en     km
en     km

រដ្ឋមន្ដ្រីក្រសួង​ការងារ​ សន្យា​ការពារ​ពលករ​ ពល​ការិនី​ ខ្មែរ​ធ្វើការ​នៅ​ក្រៅប្រទេស​

Share

ភ្នំពេញ​៖​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ ជំរុញ​ឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទាំងអស់​ ត្រូវ​ការពារ​ពលករ​ ពល​ការិនី​ខ្មែរ​ ធ្វើការ​ក្រៅប្រទេស​ បើ​ទោះជា​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​ក៏​ដោយ​។​ តែ​សង្គម​ស៊ី​វិល​នៅ​តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពលករ​ក្រៅប្រទេស​ ពិសេស​គឺ​ស្ដ្រី​ ដែល​ងាយ​ប្រឈម​ការ​រំលោភ​បំពាន​ផ្សេងៗ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែង​ក្នុង​ឱកាស​ខួប​ ១០​ឆ្នាំ​ នៃ​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ ទី​១៥​ ខែធ្នូ​ ដោយ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ និង​ជំរុញ​ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​ បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ ត្រូវ​បង្កើន​ការ​យកចិត្ដទុកដាក់​ជួយ​ការពារ​ផលប្រយោជន៍​របស់​ពលករ​ទាំងអស់​ មិន​ថា​ ពួក​គេ​ទៅ​ដោយ​ស្របច្បាប់​ ឬ​ក៏​មិន​ស្របច្បាប់​នោះ​ទេ​ ព្រោះ​ពួក​គេ​សុទ្ធតែ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖«​អ​ញ្ចឹ​ង​ទេ​ នៅ​ពេល​ដែល​គេ​ទៅ​ស្របច្បាប់​ យើង​ត្រូវ​ជួយ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​គេ​ បើ​មាន​គ្រោះថ្នាក់​ត្រូវ​តែ​ជួយ​ធ្វើ​យ៉ាងណា​ផ្ដល់​សេវា​ធ្វើ​យ៉ាងម៉េច​ ឲ្យ​ពួក​គេ​ទទួល​បាន​ផលប្រយោជន៍​ស្រប​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​ដែល​ទទួល​ បើ​មិន​ទាន់​ស្របច្បាប់​យើង​ត្រូវ​តែ​ជួយ​គេ​ឲ្យ​ស្របច្បាប់​»​។​

​បន្ថែម​ពី​នេះ​រដ្ឋមន្ដ្រីក្រសួង​ការងារ​បាន​បន្ដ​ថា​ មាន​ពលករ​ខ្មែរ​ កំពុងធ្វើការ​ងារ​នៅ​ក្រៅប្រទេស​ប្រមាណ​ ១​លាន​ ២​សែន​នាក់​ ដែល​ពួក​គេ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​គ្រួសារ​ប្រមាណ​ជា​ ៣៨០០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ លោកស្រី​ អ៊ឹ​ង​ សៀ​ឫ​ទ្ធី​ ប្រធាន​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ ហៅ​កាត់​ថា​(​អាក្រា​)​ មាន​ប្រសាសន៍​ថា​ សមាគម​ បាន​អនុវត្ដ​ការងារ​តាំង​តែ​ពី​ឆ្នាំ​២០០៧​មក​ ដើម្បី​ធ្វើការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ ដែល​អនុ​ឡោម​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​។​ លោកស្រី​បន្ដ​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៤​ ក្រោម​ជំនួយ​របស់​អង្គការ​ ILO​ សមាគម​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​បាន​យល់​កាន់តែ​ច្បាស់​ពី​ការ​ធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​ ដែល​ក្នុង​នោះ​រួម​មាន​ ការ​ចូលរួម​ធ្វើ​ជា​វាគ្មិន​តាម​រយៈ​វិទ្យុ​ និង​ទូរទស្សន៍​នានា​ ហើយ​ជា​ពិសេស​ គឺ​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ខេត្ដកំពង់ចាម​ ព្រៃវែង​ សៀមរាប​ បាត់ដំបង​ និង​បន្ទាយ​មាន​ជ័យ​ជាដើម​។​

​លោកស្រី​ អ៊ឹ​ង​ សៀ​ឫ​ទ្ធី​៖«​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ចូលរួម​ជា​វាគ្មិន​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​ធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​ នៅ​តាម​បណ្ដា​ខេត្ដ​ស្រុក​ និង​តំបន់​ដាច់​ស្រយាល​ដែល​រួម​មាន​ខេត្ដកំពង់ចាម​ ព្រៃវែង​ សៀមរាប​ បាត់ដំបង​ និង​បន្ទាយ​មាន​ជ័យ​ជាដើម​ បង្កើន​កិច្ច​សហប្រតិបត្ដិកា​រណ៍​និង​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សមាគម​បរទេស​ ស្ដី​ពី​ការ​គ្រប់គ្រង​ និង​ការពារ​សិទ្ធិ​របស់​ពលករ​»​។​

​បើ​ទោះជា​មានការ​ប្ដេជ្ញា​ពី​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ក្នុង​ការ​ការពារ​ពលករ​ចំណា​ស្រុក​ ក៏​ដូច​ជា​ការ​ចុះ​ធ្វើ​សកម្មភាព​ពី​សមាគម​ជ្រើសរើស​ពលករ​ក្ដី​ ក៏​ប៉ុន្ដែ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​លករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ ដែល​ងាយ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ថៅកែ​ ជា​ពិសេស​គឺ​ស្ដ្រី​ ដែល​ជា​ជន​ងាយ​រង​គ្រោះ​បំផុត​ ខណៈ​ចេញ​ទៅ​ធ្វើ​ការងារ​ចំណាកស្រុក​។​

​លោក​ អំ​ សំអាត​ មន្ដ្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ លី​កាដូ​ មាន​ប្រសាសន៍​ថា​ បើ​ទោះបីជា​ទីភ្នាក់ងារ​បញ្ជូន​ពលករ​ធានា​អះអាង​ក៏​ដោយ​ តែបើ​ផ្អែក​តាម​បទ​ពិសោធន៍​កន្លង​មក​ អង្គការ​លី​កាដូ​ មើលឃើញ​ថា​ ពលករ​ភាគច្រើន​គឺ​តែងតែ​រង​ការ​ធ្វើបាប​ពី​ក្រុម​ថៅកែ​ ហើយ​ពិសេស​គឺ​ស្ដ្រី​ ដែល​ងាយ​ប្រឈម​បញ្ហា​បំផុត​ ក្នុង​ការ​ចេញ​ទៅ​ធ្វើ​ការងារ​ចំណាកស្រុក​។​

​លោក​ អំ​ សំអាត​៖«​បើ​និយាយ​ពី​មុន​មក​គឺ​យើង​ឃើញ​ថា​ ស្ដ្រី​ ប្រឈម​ច្រើន​ជាង​បុរស​ពី​មុន​មក​នៅ​ម៉ា​ឡេ​ស៊ី​អី​ គឺ​ស្ដ្រី​មាន​ច្រើន​ បុរស​ក៏​មាន​រង​ទុក្ខ​ដែរ​ ប៉ុន្ដែ​បុរស​បើ​យើង​ឃើញ​ភាគច្រើន​គឺ​រង​ទុក្ខ​ តែ​ផ្នែក​នេសាទ​អីហ្នឹង​ទទួល​ច្រើន​ បើ​ទាក់ទង​នឹង​ពលករ​អី​គាត់​ភាគច្រើន​ប្រឈម​គ្រោះថ្នាក់​ការងារ​ ឬ​ក៏​អាច​ប្រឈម​ដែរ​ តែ​ភាគតិច​ជាង​ស្ដ្រី​»​។​

​លោក​ អំ​ សំអាត​ យល់​ថា​ ដើម្បី​ការពារ​ពលករ​ ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ ឲ្យ​គេច​ផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​ល័ក្ខខ័ណ្ឌ​ នៃ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ច្បាស់​ ស្ដី​ពី​វិធានការ​ និង​យន្ដការ​ច្បាស់លាស់​ ដើម្បី​ជួយ​ពលករ​។​ លោក​ទទូច​ថា​ ក្រសួង​គួរ​រៀបចំ​វិធានការ​ជាក់លាក់​ជាមួយ​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ ឲ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ករណី​បញ្ជូន​ពលករ​ទៅ​ មាន​បញ្ហា​រំលោភសិទ្ធិ​ ឬ​ក៏​ត្រូវ​បាន​ធ្វើបាប​ពី​ថៅកែ​ និង​ចុង​ក្រោយ​ក្រសួង​ការងារ​គួរ​ តែ​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​ចុះ​ទៅ​ដល់​កន្លែង​ដោយ​ផ្ទាល់​ ដែល​ពលករ​ខ្មែរ​កំពុងធ្វើការ​ងារ​។​

​គួរ​ជម្រាប​ថា​ មក​ដល​ពេល​នេះ​ កម្ពុជា​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ទាំងអស់​មាន​ចំនួន​ ៨៥​អង្គភាព​ ប៉ុន្ដែ​ក្នុង​នោះ​មាន​តែ​ ៤៧​អង្គភាព​ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​ជា​សមាជិកសមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​៕

Share

Image
Image
Image