ភ្នំពេញ៖ស្របពេលរបាយការណ៍របស់ធនាគារពិភពលោក(World Bank)បានចាត់ទុកកម្ពុជាចាកផុតភាពក្រីក្រតោកយ៉ាកកម្រិតទាប។តែអ្នកសេដ្ឋកិច្ចមើលឃើញថាហានិភ័យនៃស្ថានភាពនយោបាយមិនប្រាកដប្រជានេះនាំឱ្យមានភាពផុយស្រួយធ្លាក់ទៅរកភាពក្រីក្រវិញ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី៤ ធ្នូ បានបង្ហាញថាកម្ពុជាបានចាកផុតពីភាពក្រីក្រតោកយ៉ាងកម្រិតទាបប៉ុន្តែជនវណ្ណៈកណ្តាលមានទំហំតិចតួច នៅឡើយ។
ធនាគារពិភពលោករកឃើញថាប្រហែល១/៤នៃប្រជាជនសរុបនៃក្រុមប្រជាពលរដ្ឋរកចំណូលទាបចាប់ពី៣,១០ដុល្លារនិង៥,១០ដុល្លារក្នុងមួយថ្ងៃដែលក្រុមនេះងាយក្លាយជនក្រីក្រតោកយ៉ាកវិញ។
ជនក្រីក្រតោកយ៉ាកឬជនក្រីក្រល្មមធ្លាក់ចុះសន្ធឹកសន្ធាប់ជិតពាក់កណ្តាលនៃប្រជាជនសរុបក្នុងឆ្នាំ២០០២មកនៅត្រឹម១/៨បន្តិចក្នុងឆ្នាំ២០១៥។
លោកសាស្ត្រាចារ្យសេដ្ឋកិច្ចពីប្រទេសរ៉ិស្សី តេង ឌឺលុច បានឲ្យដឹងថាក្នុងស្ថានភាពនយោ បាយមិនប្រាកដប្រជានឹងអាចទាញ់ទម្លាក់ទៅរកភាពក្រីក្រវិញបើទោះបីជាការប៉ាន់ប្រមាណទំហំសេដ្ឋកិច្ចកម្ពុជានឹងឈានដល់២២ពាន់លានដុល្លារនិងផលទុនជាតិសរុបនឹងកើនឡើងដល់ជាង១៤០០ដុល្លារអាមេរិកក៏ដោយ។
«ប្រទេសកម្ពុជាមានស្ថានភាពផុយស្រួយនៅឡើយនៃផ្នែកសេដ្ឋកិច្ចតាមការប៉ាន់ប្រមាណទំហំសេដ្ឋកិច្ចសម្រេចបានឈានដល់២២ពាន់លានGDP per capital។ផលទន់ជាតិសរុបក្នុងមនុស្សម្នាក់នឹងអាចកើនឡើង១៤០០ដុល្លារជាងតាមអ្វីដែលក្រសួងសេដ្ឋកិច្ចប៉ាន់ស្មាន។ប៉ុន្តែប្រសិនវិបត្តិសេដ្ឋកិច្ចដោយសារពាក់ព័ន្ធហានិភ័យភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយវាអានប្រាកដជាឥទ្ធផលទៅលើកត្តាទាំងអស់នោះវិញ»។
កំណើនសេដ្ឋកិច្ចកម្ពុជាគេរំពឹងថាមានភាពរឹងមាំ៦,៩ភាគរយនៅឆ្នាំ២០១៨ ខណៈកំណើនសេដ្ឋកិច្ចមាន៧ភាគរយនៅឆ្នាំ២០១៧។កំណើនសេដ្ឋកិច្ចនេះជួយកាត់បន្ថយភាពក្រីក្រក្នុងអត្រា៤៧,៨ភាគរយនៅឆ្នាំ២០០៧ មកត្រឹម១៣,៥ភាគរយនៅឆ្នាំ២០១៤។
លោក គី សេរីវឌ្ឍ បណ្ឌិតផ្នែកសេដ្ឋកិច្ចពន្យល់ថាវិស័យវាយនភណ្ឌនិងវិស័យសំណង់ជាជន្ទល់ ចម្បងមួយជួយឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។លោកថាលំហូរពលករចំណាកស្រុកក៏បានជួយកាត់បន្ថយភាពក្រីក្របើទោះបីជាការធ្វើចំណាកស្រុកមានបញ្ហាប្រឈមខ្លះក៏ដោយ។
លោកបណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍ បន្ថែមថាដើម្បីរក្សាកុំឲ្យកម្ពុជាធ្លាក់ទៅរកភាពក្រីក្រវិញ រាជរដ្ឋាភិបាលត្រូវពង្រីកផលិតភាពនិងពង្រឹងសមត្ថភាពបុគ្គលិកជំនាញលើវិស័យសំណង់។
លោកបណ្ឌិតពន្យល់ថាចំណូលជនវណ្ណៈកណ្តាលប្រហាក់ប្រហែលទៅនឹងចំណូលជាតិចន្លោះពី១៤០០ដុល្លារទៅ១៥០០ដុល្លារក្នុងមួយឆ្នាំ។ជនវណ្ណៈកណ្តាលជាក្រុមមនុស្សចាកផុតពីបន្ទាត់ក្រីក្រ។
«ចំណូលក្រុមវណ្ណៈកណ្តាលគឺខ្ទង់១៤០០ទៅ១៥០០ដុល្លារក្នុងមួយឆ្នាំគេថាក្រុមនេះចាកផុតពីបន្ទាត់ភាពក្រីក្រដែលចំណាយប្រហែល១.៥ដុល្លារក្នុងមួយថ្ងៃ។»
លោកបណ្ឌិត សេរីវឌ្ឍបានប៉ាន់ប្រមាណថាបើប្រទេសកម្ពុជារក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគថេរនិងចំណូលប្រជាជនឈានដល់៣២០០ដុល្លារក្នុងឆ្នាំគឺកម្ពុជានឹងក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់។
តាមរបាយការណ៍ធនាគារពិភពលោកដែលមានចំណងជើងថា«ផលចំណេញពីភាពចម្រុងចម្រើនបច្ចុប្បន្ន អព្ភូតហេតុតំបន់អាស៊ីបូព៌ាសម្រាប់សតវត្សរ៍ទី២១»គឺប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងប៉ាហ្វីហ្វ៊ិចក្នុងនោះមានកម្ពុជាចាំបាច់ត្រូវផ្តោតលើគោលនយោបាយដែលមានស្រាប់ក្នុងវិស័យទេចរណ៍ នេសាទ និងតាមរយៈអានុភាពឱកាសការធ្វើពលកម្មចំណាកស្រុកនិងការវិនិយោគ ដើម្បីជួយកាត់បន្ថយនិងទប់ស្កាត់គ្រោះមហន្តរាយ។
យោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគិតមកត្រឹមឆ្នាំ២០១៥ប្រទេសកម្ពុជាជំពាក់បំណុលបរទេសសរុប៩៣០០លានដុល្លារអាមេរិក។ក្នុងនោះរដ្ឋាភិបាលជំពាក់បំណុលបរទេសជាង៥ ពាន់លានដុល្លារនិងបំណុលវិស័យឯកជនជំពាក់បរទេសចំនួន៤ពាន់លានដុល្លារ។ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលសាធារណៈឬបំណុលបរទេសចំនួន៣៧៥ដុល្លារអាមេរិក៕