តបមតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា គណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិប្រទេសវៀតណាម ដឹកនាំដោយ លោក ង្វៀន ជីវិញ នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចំនួន ៣ថ្ងៃ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ធ្នូ ឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែលនេះ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ ឧត្ដមសេនីយ៍ ឯកបម្រុង ង្វៀន ជីវិញ ព្រមទាំងសហការី នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនានយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្ដី កម្ពុជា វៀតណាម លើកទី ៣ ជាមួយ នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មាននេះ គោលបំណងនៃកិច្ចសន្ទនានយោបាយការពារជាតិ កម្ពុជា -វៀតណាម គឺ ដើម្បីជំរុញអោយមានកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យ ទាំងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្ដភាព សាមគ្គីភាពដែលបានអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធិភាពនាពេលកន្លងមក ជាពិសេសភាគីទាំងពីរ នឹងបន្ដអនុវត្តឲ្យបានល្អប្រសើរបន្ថែមទៀតនូវអនុ ស្សារណៈ និងពិធីសារ ស្ដីពីកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគីរវាងក្រសួងការពារជាតិ កម្ពុជា និងវៀតណាម នាពេលខាងមុខ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូមកប្រទេសវៀតណាម ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងសម្ដេច ទៀបាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិផងដែរ៕