ភ្នំពេញ៖ធនាគារពិភពលោក(World Bank)បានបង្ហាញរបាយការណ៍ថ្មីមួយថាការអភិវឌ្ឍរីកលូតលាស់ឆាប់រហ័សទីក្រុងភ្នំពេញក្នុងរយៈពេល១០ឆ្នាំកន្លងមកបានគឺជាការរួមចំណែកបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។
ទោះបីយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាត្រូវលើកកម្ពស់ផែនការ ការគ្រប់គ្រងនិងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីជៀសវៀងការរីករាលដាលគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៍និងការបំពុលបរិយាកាស។
របាយការណ៍មួយរបស់ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់បង្ហាញថា កំណើន ប្រជា ពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងកើនពី៤,៣ លាននាក់នៅឆ្នាំ២០១៤ ដល់៧,៩ លាននាក់ នៅ ឆ្នាំ២០៣០។កំណើនប្រជាពលរដ្ឋនេះ នឹងជំរុញឱ្យមានតម្រូវការកាន់តែខ្ពស់លើផ្នែកលំនៅដ្ឋាន។
បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូនេះបានបង្ហាញការអភិវឌ្ឍនទីក្រុងមានបញ្ហាប្រឈមជាច្រើនក្នុងការផ្តល់សេវាកម្មមូលដ្ឋានដូចជាប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹងជញ្ជូនសាធារណៈនិងការគ្រប់គ្រងកាកសំណល់រឹង។ការប្រឈមមួយទៀតគឺការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ចនិងសេវាកម្ម។
របាយការណ៍ក្រោមចំណងជើង«ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ»រកឃើញថាការផ្តល់ហិរញ្ញប្បទាននិងសមត្ថភាពបច្ចេកទេសជាឧបសគ្គសម្រាប់ផែនការអភិវឌ្ឍទីក្រុង ទីតាំងនិងផែនការប្រើប្រាស់ដី ជាពិសេសនៅថ្នាក់ ខណ្ឌនិងសង្កាត់។
របាយការណ៍របស់ធនាគារពភពលោកបានផ្តល់អនុសាសន៍ក្នុងការអភិវឌ្ឍទីក្រុងឱ្យរីកលូតលាស់ដើម្បីប្រកួតប្រជែងកាន់តែមាននិរន្តរភាពនិងគ្របដណ្តប់ទូលំលាយលើវិស័យចំនួន៤គឺ៖
-រាជរដ្ឋាភិបាលត្រូវកែលម្អស្ថាប័ននិងអភិបាលកិច្ច ដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុមនិងមានប្រសិទ្ធិភាពជាងមុន។
-ត្រូវកែលម្អផែនការរៀបចំទីក្រុងនិងការអនុវត្តផែនការតាមរយៈការបង្កើតបទដ្ឋានគតិយុទ្ធ ក្របខ័ណ្ឌច្បាប់និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។
-ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅនិងភាពប្រកួតប្រជែងនិង
-ធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឲ្យ បានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងកុំឲ្យមានវិសមភាព៕