យ៉ាងតិចណាស់ពលករខ្មែរចំនួន៥នាក់ ត្រូវបានកម្លំាងអន្តោប្រវេសន៏ថៃដែលឈរជើងប្រចំាច្រកទ្វារអន្តរជាតិខ្លងលឹក (ប៉ោយប៉ែត) ឃាត់ខ្លួនព្រមទំាងបញ្ជូនពួកគេទៅសាកសួរនៅស្នងការដ្ឋានខេត្តស្រះកែវករណីចូលទឹកដីថៃដោយខុសច្បាប់តាមរយៈរន្ធក្រោមដី។ នេះបើតាមទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហោះផ្សាយនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០១៧។
ក្នុងចំណោមពលករទំាង៥នាក់នោះក៏មានស្រ្តីម្នាក់ផងដែរ។
ការឃាត់ខ្លួននេះបានធ្វើទ្បើងកាលពីល្ងាចថ្ងៃទី១៥ ខែ ធ្នូ ឆ្នំា២០១៧ ដោយកិច្ចសហប្រតិបត្តិការនេះធ្វើទ្បើងដោយកម្លាំងអន្តោប្រវេសន៏ និងកម្លំាងតម្រួតថៃ ប្រចាំតំបន់ខ្លងសឹក បានចុះទៅកាន់ចំណុចរបងថ្មមួយកន្លែងដែលបានសាងសង់ទ្បើងជាប់នឹងមាត់អូរព្រំដែន នៅទិសខាងត្បូងនៃទីលានផ្ញើរថយន្តរបស់ក្រុមហ៊ុនហ្គោលដិនកេត ស្ថិតនៅឃុំអារញ្ញ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
តាមប្រភពដដែលឱ្យដឹងទៀតថា គេប្រទះឃើញមានរន្ធមួយដែលមានទំហំ ០, ៥០ម៉ែត្រសម្រាប់ឆ្លងចេញ ចូល ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃតាមក្រោមរបងថ្មនៃខ្សែបន្ទាត់ព្រំដែន។
ដោយសារមានការសង្ស័យដូចនេះកងកម្លាំងសមត្ថកិច្ចប្រទេសថៃ បានអង្គុយចំាឃ្លំាមើលមួយសន្ទុះក៏បានពលករខ្មែរចំនួន៥នាក់បានលូនចេញពីរន្ធក្រោមដីបន្តបន្ទាប់ ទើបកម្លំាងតម្រួតថៃឃាត់ខ្លួនដោយបានចាប់ទាញ ចេញពីរន្ធព្រមទំាងបានសាកសួរបឋមពីពលករខ្មែរទំាងនោះ។ ពួកគេបានសារភាពថា រូងក្រោមដីនេះគឺជាស្នាដៃរបស់ក្រុមមេខ្សល់សម្រាប់ឱ្យពលករខ្មែរលូនឆ្លងចូលទៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ដោយបង់ឱ្យពួកគេក្នុងម្នាក់៧០០បាត។
បន្ទាប់ពីសាកសួរបឋមទៅលើពលករខ្មែររួចមក ត្រមួតថៃបាននំាខ្លួនពលករខ្មែរទំាង៥នាក់នោះទៅកាន់ស្នងការដ្ឋានខេត្តស្រះកែវជាបណ្តោះអាសន្នដើម្បីសាកសួរបន្តក្នុងការស្វែងរកមុខសញ្ញាមេក្លោងធំដែលនៅពីក្រោយខ្នងក្នុងរឿងនេះ។
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាពលករកម្ពុជាដែលបានចេញទៅបម្រើការងារនៅក្នុងប្រទេសថៃមានប្រមាណជាង ១លាននាក់៕