ភ្នំពេញ៖ សំបុកពងកូនសត្វកន្ធាយក្បាលកង្កែបចំនួន ០១សំបុក ត្រូវបានក្រុមអ្នកអភិរក្ស នៃរដ្ឋបាលជលផល អង្គការសមាគមនអភិរក្សសត្វព្រៃ និងប្រជាសហគមន៍ រកឃើញជាលើកដំបូង នៅក្នុងរដូវកាលពងកូនឆ្នាំ២០១៧នេះ នៅឆ្នេរខ្សាច់ដងទន្លេមេគង្គ ចន្លោះខេត្ដ ក្រចេះ និងស្ទឹងត្រែង ដែលជាកន្លែងពងកូនតែមួយគត់ របស់កន្ធាយក្បាលកង្កែប នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃហៅកាត់ថា WCS ដែលផ្ញើមកកាន់មណ្ឌលព័ត៌មានស្ដ្រីកម្ពុជានៅថ្ងៃទី១៩ ខែធ្នូនេះ។
លោក លៀ ស៊ីណា រាយការណ៍៖
សត្វកន្ធាយក្បាលកង្កែប ឬត្រូវគេហៅម្យ៉ាងទៀតថា រមិច គឺជាសត្វស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសាកលលោក។ ពពួកសត្វកន្ធាយក្បាលកង្កែប ត្រូវបានគេគិតថា ពួកវាផុតពូជពីកម្ពុជាអស់ទៅហើយ ក៏ប៉ុន្ដែរហូតមកដល់ឆ្នាំ២០០៧ ពពួកកន្ធាយក្បាលកង្កែបនេះ ត្រូវបានគេរកឃើញម្ដងទៀតនៅក្នុងបរិវេណ ៤៨គីឡូម៉ែត្រ នៅដងទន្លេមេគង្គ ចន្លោះខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង។
ក្រោយការរកឃើញ អង្គការអភិរក្សអន្ដរជាតិ បានរៀបចំគម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែបនេះ នៅដងទន្លេមេគង្គ ហើយក្រោយមកអង្គការអភិរក្សអន្ដរជាតិ ក៏បានផ្ទេរគម្រោងអភិរក្សសត្វកន្ធាយក្បាលកង្កែបនេះ ឲ្យទៅអង្គការសមាគមអភិរក្សសត្វព្រៃ WCS សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រានប្រទេសសត្វអណ្ដើក ដើម្បីអនុវត្ដបន្ដ។
អង្គការសមាគមអភិរក្សសត្វព្រៃ រដ្ឋបាលជលផល នៃក្រសួងបរិស្ថាន ក៏បានបង្កើតកម្មវិធីការពារសំបុកសត្វព្រៃ ដែលបានលើកទឹកចិត្ដឲ្យប្រជាសហគមន៍រស់នៅខេត្ដក្រចេះ និងស្ទឹងត្រែង ចូលរួមការពារសត្វកន្ធាយក្បាលកង្កែប ដោយបានជ្រើសរើសអតីតអ្នកប្រមូលពងកូន និងមេពូជកន្ធាយក្បាលកង្កែប ឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោងដើម្បីស្វែងរក និងការពារសំបុកកន្ធាយក្បាលកង្កែប ជំនួសឲ្យការប្រមូលយកពង និងមេពូជយកទៅហូប និងលក់ ។ រហូតមកដល់ពេលនេះ សំបុកពងកូនចំនួន ៣៧៨ត្រូវបានការពារ ហើយជាលទ្ធផល គឺទទួលបានកូនញាស់ចំនូន ៨៥២៨កូន។
ក្រុមអ្នកអភិរក្សសត្វព្រៃ អំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សា ការពារ ពពួកសត្វកន្ធាយក្បាលកង្កែបនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វដ៏កម្រ ដែលអាចនឹងផុតពូជនៅក្នុងពេលអនាគត ប្រសិនបើយើងមិនមានវិធានការអភិរក្ស ពួកវាឲ្យបានសមស្របទេនោះ៕