ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ី បានរៀបចំដាក់ពង្រាយ ប៉ូលិស ១៨ម៉ឺននាក់ ដោយចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី២៣ ធ្នូនេះតទៅ ដើម្បីការពារសន្តិសុខក្នុងឱកាសបុណ្យ Christmas ឬបុណ្យណូអ៊ែល និងថ្ងៃចូលឆ្នាំសាកលនៅថ្ងៃទី១ មករា ឆ្នាំ២០១៨។
តាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ការពង្រឹងសន្តិសុខនេះ គឺបន្ទាប់ពីក្រុមអាជ្ញាធរបានចាប់ខ្លួន ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ជាង ១០នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ។ តាមការអះអាងរបស់ប៉ូលិស ក្រុមនេះគឺមានផែនការធ្វើឲ្យមានអំពើភេរវកម្មនៅទូទាំងប្រទេស។ ជាងនេះ ប៉ូលិសបានរកឃើញទៀតថា ក្រុមសកម្មប្រយុទ្ធទាំងនេះ គឺមានជាប់ពាក់ព័ន្ធនឹង ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមនៅប្រទេសស៊ីរី។
អ្នកនាំពាក្យរបស់ប៉ូលិស បាននិយាយថា ការដាក់ពង្រាយកម្លាំងសន្តិសុខនេះ នឹងធ្វើឡើងរហូតដល់ថ្ងៃទី២ មករា ឆ្នាំ២០១៨។ គួររម្លឹកថា កាលពីឆ្នាំ២០០២ មានអំពើភេរវកម្មមួយវាយប្រហារទៅលើកោះបាលី ដោយបានសម្លាប់មនុស្ស ជាង ២០០នាក់៕ ប្រភពពី Channel News Asia