ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបង្ហាញរបាយការណ៍ពីសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅឆ្នាំ២០១៧នេះ ដោយ បានបោសសម្អាតដីមានកប់គ្រាប់មីន និងផ្ទៃដីចម្ការដែលមានគ្រាប់មីនបានចំនួន ៨៦៣៦ហិចតា ។ ក្នុងនោះកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់គ្រប់ប្រភេទបានចំនួន ៣៧៤៤៨គ្រាប់។ នេះបើយោងតាមការទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពីថ្ងៃទី១៨ ខែធ្នូ។
បន្ថែមតែពីការរុករកឃើញគ្រាប់មីន និងកម្ទេចចោល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏មានការងារអប់រំដល់ពលរដ្ឋពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន រួមជាមួយនិងការងារស្រាវជ្រាវ ដើម្បីកំណត់ទីតាំងគ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកគីមី ព្រមទាំងការហ្វឹកហ្វឺនកំរិតជាតិ និងកំរិតអន្ដរជាតិសម្រាប់មន្ដ្រី នៃអង្គភាពស៊ីម៉ាក់ផងដែរ។
ទន្ទឹមនឹងការបង្ហាញពីរបាយការណ៍សកម្មភាពការងារ អគ្គនាយកស៊ីម៉ាក់ ក៏បានដាក់បង្ហាញពីផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពកំចាត់មីនឆ្នាំ២០១៨-២០២៥ផងដែរ ដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងធ្វើការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ លើផ្ទៃដីចម្ការប្រមាណចំនួន ១១៦គីឡូម៉ែត្រក្រឡា ជាការឆ្លើយតបទៅតាមសំណើរបន្ទាន់ៗចំនួន ៩០០០ហើយនឹងអាចបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ៥០០០០គ្រាប់។
មជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ គឺជាស្ថាប័នបោសសម្អាតមីន នៅក្នុងប្រទេសកម្ពុជា។ អង្គភាពកំចាត់មីនមួយនេះបានដាក់ចេញនូវកម្មវិធីការងារគន្លឹះចម្បងចំនួនបួន ដើម្បី “សង្គ្រោះជីវិត និងគាំទ្រការអភិវឌ្ឍន៍សំរាប់ប្រទេសកម្ពុជា” ។ កម្មវិធីទាំងនោះរួមមាន កម្មវិធីស្រាវជ្រាវ និងកាត់បន្ថាយបង្រួញផ្ទៃដីដែលមានមីន កម្មវិធីបោសសម្អាតមីន និងយុទ្ធភ័ន្ឌមិនទាន់ផ្ទុះ កម្មវិធីអប់រំផ្សព្វផ្សាយកាត់បន្ថយពីគ្រោះថ្នាក់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកម្មវិធីហ្វឹកហ្វឺន និងស្រាវជ្រាវការអភិវឌ្ឍន៍បច្ចេកវិទ្យាលើវិស័យបោសសម្អាតមីន៕