះឡើង ក្រោយពីអ្នកស្រីបានចំណាយពេលជាង ១០ឆ្នាំ ធ្វើការងារក្នុងអង្គភាព សង្គមស៊ីវិល ដែលមិនមែនរដ្ឋាភិបាល បំណងរួមចំណែកក្នុងការធ្វើការងារសង្គមជួយអភិវឌ្ឍសហគមន៍។ មានកត្ដាមួយចំនួនដែលនាំឲ្យអ្នកស្រី ចេន សុភាព ស្ដ្រីវ័យកណ្ដាលរូបនេះ សម្រេចចិត្ដលាឈប់ពីតំណែងប្រធានគ្រប់គ្រងគម្រោងក្នុងអង្គការចំនួន៤ មកចាប់ផ្ដើមការងារ ជាម្ចាស់សិប្បកម្ម “កីតម្បាញខ្មែរ”។
អ្នកស្រី ចេន សុភាព៖«ដោយសារខ្ញុំស្រឡាញ់ ក្នុងការធ្វើការងារជាមួយសហគមន៍ ខ្ញុំចង់ជួយស្ដ្រី និងបុរសដែលគាត់មានចំណេះដឹងទាបៗ ហើយគាត់ធ្វើម៉េចគាត់អាចមានម្ចាស់ការលើខ្លួនគាត់បាន មិនមែនជារបររកស៊ីតែមួយមុខទេ។ ខ្ញុំចាប់ផ្ដើមការងារនេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ បើគិតមកដល់ឥឡូវគឺប្រហែល ២ឆ្នាំ កន្លះហើយ»។
ការលាឈប់ពីការងារអង្គការក្រៅរដ្ឋាភិបាល ពីព្រោះតែអ្នកស្រី សុភាព ចង់បង្ហាញសមត្ថភាពស្ដ្រីក្នុងសង្គម ចង់រួមចំណែកផ្ដល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ និងម្យ៉ាងអ្នកស្រីចង់ធ្វើអ្នកដឹកនាំអាជីវកម្មមួយដោយខ្លួនឯង។
អ្នកស្រី ចេន សុភាព៖«មុននឹងខ្ញុំចាប់ផ្ដើមហ្នឹង តាមពិតនៅតែស្រឡាញ់ការងារក្រៅអង្គការរដ្ឋាភិបាលអញ្ចឹង តែខ្ញុំឈប់ដោយសារខ្ញុំគិតឃើញថា ខ្ញុំអត់ចង់ធ្វើជាបុគ្គលិកគេបន្ដទៀតទេ បើទោះបីជាខ្ញុំធ្វើការមានតួនាទីជាប្រធានកម្មវិធីធំមួយក៏ដោយ ក៏ខ្ញុំគិតថា ខ្ញុំនៅក្រោម Donor ដែរ អញ្ចឹងខ្ញុំលែងចង់ធ្វើការជាអញ្ចឹង បន្ដទៀត ខ្ញុំគិតថា ត្រូវតែចេញមកដើម្បីបង្កើតអ្វីមួយដើម្បីជួយដល់សង្គមជាតិខ្លួនឯង»។
អ្នកស្រី ចេន សុភាព មិនមែនជាអ្នកដែលចេះតម្បាញនោះទេ ក៏ប៉ុន្ដែអ្នកស្រីមានចិត្ដស្រឡាញ់វប្បធម៌ ប្រពៃណី តម្បាញរបស់ខ្មែរ។ ទន្ទឹមនឹងពេលដែលអ្នកស្រីកំពុងបំពេញការងារតាមអង្គការ អ្នកស្រីសង្កេតឃើញថា ផលិតផលប្រពៃណីរបស់ខ្មែរ ពុំសូវមានលក់លើទីផ្សារទេ ផ្ទុយទៅវិញ គឺឃើញតែផលិតដែលស្រដៀវរបស់ខ្មែរ ត្រូវបាននាំចូលស្រុកទេសយ៉ាងសម្បើម ដែលអ្នកស្រីថា គឺជាការខាតបង់សេដ្ឋកិច្ចជាតិ។
អ្នកស្រី ចេន សុភាព ៖«ទាក់ទងផលិតផលក្នុងស្រុកយើងឃើញថា យើងមានតែផលិតផលនាំចូលដល់ ៩០ភាគរយទៅហើយ ផលិតផលក្នុងស្រុកមានមិនដល់ ១០ភាគរយទេ អញ្ចឹងយើងធ្វើម៉េចឲ្យប្រជាពលរដ្ឋខ្លួនឯង និងការផលិតក្នុងស្រុកខ្លួនឯងហ្នឹង មានការកើនឡើងជាងមុន ហើយមានការប្រើប្រាស់ច្រើនជាងមុន កុំឲ្យប្រើតែរបស់គេ ពីព្រោះការប្រើរបស់គេ គឺវាអត់បានជួយដល់សេដ្ឋកិច្ចរបស់យើងទេ តែយើងនាំលុយឲ្យគេរហូត តែបើយើងប្រើរបស់យើងបានច្រើនវាជួយយើងបានច្រើន អញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្ដបង្កើតសិប្បកម្មនេះឡើង ហើយម្យ៉ាងខ្ញុំចូលចិត្ដស្លៀកសម្លៀកបំពាក់ខ្មែរផង»។
ការចាប់ផ្ដើមសិប្បកម្ម កីតម្បាញខ្មែរ ដំណាក់កាលដំបូង គឺមានការលំបាកព្រោះ តែពលរដ្ឋខ្មែរភាគច្រើន មិនសូវស្គាល់អ្វីជា ស៊ឹងខ្មែរ នោះទេ។
អ្នកស្រី ចេន សុភាព៖«កាលពីមុនបងធ្វើ គឺស៊ឹងខ្មែរ គ្មានតម្លៃក្នុងការប្រើប្រាស់ទេ គឺអ្នកប្រើតិចតូចបំផុត អ្នកស្គាល់តិចតូចបំផុត ដល់ពេលបងធ្វើទៅទីផ្សារដើរខ្លាំង គឺដោយសារបងចាប់ផ្ដើមប្រើប្រាស់ពីខ្លួនឯង ហើយបងធ្វើទីផ្សារខ្លាំងទៅ គឺមានការគាំទ្រខ្លាំង ឥឡូវរបស់យើងគឺតម្បាញមកអាចប្រើបានគ្រប់កម្មវិធីទាំងអស់»។
បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង ១៥០គ្រួសារ កំពុងធ្វើការងារក្នុងវិស័យសិប្បកម្ម “កីតម្បាញខ្មែរ” របស់អ្នកស្រី ចេន សុភាព នៅតាមសហគមន៍ ដោយបានផលិត ស៊ឹងខ្មែរ យកមកលក់នៅសិប្បកម្មអ្នកស្រី។ មកដល់ពេលនេះ កីតម្បាញខ្មែរ បានដំណើរការជាង ២ឆ្នាំ កន្លះ ដែលមានអ្នកគាំទ្រ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះតែគុណភាព នៃស៊ឹងខ្មែរ ផាមូង និងក្រម៉ា របស់សិប្បកម្មអ្នកស្រី មានគុណភាពល្អ រួមផ្សំនឹងសោភ័ណ្ឌភាព ផលិតផលរបស់ខ្មែរ។
តាំងពីដើមរៀងមកភាគច្រើនបំផុត ឪពុក ម្ដាយ តែងតែផ្ដល់តម្លៃដល់កូនប្រុសច្រើនជាងកូនស្រី មិនថា ទាំងការសម្រេចចិត្ដ ឬសិទ្ធិក្នុងការបានចូលរៀនសូត្រនោះទេ។ តែអ្នកសម្រាប់ស្ដ្រី ស្ថាបនិកសិប្បកម្ម “កីតម្បាញខ្មែរ” កូនខ្មែរសែចិនរូបនេះ អះអាងថា នេះគឺជាទម្លាប់ដែលខុសឆ្គងបំផុត។ អ្នកស្រីបញ្ជាក់ថា ស្ដ្រី ភាគច្រើនគឺមានសមត្ថភាព ក៏ប៉ុន្ដែព្រោះតែផ្នត់គំនិតសង្គម ដែលថា ស្ដ្រីបង្វិលចង្ក្រានមិនជុំ បានក្លាយជា គុកដាក់ស្ដ្រីមិនអនុញ្ញាត ឲ្យស្ដ្រីបានចេញមកបង្ហាញសមត្ថភាពក្នុងសង្គម ហើយព្រោះតែរនាំងគុកដ៏រឹងមាំ ដែលចាក់ស្រេះក្នុង ឬសគល់ នៃគោលគំនិត និងទឹកចិត្ដចាស់ៗ ដ៏សែនជ្រៅដូចនេះហើយ ទើបនាំឲ្យស្ដ្រី បាត់បង់សកម្មភាពក្នុងសង្គម ហើយក្លាយជាស្ដ្រីមេផ្ទះតែមួយមុខ ដែលរង់ចាំពឹងតែកម្លាំងប្ដី។
ស្ថាបនិកសិប្បកម្ម “កីតម្បាញខ្មែរ” រូបនេះ សង្កត់ធ្ងន់ថា ភាពស្រណុក គឺបានធ្វើឲ្យមនុស្សស្ទក់ខួរក្បាល ហើយមិនអាចក្លាយជាគំរូល្អសម្រាប់កូនៗ និងអ្នកនៅជុំវិញខ្លួនបានទេ។ អ្នកស្រី សុភាព ចង់ឃើញស្ដ្រីបង្ហាញថាមពលរបស់ខ្លួន ក្នុងការធ្វើជាអ្នកដឹកនាំដោយខ្លួនឯង ដោយមិនត្រូវបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សទំនេរច្រើន និងរង់ចាំពឹងលើតែកម្លាំងប្ដី តែមួយមុខនោះទេ។
អ្នកស្រី ចេន សុភាព៖«ខ្ញុំលើកទឹកចិត្ដ យើងធ្វើមនុស្សស្រីយើងត្រូវតែ តែមានចំណេះជំនាញខ្លួនឯង យើងមើលមិនឃើញទេ វាសនារបស់មនុស្សម្នាក់ៗ ហើយណាមួយទៅបើយើងមានបញ្ហាអីមួយអត់បាននៅជុំគ្នា ហើយបើយើងផ្ដេកផ្ដួលអត់ធ្វើអី យើងបានអីចិញ្ចឹមកូន យើងបានអីចិញ្ចឹមខ្លួនឯង អញ្ចឹងយើងជាមនុស្សស្រី រៀនមិនបានខ្ពស់ ត្រូវមានជំនាញ ត្រូវមានអីមួយពិតប្រាកដសម្រាប់ជួយខ្លួនឯង ខ្ញុំអត់ចង់និយាយរៀនដល់ថ្នាក់ខ្ពស់ៗទេ តែបើយើងរៀនបានខ្ពស់យើងមានការងារ វាកាន់តែអស្ចារ្យទៀតហើយ យើងពូកែហើយ តែបើយើងបណ្ដែតបណ្ដោយខ្លួនឯងទៅ សួរថា តើយើងដឹកនាំខ្លួនឯងម្ដេចបាន ។ បើនិយាយពីភាពជាអ្នកដឹកនាំគឺត្រូវដឹកនាំខ្លួនឯងឲ្យបានសិន បើយើងអញ្ចឹង យើងទៅដឹកនាំកូនយ៉ាងម៉េច យើងមិនបាច់និយាយដល់ទៅដឹកនាំសហគមន៍ទេ ត្រឹមតែកូនក្នុងគ្រួសារ ២ ទៅ៣នាក់ក៏ដោយ ហើយសម្រាប់ខ្ញុំជាកូនច្បងគេ ខ្ញុំខ្លាចណាស់ ខ្ញុំប្រយ័ត្នគ្រប់មុខ ពាក្យថាខ្លាចខ្ញុំហ្នឹង គឺខ្ញុំខ្លាច ខ្ញុំក្លាយជាមនុស្សម្នាក់ដែលផ្ដល់គំរូមិនល្អល់ប្អូនខ្ញុំ»។
មកដល់ពេលនេះអ្នកស្រី ចេន សុភាព មានអាយុ ៣៧ឆ្នាំ មានកូនប្រុសម្នាក់ និងមានស្វាមីជាមន្ដ្រីជាការមួយរូប។ ព្រោះតែការប្រឡូកក្នុងសង្គមបានច្រើនឆ្នាំ និងភាពឈ្លាសវៃរបស់អ្នកស្រីផង បាននាំឲ្យអ្នកស្រីដឹកនាំសិប្បកម្ម “កីតម្បាញខ្មែរ” ដើរទៅមុខយ៉ាងរលូន និងមានអ្នកគាំទ្រជាច្រើន។ ទំនងមកពី បទពសោធន៍ការងារសង្គមជាច្រើនឆ្នាំ និងបទពិសោធន៍ នៃការបើកអាជីវកម្មផ្ទាល់ខ្លួនផង បាននាំឲ្យអ្នកស្រី ចេន សុភាព ប្រកួតឈ្នះតំណែងភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ “ការបង្កើតបរិយាកាស ដើម្បីឲ្យមនុស្សម្នាក់ៗ អាចក្លាយជាអ្នកដឹកនាំ” និងឈ្នះពានរង្វាន់ចំនួន ៣ផ្សេងទៀត ដែលមានដូចជា មេដៃជាឯកអគ្គរាជទូតភាពជាអ្នកដឹកនាំ ឆ្នាំ២០១៧ ពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។
សិប្បកម្ម “កីតម្បាញខ្មែរ” មានផលិតបីប្រភេទ រួមមាន ស៊ឹងខ្មែរ ផាមូងខ្មែរ និងក្រម៉ាខ្មែរ ដែលធ្វើឡើងដោយស្ដ្រីក្នុងសហគមន៍។ សម្រាប់សិប្បកម្ម កីតម្បាញខ្មែរ បានធ្វើការងារជាមួយសហគមន៍ដោយផ្ទាល់នៅ ខាងកោះដាច់ និងកោះឧញ៉ាតី ខេត្ដកណ្ដាល។ សិប្បកម្មកីតម្បាញខ្មែរ មានពីរទីតាំងនៅរាជធានីភ្នំពេញ ទីតាំងទី១ ស្ថិតនៅម្ដុំភ្នំពេញថ្មី ខណ្ឌសែនសុខ និងទីតាំងទី២ ស្ថិតនៅផ្សារសូរិយ៉ា ជាន់ទី៤៕