ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង (Yonhap) បានចុះផ្សាយនូវសម្រង់អត្ថបទមួយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសកូរ៉េខាងជើង ដែលថា រយៈពេល ៦ខែនៃការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ឃើញថា ជាផលលំបាកធ្ងន់ធ្ងរចំពោះជីវភាពរបស់ប្រជាជន។
តាមប្រភព គឺ ចាប់ពីដើមឆ្នាំ ២០១៨ ទៅប្រជាជនកូរ៉េខាងជើងដែលធ្លាក់ក្នុងស្ថានភាពក្រីក្រហើយនោះ គឺកាន់តែក្រីក្រថែមទៀត បើការដាក់ទណ្ឌកម្មលើប្រទេសកុម្មុយនិស្តកាន់តែធ្ងន់ធ្ងរ។
តាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ប្រជាជនកូរ៉េខាងជើង ១៨លាននាក់ ក្នុងចំនួនសរុប ជាង ២៥លាននាក់ ឬជាង៥០ភាគរយ បានធ្លាក់ក្នុងភាពក្រីក្រ។
ស្របនឹងការចុះផ្សាយរបស់ប្រភពកូរ៉េខាងត្បូងនេះដែរ ភ្នាក់ងារស្បៀងរបស់អង្គការសហប្រជាជាតិព្រមានថា ប្រជាជនកូរ៉េខាងជើងនឹងបន្តធ្លាក់ក្នុងស្ថានភាពក្រតោកយ៉ាកទៀតនៅឆ្នាំ២០១៨។
សារព័ត៌មានក្នុងស្រុកនៃប្រទេសកូរ៉េខាងជើងចុះផ្សាយថា ទោះជាមានការដាក់ទណ្ឌកម្មដូចនេះក្ដី តែការអភិវឌ្ឍនុយក្លេអ៊ែរនៅតែពន្លឿនទៅមុខជានិច្ច៕