ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រជាប្រិយភាពរបស់លោកបានដាំក្បាលចុះយ៉ាងខ្លាំង ដោយសាររឿងអាស្រូវ កិបកេងប្រាក់រដ្ឋ ធ្វើមានខ្លួនឯង បានបើកយុទ្ធនាការរកសំឡេងឆ្នោត នៅថ្ងៃសោរ៍ ទី២៣ ខែធ្នូនេះ ដោយបានវាយប្រហារលើ ប្រធានាធីបតីអាមេរិកលោក ដូណាល់ត្រាំ ករណីចាត់ទុកតំបន់ភាគខាងកើត ជេរុយសាឡឹម ជារដ្ឋធានីប្រទេសអ៊ីស្រាអ៊ែល។
ប្រទេសម៉ាឡេស នឹងបោះឆ្នោតជ្រើសរើសសមាជិកសភានៅខែសីហា ឆ្នាំ២០១៨។ ប្រទេសម៉ាឡេស៊ី ជារដ្ឋម៉ូស្លីម ដែលមានពលរដ្ឋកាន់សាសនានេះជាង ៨០ភាគរយ។
ថ្លែងនៅក្នុងហ្វូងមនុស្សជាង ១៥០០នាក់ក្នុងយុទ្ធនាការរកសំឡេងឆ្នោតលើកដំបូងរបស់លោក លោកណាជីប រ៉ាហ្សាក់បាននិយាយថា ករណីជេរុយសាឡឹម គឺជាបញ្ហារបស់ម៉ូស្លីម ដែលជាករណីរបស់លោកអ្នកប្រតិបត្តិសាសនានេះ។ លោកបាននិយាយថា លោកសូមស្បថថា នឹងធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីឲ្យលោកត្រាំ ដកសេចក្ដីសម្រេចរបស់លោកវិញ ដែលបានទទួលស្គាល់តំបន់ភាគខាងកើតជេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។ លោកបន្តថា លោកនឹងមិនឲ្យតំបន់នោះក្លាយជាទឹកដីស្របច្បាប់របស់អ៊ីស្រាអ៊ែលឡើយ។ តែបែបនេះក្ដី ដែនដីភាគខាងកើត នៃតំបន់ជេរុយសាឡឹម ជាច្រើន បានក្លាយជារបស់អ៊ីស្រាអ៊ែល រួចទៅហើយ។ ដែនដីនេះ ត្រូវបានកងទ័ពអ៊ីស្រាអ៊ែល ចូលកាន់កាប់ អំឡុងសង្គ្រាម អារ៉ាប់រយៈពេល ៦ថ្ងៃនៅឆ្នាំ១៩៦៧៕ ប្រភពៈCNA