en     km
en     km

មន្រ្តីកម្ពុជា៖ កម្ពុជាបោះឆ្នោតជំទាស់ អាមេរិក ករណីជេរ៉ុយសាឡឹម ដោយផ្អែកលើឆន្ទៈរបស់មតិភាគច្រើន

Share

ក្រុងភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧) តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានសម្រេច បោះឆ្នោតជំទាស់សេចក្តីសម្រេចរបស់អាមេរិក ករណីទទួលស្គាល់តំបន់ជេរ៉ុយសាឡឹម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអ៊ែល។ ជំហររបស់កម្ពុជាធ្វើឡើង ដូចនឹងប្រទេស ១២៧ ទៀត ដែលជំទាស់អាមេរិកផងដែរ។ តែអ្នកវិភាគម្នាក់ថា កម្ពុជាគួរជ្រើសរើសផ្លូវផ្សេងពីនេះល្អជាង ព្រោះកុំឲ្យភាពតានតឹងរវាងកម្ពុជានិង អាមេរិក កាន់តែធ្ងន់ធ្ងរ។

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ៖

ការបោះឆ្នោតដែលធ្វើឡើងដោយមហាសន្និបាទអង្គការសហប្រជាជាតិ គឺមាន ១៩៣ ប្រទេសចូលរួម ក្នុងនោះ ១២៨ ប្រទេសប្រឆាំងសហរដ្ឋអាមេរិក ដែលទទួលស្គាល់ តំបន់ភាគខាងកើត ទីក្រុង ជេរ៉ុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។ ប៉ុន្តែ មានប្រទេស យ៉ាងតិច ៣៥ ប្រទេសបោះឆ្នោត អនុប្បវាទ និង ៩ ប្រទេសទៀតបោះឆ្នោតគាំទ្រទីក្រុងវ៉ាស៊ីនតោន។ តាមសេចក្តីរាយាការណ៍ទីភ្នាក់ងារសារព័ត៌មាន អា អេហ្វ ប៉េ​ ប្រទេសភូមា និង ប្រទេសហ្វីលីពិន ប្រកាន់ជំហរបោះឆ្នោតមិនប្រឆាំងនិងអាមេរិកនោះទេ។ ចំណែកឯ ប្រទេសកម្ពុជាដែលកំពុងមានស្ថានភាពតានតឹងផ្នែកការទូតជាមួយសហរដ្ឋអាមេរិក បានចូលរួមនឹងប្រទេស ១២៧ ទៀត គឺប្រឆាំង និង សេចក្តីសម្រេចរបស់សេតវិមាន ដូចនេះ។ ទាក់ទិន និងជំហរកម្ពុជានេះ អ្នកនាំពាក្យបក្សកាន់អំណាច ដែលបានផ្តល់បទសម្ភាសន៍ជាមួយនឹងវិទ្យុស្រ្តី បាននិយាយថា ជំហរមន្រ្តីការទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ គឺឈរលើឆន្ទះនៃសម្លេងភាគច្រើនដែលមិនចង់ឃើញតំបន់មជ្ឈឹមបូព៌ា ឬ ទីក្រុងជេរ៉ុយសាឡឹម ក្លាយជាសមរភូមិនោះទេ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាចបានបញ្ជាក់ថា ទោះកម្ពុជាជាប្រទេសតូចក្តី តែកម្ពុជាត្រូវការយុត្តិធម៌សម្រាប់ប្រទេសតូចដូចគ្នា ហើយក្នុងន័យនេះហើយ ដែរ តំណាងកម្ពុជាប្រើប្រាស់សិទ្ធិនយោបាយដូចនេះ។

លោក សុខ ឥសាន្ត៖

ស្របគ្នានេះដែរ អ្នកវិភាគបញ្ហាសង្គមម្នាក់ គឺលោកអនុបណ្ឌិតទស្សនៈវិជ្ជា លោក ប៉ាល់ ចាន់រឿន មើលឃើញហេតុផលច្រើនយ៉ាងដែលកម្ពុជាប្រកាន់ជំហរបែបនេះ។ លោកថា ការកាន់ជំហរនេះមិនមែនជាខុសឆ្គងអ្វីធ្ងន់ធ្ងរទេ ព្រោះកម្ពុជាចេះថ្លឹងថ្លែងកាលៈទេសៈ ស្របនឹងព្រឹត្តិការណ៍អន្តរជាតិ។

លោក ប៉ាល់ ចាន់រឿន៖

ចំណែកឯលោកបណ្ឌិតមាសនី អ្នកស្រាវជា្រវបញ្ហានយោបាយនិងសង្គម ហាក់យល់ឃើញផ្ទុយបន្តិច។ លោក ថា ការដែលកម្ពុជាជំទាស់អាមេរិកនោះ សម្រាប់រូបលោក មិនមើលឃើញអ្វី ដែលចំនេញចំពោះកម្ពុជា គឺមានតែធ្វើឲ្យទំនាក់ទំនងកម្ពុជា និង អាមេរិក ធ្ងន់ធ្ងរទៅៗ ហើយកម្ពុជាខ្លួនឯងក៏កាន់តែមានជំលោះ លើឆាកអន្តរជាតិ។

លោក មាស នី៖

តាមដំណើររឿង ករណីជំលោះដែនដីជេរ៉ុយសាឡឹម គឺជារឿងរ៉ាវជំលោះសាសនា ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ​មកហើយ ដែលកាលណោះ អ៊ីស្រាអ៊ែល និង ប៉ាឡេស្ទីន ហាក់ដូចជានៅផ្ទះជាមួយគ្នា តែក្រោយមកបែកបាក់ គឺដោយសារជំលោះ ជាតិសាសន៍។ ឆ្នាំ ១៩៦៧ អ៊ីស្រាអ៊ែល បានដណ្តើមកាន់កាន់ តំបន់ភាគខាងកើតជេរ៉ុយសាឡឹម ក្នុងអំឡុងសង្គ្រាមអារ៉ាប់ ៦ ថ្ងៃ ដែលធ្វើឲ្យអ៊ីស្រាអ៊ែល គ្រប់គ្រង ខាងកើត ប៉ាឡេស្ទីន គ្រប់គ្រងខាងលិច។ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ទទួលស្គាល់ តំបន់ភាគខាងកើត ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងកា្លទូទាំងពិភពលោក ជាពិសេស ប្រទេសកាន់សាសនា មូស្លីម ទើបនាំឲ្យមានការកោះប្រជុំអង្គការសហប្រជាជាតិដូចនេះ ៕

Share

ព័ត៌មានទាក់ទង

Image