en     km
en     km

សម្តេច ហ៊ុន សែន ថារដ្ឋាភិបាលគ្រោងបង្កើតធនាគារផ្តល់កម្ចីឱ្យម្ចាស់សហគ្រាសធុនតូច

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសនឹងបង្កើតធនាគារសហគ្រាសធុនតូច ដើម្បីផ្តល់កម្ចីទៅម្ចាស់អាជីវកម្ម ឬម្ចាស់សហគ្រាសដែលមានបំណងចង់បង្កើតផលិតផលប្រើប្រាស់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងបង្កើនការងារក្នុងស្រុកដល់ពលរដ្ឋ។​ ក្នុងរឿងនេះអ្នកវិភាគមានសុទិដ្ឋិនិយមចំពោះគំនិតរបស់ប្រមុខរដ្ឋាភិបាល តែថាគំនិតនេះគួរមានតាំងពី ១០ឆ្នាំមុនមកម្ល៉េះ។

 

                                                                          នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន

ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង ១ម៉ឺននាក់ នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២០ ធ្នូនេះ នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន លើកឡើងថានៅពេលខាងមុខកម្ពុជានឹងបង្កើតឱ្យមានធនាគារសហគ្រាសធុនតូចមួយទៀត គឺ ដើម្បីឈានទៅផ្តល់កម្ចីឥណទានដល់ម្ចាស់អាជីវកម្ម និងម្ចាស់គ្រាសទាំងឡាយណាដែលមានគំនិតចង់បង្កើតសហគ្រាស ឬអាជីវកម្មខ្នាតតូច និងមធ្យមដែលនេះជាការជំរុញការបង្កើនផលិតផលប្រើប្រាស់ក្នុងស្រុក។

សម្តេច ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះការបង្កើតធនគារសហគ្រាសធុនតូចនេះថា នៅពេលកម្ពុជាមានការគាំទ្រឱ្យមានសហគ្រាសខ្នាតតូចកាន់តែច្រើនតាមរយៈកម្ចីឥណទាននេះ គឺកម្ពុជានឹងអាចបង្កើនផលិតផលប្រើប្រាស់ក្នុងស្រុកបានច្រើន ឈានទៅកាត់បន្ថយការនាំចូលទំនិញប្រើប្រាស់ពីបរទេស ពិសេសជាងនោះប្រជាជនក្នុងស្រុកនឹងមានការងារធ្វើគ្រប់គ្រាន់ផងដែរ។

សម្រាប់នាយករដ្ឋមន្រ្តីការបង្កើតសហគ្រាស ឬអាជីវកម្មខ្នាតតូចឱ្យបានច្រើន គឺជាយុទ្ធសាស្រ្តសេដ្ឋកិច្ចមួយ រុញកម្ពុជាចេញពីចរន្តសេដ្ឋកិច្ចដែលខ្ចីដង្ហើមគេដក ដោយបច្ចុប្បន្ននេះទំនិញប្រើប្រាស់ភាគច្រើនគឺនាំចូលពីបរទេស។

សម្តេច ហ៊ុន សែន៖«ខ្ញុំចង់បញ្ចេញសារទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងឡាយឱ្យបានដឹងថា រដ្ឋាភិបាលឈានទៅបង្កើតឱ្យមានធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានដើមទុន ១០០លានដុល្លារអាមេរិក ។យើងមិនចង់ ឱ្យ ផលប៉ះពាល់ទាំងឡាយដែលកើតចេញពីនេះពីនោះមកដល់យើងធ្ងន់ហួសនោះទេ ដែលប្រៀបដូចជាគេដាក់អុកស៊ីសែន គេដកអុកស៊ីសែនគឺងាប់ យើងមិនអាចក្លាយខ្លួនជាអ្នកទទួលអុកស៊ីពីគេនោះទេ»

ជាការកត់សម្គាល់ ការបង្កើនធនាគារសម្រាប់ផ្ត​ល់កម្ចីដល់ម្ចាស់សហគ្រាសធន់តូចនេះ កើតឡើងស្របពេលដែលសហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុបកំពុ​ងពិនិត្យពិចារណារឹតបណ្តឹងលើពន្ធនាំចូលទំនិញពីកម្ពុជា បន្ទាប់សហគមន៍អន្តរជាតិទាំងពីរនេះបានចោទរដ្ឋាភិបាលថាធ្វើឱ្យស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ចុះយ៉ាងធ្ងន់ធ្ងរក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ការបិទសិទ្ធិនយោបាយសមាជិកបក្សប្រឆាំង ការបិទប្រព័ន្ធផ្សាព្វផ្សាយ និងអង្គការសង្គមស៊ីមួយចំនួនដែលមាននិន្នាការទិចទានចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។

ការប្រកាសបង្កើនធនគារដែលមានទន់ជាង ១០០លានដុល្លារសម្រាប់ផ្តល់កម្ចីសហគ្រាសធន់តូចនេះ ក៏ធ្វើឡើងស្របពេលដែលអ្នកវិភាគនយោបាយ សេដ្ឋកិច្ច និងអ្នកតាមដានសង្គមព្យាករណ៍ថា ប្រសិនបើសហភាពអឺរ៉ុបដែលជាទីផ្សារផលិលសម្លៀកបំពាក់ធំជាងគេរបស់កម្ពុជារឹតបណ្តឹងពន្ធ ឬបិទកូតានាំចូលសម្លៀកបំពាក់មែននោះ នោះថៅកែនឹងបិទរោងចក្រ ហើយកម្មករនឹងអត់ការធ្វើផងដែរ។

កាលពីថ្ងៃទី០៤ ធ្នូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផ្ញើលិខិតរាយការណ៍ទៅកាន់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ពីការខាតបង់ប្រាក់ចំណូលលើពន្ធអាករប្រមាណ ៦៧៦លានដុល្លារប្រសិនបើសហភាពអឺរ៉ុបព្យួរសម្បទានពន្ធគយនាំចូលទំនិញពីកម្ពុជាមែននោះ។ ក្នុងលិខិតដដែល លោក ប៉ាន សូរស័ក្កិ បានស្នើដោយជូនជាយោបល់ដល់សម្តេច ហ៊ុន សែន ថា កម្ពុជាក្នុងស្ថានភាពនេះ ត្រូវធ្វើយ៉ាងណាបញ្ចុះបញ្ចូលបណ្តាប្រ ទេសសហភាពអឺរ៉ុបឱ្យបាន ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយណាមួយជាយថាហេតុ ។

ជុំវិញរឿងនេះលោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវឌ្ឍន៍សង្គមគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចង់ពង្រីកសហគ្រាសធន់តូចឱ្យបានច្រើននេះ ។ តែយ៉ាងណាលោកថា គំនិតនេះរដ្ឋាភិបាលគួរបង្កើតឡើងតាំងពី១០ឆ្នាំមុនមកម្ល៉េះ។

លោកបណ្ឌិត មាស នី បន្តថា ការបង្កើតធនាគារសម្រាប់សហគ្រាសខ្នាតតូចនេះអាចនឹងប្រឈមមុខនឹងបញ្ហាពីរធំៗ គឺ៖ទី មួយគឺបញ្ហាហូរចូលទំនិញប្រើប្រាស់ពីបរទេសច្រើនលើសលប់ដែលអាចបង្កហានីភ័យដល់ម្ចាស់សហគ្រាសដែលចង់បង្កើតសហគ្រាស ឬសិប្បកម្មក្នុងស្រុកពេលទទួលបានកម្ចីនេះ។ ទី២ គឺរដ្ឋាភិបាលអាចប្រឈមនឹងការខាតបង់ នៅពេលម្ចាស់សហគ្រាសមិនសងមកធនាគារវិញ ព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍ជូរចត់កាលពីប៉ុន្មានទសវត្សមុន ដែលពលរដ្ឋខ្ចីប្រាក់រដ្ឋហើយមិនសងវិញនោះ។

លោកបណ្ឌិត មាស នី៖«ប៉ុន្តែខ្ញុំគាំទ្រ អ្វីដែលជាការលើកឡើងរបស់សម្តេចនាយកដែលគ្រាន់ថា គាត់ទុកពេលយូរពេក យើងមិនបានគិតពីដើមមក ដល់ពេលស្ថានភាពធ្ងន់ធ្ងរហើយ បានយើងគិតយើងអាចហួសពេល ក៏ប៉ុន្តែអ្នកនយោបាយគេថាមិនយឹតពេលនោះទេ តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថារដ្ឋាភិបាលគួរគិតពី១០ឆ្នាំមុន ហើយបើគិតពី១០ឆ្នាំមុន ខ្ញុំថាគណបក្សប្រជាជនមិនបាត់បង់ប្រជាប្រិយភាពដូចរយៈពេលបោះឆ្នោតកន្លងមកនោះទេ»។​

                                        ​          លោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវធ្ឍន៍សង្គម។

តាមលោកបណ្ឌិត មាស នី ទំនិញប្រើប្រាស់ក្នុងជីវភាពរស់នៅ និងគ្រឿងឧបភោគបរិភោគជាង៩០%​គឺសុទ្ធសឹងតែជាផលិត ផលនាំចូលពីបរទេសពិសេស ថៃ និង វៀតណាម។

កាលពីពេលថ្មីៗក្នុងវេទិកាជួបជុំជាមួយម្ចាស់អាជីវកម្មធ្វើឡើងនៅក្រុងភ្នំពេញលោក ឌី សុវណ្ណ អគ្គ​នាយក​រង​នៅ​ក្រសួង​សេដ្ឋ កិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នកម្ពុជាមានអាជីវកម្មខ្នាតតូចឬ(SME) ប្រហែល ៥៦ម៉ឺនកន្លែងកំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។សហគ្រាសខ្នាតតូចនេះបាន​ផ្ដល់​ការងារ ៧០ ភាគរយ​ដល់​ប្រជាជនក្នុងសុ្រក។ ប៉ុន្តែ​តួលេខ​នោះ មាន​តែ ១០ ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្ប​ទាន​ផ្លូវ​ការ​ពី​គ្រឹះស្ថាន​ធនាគារ។

រីឯលោក​ស្រី ជា សិរិ អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែលត្រូវបានស្រង់មកចុះផ្សាយដោយសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ​ថា ការ​ចំណាយ​ខ្ពស់​នៃ​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ កង្វះ​គោល​នយោបាយរបស់​រដ្ឋាភិបាល ទាក់ទិននឹងអាជីវកម្មខ្នាតតូច សិទ្ធិ​ទទួល​បាន​ការ​ផ្ដល់​ហិរញ្ញប្បទាន​នៅ​មាន​កម្រិត និង​ផលិតភាព​មាន​កម្រិត​ទាប ខណៈព័ត៌មាន​ទីផ្សារ​នៅ​មាន​កម្រិតគគឺ ជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​សម្រាប់ អាជីវកម្មខ្នាតតូច ឬSME៕

Share

Image
Image
Image