ភ្នំពេញ ៖ កាលពីដើមសប្ដាហ៍កន្លងទៅ មានករណី មាន់ឈឺងាប់ជាបន្ដបន្ទាប់ចំនួន ៣០ក្បាល នាំឲ្យកសិករមានការបារម្ភជាខ្លាំងករណីនេះ ដែលពួកគេគិតថា ទំនងជាជំងឺផ្ដាសាយបក្សី។ ក៏ប៉ុន្ដែករណីនេះ ប្រធានមន្ទីរកសិកម្មករ រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ចាម និយាយថាអាជ្ញាធរ មិនអាចសន្និដ្ឋាន ថា ជាជំងឺអ្វីឲ្យប្រាកដទេ គឺត្រូវរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ជាមុនសិន។
លោក លៀ ស៊ីណា រាយការណ៍៖
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ចាម បានប្រាប់វិទ្យុស្ដ្រីកាលពីថ្ងៃទី២១ ធ្នូថា ពិតជាមានមាន់ងាប់ប្រមាណ ៣០ក្បាលពិតមែន ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ។ ប៉ុន្ដែអាជ្ញាធរមិនអាចសន្និដ្ឋានអ្វីបានទេ ដោយត្រូវរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍រាជធានីភ្នំពេញជាមុនសិន។ លោបន្ដថា មូលហេតុដែលមិនអាចសន្និដ្ឋានបានភ្លាមៗ ពីព្រោះតែអាការ នៃជំងឺភាគច្រើនមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែលពិបាកមើលដឹង។ ខណៈកំពុងរង់ចាំលទ្ធផល មន្ដ្រីជំនាញខាងបសុព្យាបាលបានចុះទៅដល់កន្លែងដែលមានមាន់ងាប់នោះ ដើម្បីចាក់ថ្នាំ សត្វមាន់ដទៃទៀត និងបាញ់ថ្នាំសម្លាប់មេរោគនៅក្បែរៗនោះរួចហើយ។
លោក គឹម សាវឿន៖«បាទមានងាប់មួយចំនួន ប៉ុន្ដែយើងកំពុងយកសំណាកទៅវិទ្យាស្ថានដើម្បីត្រួតពិនិត្យមើល ប៉ុន្ដែទន្ទឹមនឹងព័ត៌មាននៃការយកសំណាកហ្នឹង គឺជំនាញបសុព្យាបាល ចុះទៅប្រតិបត្ដិការបាញ់ថ្នាំ និងចាក់ព្យាបាលមាន់អស់នោះហើយ តែយើងបានបាញ់ថ្នាំសម្លាប់មេរោគអីអស់ហើយ ២ ថ្ងៃ ៣ថ្ងៃហើយបាទ»។
តាមការបញ្ជាក់ពីលោកប្រធានមន្ទីរកសិកម្មរូបនេះ គឺមានតែមាន់ប៉ុណ្ណោះ ដែលឈឺ នឹងងាប់ ដែលមិនមានឆ្លងទៅសត្វដទៃទៀត ឬក៏មនុស្សឡើយ។ មកដល់ពេលនេះអាជ្ញាធរខេត្ដកំពង់ចាម នៅតែបន្ដតាមដានស្ថានភាពសត្វមាន់ ទា នៅក្នុងខេត្ដនេះនៅឡើយ ដោយបារម្ភពីការរីករាលដាល នៃជំងឺទៅលើសត្វចិញ្ចឹមរបស់កសិករ។
លោក គឹម សាវឿន សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ដែលចិញ្ចឹមសត្វ មាន់ ទា ត្រូវមានការប្រុងប្រ័ត្នឲ្យបានខ្ពស់ប្រសិនជាបានឃើញសត្វបក្សី វាមានអាការសំកុក ហើយបើមានសត្វងាប់ ជាបន្ដបន្ទាប់ ត្រូវរូសរាន់ផ្ដល់ដំណឹងទៅកាន់មន្ដ្រីជំនាញនៅតាមមូលដ្ឋាន ដើម្បីឲ្យមន្ដ្រីអាចមានវិធនាការទាន់ពេលវេលា ទៅតាមការរកឃើញមូលហេតុដែលបណ្ដាលឲ្យសត្វ ឈឺ ឬងាប់នោះ។ ជាងនេះលោកសុំឲ្យប្រជាពលរដ្ឋ កុំបរិភោគសត្វដែលឈឺងាប់នោះ ដើម្បីបញ្ចៀសការឆ្លងជំងឺដែលមានគ្រោះថ្នាកផ្សេងៗ។
លោក គឹម សាវឿន៖« អញ្ចឹង សុំឲ្យបងប្អូនទាំងអស់ប្រុងប្រ័ត្ន កុំប៉ះពាល់កុំហូប ហើយបើឃើញសត្វស្លាប់ សុំឲ្យយកទៅកប់ឲ្យបានជ្រៅ ដោយរោយកំបោរនៅនឹងរណ្ដៅ ហើយកប់វាដោយរោយកំបោរពីលើផង ហើយកប់ធ្វើម៉េច កុំឲ្យសត្វឆ្កែ (សុនខ) អីអាចទៅកាយ ទាញយកមកខាងក្រៅបាន អញ្ចឹងសូមការពារ ថែរក្សាទាំងអស់គ្នា ដើម្បីសុខភាពសាធារណៈ»។
កាលពីដើមខែកន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំងឺគ្រុនផ្ដាសាយបក្សីបានលេចឡើងនៅខេត្ដកំពង់ចាម ស្ថិតក្នុងឃុំ ត្រពាំព្រះ ស្រុកព្រៃឈរ បានបណ្ដាលឲ្យមាន់ចំនួន ២០០ក្បាលបានងាប់។ បន្ទាប់ពីអាជ្ញាធរបានទៅដល់កន្លែងមានសត្វងាប់នោះ និងបានយកសត្វមាន់ទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។ ជាលទ្ធផលមន្ទីរពិសោធន៍បង្ហាញថា ៖«ការធ្វើតេសកាលពីថ្ងៃទី០៦ ខែធ្នូ បានបញ្ជាក់ថា មាន់ទាំងនោះបានឆ្លងវីរុសផ្ដាសាយបក្សី H5N1»៕