ភ្នំពេញ៖ ជនរងគ្រោះម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងដោយមិនដឹងមូលហេតុ ដែលករណីនេះសមត្ថកិច្ចបានប្រាប់ហេតុការណ៍ត្រួសៗថា អាចមកពីការឈ្លោះគ្នាលើដងផ្លូវ។
ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៣និង២០នាទីរំលងអាធ្រាត្រ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ ២៧១ ក្រុមទី២ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមគេហទំព័រអគ្គស្នងការរដ្ឋាននគរបាលជាតិ បានស្រង់សម្ដីលោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ខៀវ សុខជា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរអ្នកចម្រៀង។
លោកអធិការបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក DUKE ពាក់ស្លាកលេខ ភ្នំពេញ1GP-9640 ចេញពីក្លឹបប្ល៊ូឡាញ ផ្លូវ២៧១ សង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ គោលបំណងត្រឡប់ទៅផ្ទះ។
ពេលធ្វើដំណើរមកដល់មុខមន្ទីរពេទ្យរុស្ស៊ី ក៏មានរថយន្តមួយគ្រឿងម៉ាក Rav4 មកពីក្រោយ ស៊ីផ្លេរឲ្យជនរងគ្រោះអែបខាងដើម្បីវ៉ាទៅមុខ តែជនរងគ្រោះមិនព្រមអែបខាង ជនសង្ស័យបានស៊ីផ្លេរជាច្រើនដង តែជនរងគ្រោះនៅតែមិនព្រមអែប លុះដល់ស្ពានស្ទឹងមានជ័យ ជនសង្ស័យបានវ៉ាពីខាងឆ្វេងដៃ រួចចុចកញ្ចក់ចុះ ដកអាវុធខ្លីបាញ់សំដៅទៅលើជនរងគ្រោះ ត្រូវចំកខាងឆ្វេង បណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ហើយជនសង្ស័យក៏បើករថយន្តគេចទៅបាត់ ។
សពជនរងគ្រោះត្រូវដឹកតាមរថយន្តសង្គ្រោះយកទៅកាន់វត្តស្ទឹងមានជ័យ ហើយបន្ទាប់ពីធ្វើកោសល្យវិច័្ឆយរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតភូមិតាមួង ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង៕