en     km
en     km

អ្នកចម្រៀងម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់ស្លាប់

Share

ភ្នំពេញ៖ ជនរងគ្រោះ​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណបាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ដោយ​មិនដឹង​មូលហេតុ​ ដែលករណីនេះសមត្ថកិច្ចបានប្រាប់ហេតុការណ៍ត្រួសៗថា អាចមកពីការឈ្លោះគ្នាលើដងផ្លូវ។​

ហេតុការណ៍​ខាងលើបាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៣​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ នៅ​ចំណុចលើស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ផ្លូវ​ ២៧១​ ក្រុម​ទី​២​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

យោងតាមគេហទំព័រអគ្គស្នងការរដ្ឋាននគរបាលជាតិ បានស្រង់សម្ដីលោកវរសេនីយ៍ឯក យិន សាន ​ អធិការ​ខណ្ឌចំការមន​​ឲ្យ​ដឹងថា ​ជន​រង​គ្រោះ​មាន ឈ្មោះ​ ខៀវ​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ មុខរបរ​អ្នកចម្រៀង​។​

​លោក​អធិការ​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ DUKE​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1GP-9640​ ចេញពី​ក្លឹ​ប​ប្ល៊ូ​ឡាញ​ ផ្លូវ​២៧១​ សង្កាត់​បឹង​ទំពុន​ ១​ ខណ្ឌមានជ័យ​ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​។​

ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Rav4​ មក​ពីក្រោយ​ ស៊ី​ផ្លេរ​ឲ្យ​ជន​រង​គ្រោះ​អែប​ខាង​ដើម្បី​វ៉ា​ទៅ​មុខ​ តែ​ជន​រង​គ្រោះ​មិន​ព្រម​អែប​ខាង​ ជនសង្ស័យ​បាន​ស៊ី​ផ្លេរ​ជា​ច្រើន​ដង​ តែ​ជន​រង​គ្រោះ​នៅ​តែ​មិន​ព្រម​អែប​ លុះដល់​ស្ពាន​ស្ទឹង​មាន​ជ័យ​ ជនសង្ស័យ​បាន​វ៉ា​ពី​ខាងឆ្វេង​ដៃ​​ រួច​ចុច​កញ្ចក់​ចុះ​ ដក​អាវុធ​ខ្លី​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ ត្រូវ​ចំ​ក​ខាងឆ្វេង​ បណ្ដាល​ឲ្យ​ដួល​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​ ហើយ​ជនសង្ស័យ​ក៏​បើករថយន្ត​គេច​ទៅ​បាត់​ ។​

សព​ជន​រង​គ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់​វត្ត​ស្ទឹង​មាន​ជ័យ​ ហើយ​បន្ទាប់​ពី​ធ្វើ​កោសល្យវិច័្ឆយ​រួច​ សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ភូមិ​តា​មួ​ង​ ឃុំ​ផ្សារ​ ស្រុក​បរិបូ​ណ៍​ ខេត្តកំពង់ឆ្នាំង​៕

Share

Image
Image
Image