ភ្នំពេញ៖អតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បច្ចុប្បន្នជាប្រតិភូអន្តរក្រសួង ទទួលបន្ទុកពិព័រណ៍ពិភពលោកឆ្នំា២០២៥ លោក ប៉ាស្កាល់ ទ្បាម៉ី ស្វែងរកការគំាទ្រពីកម្ពុជាដើម្បីដាក់បេក្ខភាពរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នំា២០២៥។ ការថ្លែងនេះធ្វើទ្បើងក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នំា២០១៧។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោម ប្រទេស១៧០ នៅលើពិភពលោក ដែលបានក្លាយជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ។ ការរៀបចំពិព័រណ៍អន្តរជាតិពិភពលោកនឹងរៀបចំទ្បើងនៅក្នុងឆ្នំា២០២៥នាពេលខាងមុខនេះ។ដោយសារប្រទេសកម្ពុជាជាសមាជិកពិព័រណ៍អន្តរជាតិនេះហើយទើបបារំាងស្វែងរកការគំាទ្រពីកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន តាមរយៈអ្នកប្រែថា នៅស្ថានទូតបារំាងប្រចំាកម្ពុជា លោក ប៉ាស្កាល់ ទ្បាម៉ី អតីតអគ្គនាយកអង្គការពាណិជ្ជ កម្មពិភពលោក បច្ចុប្បន្នជាប្រតិភូអន្តរក្រសួង ទទួលបន្ទុកពិព័រណ៍ពិភពលោកឆ្នំា២០២៥ បានលើកទ្បើងថា មូលហេតុដែលលោកមកប្រទេសកម្ពុជានាពេលនេះគឺដើម្បីបង្ហាញពីបេក្ខភាពរបស់ប្រទេសបារាំងចំពោះអាជ្ញាធរកម្ពុជា។
លោក ប៉ាស្កាល់ ទ្បាម៉ី បន្តថាចំពោះបេក្ខភាពរបស់ប្រទេសបារំាងដែលចូលរួមការប្រកួតធ្វើជាម្ចាស់ផ្ទះរៀបចំពិព័ពរណ៍ពិភពលោក បានជ្រើសរើសយកប្រធានបទ« ចំណេះដឹងដែលត្រូវចែករំលែក ភពផែនដីដែលត្រូវការពារ» ដោយផ្តោតសំខាន់ទៅលើអនាគត និងយុវជន។
តាមរយៈប្រធានបទនេះលោក ប៉ាស្កាល់ ទ្បាម៉ី មានក្តីសង្ឃឹមថាកម្ពុជានឹងបោះឆ្នោតគំាទ្រខ្លួនឱ្យធ្វើជាម្ចាស់ផ្ទះ ដោយសំអាងលើហេតុផលសំខាន់ៗមួយចំនួនដូចជា៖ «ប្រធានបទគឺមានទំនាក់ទំនងជាមួយនឹងយុទ្ធសាស្រ្តនៃការអភិវឌ្ឍប្រទេសកម្ពុជាផងដែរគឺតែមរបស់យើងគឺថាចំណេះដឹងដែលត្រូវចែករំលែកហើយហ្នឹងភពផែនដីដែលយើងត្រូវការពារហើយវាមានទំនាក់ទំនងជាមួយនឹងយុវជនហើយនឹងអានាគតរបស់ពួកយើងទំាងអស់គ្នាហើយក៏ទាក់ទងការថែរក្សាបរិស្ថានផងដែរ គឺយើងបានពិនិត្យទៅលើចំនួនយុវជនដែលនៅក្នុងប្រទេសដែលជាកត្តាមួយដែរ ដែលជាធនធានមួយសំខាន់»។
បើតាមលោក ប៉ាស្កាល់ ទ្បាម៉ី បារំាងគ្រោងរៀបចំពិព័រណ៍នេះនៅតំបន់សាក្លេយ (Saclay) នាភាគនិរតីនៃទីក្រុងប៉ារីស ដែលជាប៉ូលវិទ្យា សាស្រ្ត និងបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក។ ភូមិសាកលមួយនឹងត្រូវបង្កើតទ្បើងសម្រាប់ការប្រារព្ធពិព័រណ៍រយៈពេល ៦ ខែ ហើយបន្ទាប់មកនឹងក្លាយទៅជា «លំហសាកល » មួយសម្រាប់ទទួលនិស្សិត ឬក្រុមមកពីប្រទេស ដែលបានចូលរួមនៅក្នុងពិព័រណ៍។
ការចូលរួមប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នំា២០២៥នេះ មានប្រទេសចំនួន៤ចូលរួមប្រកួត។ ក្នុងនោះរួមមាន ប្រ ទេស បារំាង ជប៉ុន អាហ្សេបាហ្សង់ និងប្រទេស រុស្ស៊ី។ ប្រទេសម្ចាស់ផ្ទះរៀបចំពិព័រណ៍នេះនឹងត្រូវជ្រើសរើសជាផ្លូវការនៅខែវិច្ឆិកា ឆ្នំា២០១៨ តាមយៈការបោះឆ្នោតពីសំណាក់ប្រទេសចំនួន១៧០ ដែលជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាផង ដែរ។ ការរៀបចំពិព័រណ៍ពិភពលោកធ្វើទ្បើងរៀងរាល់ប្រាំឆ្នាំម្តង។ ប្រទេសបារំាងសង្ឃឹមថាមនុស្ស ៤០លាននាក់នឹងមកទស្សនាពិព័រណ៍នេះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តី នារសៀលថ្ងៃទី២១ ខែធ្នូនេះថា ក្នុងនាមក្រសួងពាណិជ្ជកម្ម ជាប្រធានគណៈកម្មការរៀបចំពិព័រណ៍ពិភពលោកប្រចំានៅក្នុងប្រទេសកម្ពុជានោះ ក្រសួងពាណិជ្ជកម្ម និងពិភាក្សាជាមួយក្រសួងការបរទេស ដើម្បីស្នើទៅរាជរដ្ឋាភិបាលក្នុងការជ្រើសរើសប្រទេសដែលចូលរួមប្រកួតធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក។
លោក ស៊ាង ថៃ បន្តថា ការសម្រេចបោះឆ្នោតទៅឱ្យប្រទេសណាមួយនោះ គឺរាជរដ្ឋាភិបាលនិងពិនិត្យទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសដែលចូលរួមប្រកួតនោះជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាពិនិត្យទៅលើបញ្ហាសេដ្ឋកិច្ចនៃប្រទេសទំាងនោះជាមួយកម្ពុជាផងដែរ។
លោកស៊ាង ថៃ គូសបញ្ជាក់ថាទោះបីជាប្រទេសណាមួយជាប់ក៏ដោយ កម្ពុជានឹងទទួលបានផលប្រយោជន៏មួយពីពិព័រណ៍នោះដែរ។ «ពីព្រោះនៅក្នុងពីព័រណ៍ពិភពលោកគេរៀបចំម្តង៦ខែ ពិព័រណ៍ពិភពលោកនៅក្នុងកន្លែងពន្លាជាតិរបស់យើងហ្នឹងគេចែកដីឱ្យយើងសាងសង់ពន្លាជាតិហ្នឹងតិចតួច តែបើយើងចង់បានធំយើងទៅជួលគេ នៅក្នុងពន្លាជាតិហ្នឹងយើងដាក់តាំងវត្ថុសិល្បៈ ដាក់តាំងស្អីៗឱ្យគេមើល ហើយទំនិញខ្មែរយើងក៏យើងយកទៅដាក់នៅទីនោះដែរ មានលេងសិល្បៈឱ្យគេមើលអីទៅ គេហ្នឹងស្គាល់យើង »។
គួរជម្រាបថា ប្រទេសបារំាងធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកធំៗចំនួនប្រំាដងរួចមកហើយ កាលពីឆ្នំា១៨៨៥ ១៨៦៧ ១៨៨៩ និងឆ្នំា១៩៩០៕