ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក សុខ ផល បានឲ្យដឹងថា ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នឹងត្រូវបានដកហូត។
តាម លោក សុខ ផល ឯកសារទាំងនោះរួមមាន៖ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នឹងត្រូវបានដកហូតបើសិនជនបរទេសទាំងនោះកាន់កាប់ដោយខុសច្បាប់។
ការលើកឡើកឡើងរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដូចនេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីការលុបចោលនូវឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ កាលពីរសៀលថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៧ ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលស្រង់សម្ដីលោក សុខ ផល បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងចាត់តាំងក្រុមការងារចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ នៅរាជធានី-ខេត្ត ដើម្បីអនុវត្តកិច្ចការនេះ ។ ចំណែក ជនបរទេសណាដែលលាក់លៀមមិនព្រមយកឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីមកបង្ហាញដល់សមត្ថកិច្ចត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន រូមទាំងខ្លឹមសារសំខាន់មួយចំនួនបន្ថែមទៀត។
តាមរបាយការណ៍នាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើជំរឿននៅក្នុងឆ្នាំ ២០១៥ និង២០១៦ គឺជនអន្ដោប្រវេសន៍ជាង ១៩ម៉ឺន ទៅ២០ម៉ឺននាក់ ដែលបានរស់នៅកម្ពុជា ខណៈឆ្នាំ២០០២ មានជនអន្ដោប្រវេសន៍រស់នៅជាង ៧ម៉ឺននាក់ ប៉ុណ្ណោះ ដែលចំនួននេះបង្ហាញថា ជនអន្ដោប្រវេសន៍មានការកើនឡើងក្នុង ១ឆ្នាំ ១ម៉ឺននាក់៕