en     km
en     km

លោក​ សុខ​ ទូច​ ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​ អះអាង​ថា​ កម្ពុជា​នៅ​តែ​មាន​លទ្ធិប្រជាធិបតេយ្យ​

Share

​ភ្នំពេញ​៖​ ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​ បាន​ថ្លែង​ប្រតិកម្ម​ទៅ​ នឹង​ការ​លើក​ឡើង​របស់​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ អគ្គនាយករង​កិច្ចការ​សាធារណៈ​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ថា​ លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បាន​ដើរ​ដល់​ចំណុច​គ្រោះថ្នាក់​ ដោយ​លោក​អះអាង​ថា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​មិន​គ្រោះថ្នាក់​ទេ​។​ តែ​អ្នក​សង្កេតការណ៍​ មិន​យល់​ស្រប​តាម​ការ​អះអាង​របស់​លោក​ សុខ​ ទូច​ នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា

 

​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​លោក​ បណ្ឌិត​ សុខ​ ទូច​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី​ “​តួនាទី​របស់​មហាអំណាច​ក្នុង​កិច្ចការ​តំបន់​ និង​ ពិភពលោក​”​ នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ រាជធានី​ភ្នំពេញ​។​
​លោក​បណ្ឌិត​ សុខ​ ទូច​ បាន​ថ្លែង​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​មិន​បាន​ដើរ​ថយក្រោយ​ ឬ​ស្លាប់​ដូច​ការ​ថ្លែង​របស់​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ អគ្គនាយករង​កិច្ចការ​សាធារណៈ​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ដោយ​លោក​ថ្លែង​អះអាង​ថា​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​។​

​បន្ថែម​ពី​នេះ​ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​ បន្ដ​ថា​ មិន​អាច​ចោទ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ថា​ ជា​មេដឹកនាំ​ផ្ដាច់​ការ​នោះ​ទេ​ ពីព្រោះ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មាន​សេរី​ភាពល្អ​ប្រសើរ​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​តំបន់​អាស៊ី​ ហើយ​ជា​ពិសេស​កម្ពុជា​នៅ​តែ​មាន​តែ​គណបក្ស​នយោបាយ​ជា​ច្រើន​ដែល​មានឈ្មោះ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​។​

​លោក​បណ្ឌិត​ សុខ​ ទូច​៖«​បើសិនជា​កម្ពុជា​ នៅ​សល់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​បានជា​ប្រទេស​កម្ពុជា​ លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​ ហើយ​កាន់​របប​កុំ​មុនី​ស​តាម​បែប​ឡាវ​ តាម​បែប​វៀតណាម​ តែ​កម្ពុជា​នៅ​តែ​ពហុបក្ស​ រដ្ឋធម្មនុញ​បាន​ចែង​ សេរី​ពហុបក្ស​ តើ​កម្ពុជា​មាន​បក្ស​ប៉ុន្មាន​ដើម្បី​ចូលរួម​បោះ​ឆ្នោត​ តើ​កម្ពុជា​លទ្ធិប្រជាធិបតេយ្យ​ឬ​ក៏​កម្ពុជា​នៅ​ផ្ដាច់​ការ​ តើ​កម្ពុជា​បាន​ប្ដូរ​ថ្ងៃ​បោះ​ឆ្នោត​ដែរ​ឬទេ​ បើ​មិន​ប្ដូរ​តើ​មាន​ស្អី​ដែល​ប្រែប្រួល​»​។​

​លើស​ពី​នេះ​លោក​បណ្ឌិត​ សុខ​ ទូច​ មាន​ប្រសាសន៍​ថា​ មិន​អាច​យក​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក​ មក​ប្រៀបធៀប​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ឡើយ​ ព្រោះ​អា​មេ​រិ​កបាន​ដើរ​លើ​លទ្ធិប្រជាធិបតេយ្យ​ជាង​ ៤០០​ឆ្នាំ​ តែ​កម្ពុជា​ទើបតែ​បាន​ដើរ​លើ​លទ្ធិ​ប្រជា​ធិ​ប្រជាធិបតេយ្យ​ជាង​ ២០​ឆ្នាំ​ប៉ុណ្ណោះ​។​

​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ អគ្គនាយករង​កិច្ចការ​សាធារណៈ​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ក្នុង​វេទិកា​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​កាលពី​ពេល​កន្លង​ទៅ​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ស្លាប់​បាត់​ទៅ​ហើយ​ តាំង​តែ​ពី​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រធាន​ណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​គណបក្ស​នេះ​ កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ម្លេះ​។​

កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈ របស់អតីតគណបក្សសង្រ្គោះជាតិ

 

​កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ ៖«​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ស្លាប់​នៅ​ពេល​ដែល​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​លែង​មានដំណើរ​ការ​ ជា​គណបក្ស​មួយ​ដែល​អាច​ប្រកួត​ជាមួយ​គណបក្សកាន់អំណាច​ អ​ញ្ចឹ​ង​លទ្ធិប្រជាធិបតេយ្យ​ពីរ​ខែ​ហ្នឹង​លែង​ដើរ​បាត់​ទៅ​ តាំងពី​មិន​ទាន់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ម្លេះ​»​។​

​ចំណែក​លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធ​មនុស្ស​ ហៅ​កាត់​ថា​ (Central)​ មាន​ប្រសាសន៍​ថា​ ស្ថានការណ៍​នយោបាយ​ដែល​វិវដ្ដ​នា​ពេល​ចុង​ក្រោយ​នេះ​ គឺ​លំបាក​ឲ្យ​គេ​មើលឃើញ​ថា​ មាន​លទ្ធិប្រជាធិបតេយ្យ​ណាស់​ ដែល​លោក​លើកយក​ករណី​ចាប់​តំណាងរាស្ដ្រ​ទាំង​កណ្ដាល​យប់​ និង​ការ​អនុវត្ដ​នីតិវិធី​ច្បាប់​ដែល​មាន​ស្ដង់​ការ​ចំពោះ​មន្ដ្រី​ក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​ និង​មន្ដ្រី​ក្នុង​បក្ស​រដ្ឋាភិបាល​។​

លោក មឿន តុលា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស

លោក​ មឿ​ន​ តុលា​៖«​យើង​ឃើញ​ហើយ​ថា​ ការ​អនុវត្ដ​កន្លង​មក​មានការ​ចាប់​តំណាងរាស្ដ្រ​នៅ​ពាក់កណ្ដាល​យប់​ ដែល​វា​ខុស​ពី​នីតិវិធី​ព្រហ្មទណ្ឌ​ ហើយ​ការ​អនុវត្ដ​ច្បាប់​នៅ​ស្រុក​ខ្មែរ​យើង​ គឺ​មាន​លក្ខណៈ​ជា​ស្ដង់ដា​ពីរ​ខុស​គ្នា​ អ​ញ្ចឹ​ង​បញ្ហា​នេះ​គឺជា​ឧ​បស​ក្គ​មួយ​ដែល​ពិបាក​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ណាស់​»​។​

​គួរ​ជម្រាប​ថា​ មក​ដល់​ពេល​នេះ​មិន​ថា​តែ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ហៅ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា​ បាន​ស្លាប់​បន្ទាប់​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ សូ​ម្បី​តែ​មតិ​អន្តរជាតិ​មួយ​ចំនួន​មាន​ដូច​ជា​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ស៊ុ​យ​អែ​ត​ សុទ្ធតែ​ហៅ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ថា​ កំពុង​ដើរ​ថយក្រោយ​ និង​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​បែប​នេះ​ក្ដី​ ប្រមុខ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ​ កម្មការិនី​ កាលពី​ថ្ងៃអាទិត្យ​ ទី​១៧​ ធ្នូ​ សម្ដេច​បាន​ អះអាង​ពី​ឯករាជ្យ​ភាព​របស់​កម្ពុជា​ គឺ​មិន​ស្ថិត​ក្រោម​ប្រទេស​ណាមួយ​ឡើយ​ ។​ ក្នុង​ឱកាស​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ពន្យល់​ពី​ការ​បោះ​ឆ្នោត​សភា​ នៅ​ឆ្នាំ​ក្រោយ​នេះ​ គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ទោះជា​គ្មាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ក្ដី​ ព្រោះ​ការ​បោះ​ឆ្នោត​មាន​បក្ស​ជា​ច្រើន​ចូលរួម​ ដែល​មាន​ន័យ​ថា​ កម្ពុជា​មាន​ប្រជាធិបតេយ្យ​របស់​ខ្លួន​រួច​ហើយ​៕

Share

ព័ត៌មានទាក់ទង

Image