en     km
en     km

វីដេអូចំនួន៣ទាក់ទងនឹងអំពើជួញដូរកុមារឆ្លុះបញ្ចាំងពីរឿងពិតរបស់ក្មេងស្រី(មានសំឡេង)

Share

បទយកការណ៍៖ ខ្សែភាពយន្ដ និងវីដេអូឯកសារទាំង ៣ ដែលបានដាក់បង្ហាញដោយក្រុមការងារដើម្បីដោះស្រាយទំនាស់ ACT នៅពេលចុះទស្សនកិច្ចនៅខេត្តកោះកុងកន្លងទៅនេះ បានបង្ហាញពីខ្សែជីវិតរបស់កុមារីដែលត្រូវបានគេយកជួញដូរ។តើរឿងពិតនៃវីដេអូឯកសារទាំងនោះបានបង្ហាញពីតថភាពយ៉ាងណាខ្លះអំពីជីវិតកុមារីដែលត្រូវបានគេយកទៅលក់ដែលក្នុងនោះមានរឿងរ៉ាវរបស់កុមារីកម្ពុជាផងដែរ។

ជាបន្ដសូមស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតាដូចតទៅ៖

 

«ម៉ែ! ចាំថ្ងៃក្រោយ ខ្ញុំទិញដំបូលធ្វើផ្ទះអោយមិនចាំបាច់យកចំបើងក្របធ្វើផ្ទះទេ!»

ក្នុងរូបភាពនៃវីដេអូនេះ គឺនាងលក្ម្សីុ និងឱពុកម្ដាយរបស់នាងបានទៅចូលរួមនៅក្នុងពិធីបុណ្យភូមិនៅក្នុងភូមិដែលនាងរស់នៅ។

លក្ម្សីុ និងគ្រួសាររបស់នាងក៏បានជួបនឹងស្រ្ដីចំណាស់ម្នាក់នៅក្នុងពិធីនេះ។ ស្រ្ដីចំណាស់ម្នាក់នោះមកពីប្រទេសឥណ្ឌា។

«អូនអ្នកឯងស្អាតណាស់! តើអ្នកឯងចង់បានសំលៀកបំពាក់ល្អៗ ញ៉ាំឆ្ងាញ់ៗទេ ។ ដើម្បីបានចឹងតើក្មេងតូចដូចខ្ញុំត្រូវធ្វើការមែន? តើខ្ញុំអាចធ្វើអី្វការបាន? អ្នកឯងអាចធ្វើបាន?»

ពេលត្រទ្បប់មកផ្ទះវិញ ឳពុកលក្ម្សីុ បានប្រាប់ទៅម្ដាយរបស់លក្ម្សីុថា លក្ម្សីុនឹងត្រូវទៅធ្វើការជាមួយស្រ្ដីខាងលើនៅប្រទេសឥណ្ឌា ។

«ខ្ញុំ(ឳពុកលក្ម្សីុ) បានយកលុយគេហើយ អោយវាទៅធ្វើការអោយគេទៅ»

ព្រឹកស្អែកឡើងស្រីចំណាស់ម្នាក់នោះ ក៏បានមកទទួលល័ក្ខស្មីពីឱពុករបស់នាង។

«តើរយៈពេលប៉ុន្មាន ដើម្បីអោយខ្ញុំអាចរកលុយបានសន្សំធ្វើដំបូងផ្ទះ និងសងអ្នក! អូ!អាណឹងវាអាស្រ័យទៅលើអ្នកឯងទេ បើអ្នកខ្លាំងក្លាអ្នកឯងអាចរកលុយសន្សំបានហើយ»។

ក្នុងការធ្វើដំណើរពីប្រទេសនេប៉ាល់ ទៅកាន់ប្រទេសឥណ្ឌាលក្ម្សីុ ត្រូវបានស្រ្ដីចំណាស់ម្នាក់នោះ តុបតែងខ្លួនជាភ្ញៀវទេសចរ ដើម្បីលាក់បាំងពីភ្នែកប៉ូលីសប្រចាំច្រកទ្វារព្រំដែន។

«នៅក្នុងការធ្វើដំណើរឆ្លងហ្នឹង បើមានបុរសៗសួរថាអ្នកឯងមកធ្វើអី អ្នកឯងត្រូវឆ្លើយថា មកទេសចរ»

នៅពេលឆ្លងកាត់ផុតពីភ្នែកប៉ូលីសអន្ដោប្រវេសន៍ លក្ម្សីុក៏បានទៅដល់ផ្ទះមួយកន្លែង។

ពេលទៅដល់ទីនោះស្រ្ដីម្នាក់ក៏បានចេញមកទទួលលក្ម្សីុ និងបានតុបតែងខ្លួនអោយលក្ម្សីុយ៉ាងស្រស់ស្អាត ហើយចាក់សោរឃុំ លក្ម្សីុនៅក្នុងបន្ទប់មួយ។

«ហេតុអ្វីចាក់សោរទ្វារ ហេតុអីទុកខ្ញុំនៅក្នុងនេះធ្វើអី»

លក្ម្សីុនៅក្នុងបន្ទប់នេះអស់ជាច្រើនថ្ងៃ និងមិនអាចចេញទៅណាបានទាល់តែសោះទោះបីនាងស្រែកហៅគេជួយ និងរកវិធីរត់គេចចេញពីបន្ទប់ដ៏ងងឹតនេះយ៉ាងណាក៏ដោយ។

ថ្ងៃមួយលក្ម្សីុក៏ត្រូវបានគេបង្ខំអោយទទួលភ្ញៀវ។ នាងភ័យជាខ្លាំងហើយមិនព្រមទទួលភ្ញៀវនោះទេ។

លក្ម្សីុក៏បានព្យាយាមរួចរត់គេចចេញពីទីនេះម្ដងទៀត តែមិនបានសម្រេចដោយត្រូវមេបន​និងបក្ខពួកចាប់ជាប់ ហើយវាយដំធ្វើបាបយ៉ាងខ្លាំង។

ក្នុងអាយុ ១១ឆ្នាំ ​ប៉ុណ្ណោះ លក្ម្សីុត្រូវបានគេបង្ខាំងនៅក្នុងបន្ទប់ងងឹត ហើយបង្ខំអោយទទួលភ្ញៀវជារៀងរាល់ថ្ងៃ។

រាល់ហេតុការណ៍ដែលលក្ម្សីុបានឃើញ និងជួបប្រទះនាងតែងតែបន់ស្រន់ដល់ព្រះ ដើម្បីអោយរួចផុតពីកន្លែងដ៏ឃោរឃៅមួយនេះ។

វីដេអូឯកសារខាងលើនេះ គឺជាការរឿងពិតរបស់ក្មេងស្រីម្នាក់នៅប្រទេសនេប៉ាល់ត្រូវបានជួញដូរផ្លូវភេទ។

ដោយឡែក វីដេអូបន្ទាប់នេះ គឺជារឿងពិតរបស់ជីវិតក្មេងស្រីកម្ពុជាម្នាក់ដែលមានអាយុ ៧ឆ្នាំ ហើយត្រូវបានគេយក់ទៅលក់។

« ម្ដាយខ្ញុំជាជនពិការ បងប្រុសរបស់ខ្ញុំជាអ្នកចែកចាយគ្រឿងញៀន ។ចឹងគ្រួសារខ្ញុំពិបាកខ្លាំងណាស់អត់មានលុយទេ។ ចឹងកាលពីខ្ញុំអាយុ  ៧ឆ្នាំខ្ញុំត្រូវបានគេយកទៅលក់អោយផ្ទះបននៅកំពង់សោម»

ក្មេងស្រីម្នាក់នេះ ត្រូវបានគេឃុំនៅផ្ទះបនរយៈពេល ៣ឆ្នាំ អោយបម្រើផ្លូវភេទ។

«ខ្ញុំនៅក្នុងបន្ទបនោះ ខ្ញុំយំរហូត យំគ្រប់ពេល ហើយខ្ញុំធ្វើអីអត់កើតទេ ខ្ញុំលេងតែសក់ខ្ញុំដូចមនុស្សឆ្កួតចឹង»

រយៈពេល ៣ឆ្នាំទើបនាង ត្រូវបានគេបានជួយសង្រ្គោះ នឹងរួចផុតពីកន្លែងវេទនានៅក្នុងផ្ទះបន។ ហេតុការណ៍ដែលបានកើតឡើងមកលើនាង កាលពីកុមារភាពបានធ្វើអោយប៉ះពាល់ដល់ស្មារតី និងផ្លូវចិត្តរបស់នាងជាខ្លាំង បើទោះបីជាពេលនេះនាងមានអាយុ ២៥ឆ្នាំ ហើយក៏ដោយ។

«ខ្ញុំនៅតែមានអារម្មណ៍ថាខ្លាចមនុស្សប្រុស គ្រប់ពេលដែលបិទភ្នែកគឺតែងតែស្រមៃឃើញរូបភាពហ្នឹង»

មិនខុសពីគ្នា ប៉ុន្មានដែរ ខ្សែវីដេអូចុងក្រោយនេះ ក៏បានបង្ហាញពីជីវិតពិតរបស់ក្មេងស្រីកម្ពុជា​ម្នាក់ទៀតផងដែរ ដែលរងគ្រោះដោយសារអំពើជួញដូរនេះ។

«គេបង្ខំឱ្យខ្ញុំបម្រើសេវាផ្លូវភេទគ្រប់បែបយ៉ាង ហើយខ្ញុំអត់អាចនិយាយឆ្លើយ និងតវ៉ាអីបានទេ ​ខ្ញុំមានការវង្វេងវង្វាន់មែនទែន!»

ស្រ្ដីម្នាក់ដែលកំពុងនិយាយនេះ គឺនាងត្រូវបានគេយកទៅលក់ ឱ្យទៅបម្រើសេវាផ្លូវភេទនៅអាយុ ៩ឆ្នាំ។

មុននឹងនាងបានរួចខ្លួនចេញពីផ្ទះបន នាងក៏វេទនាខ្លាំង មិនចាញ់នឹងក្មេងស្រីខាងលើនោះដែរ។

ជាក្មេងស្រីដែលធ្លាប់រងគ្រោះក្នុងរឿងនេះ នាងសំនូមពរអោយអ្នកទាំងអស់គ្នាបន្ដការយកចិត្តទុកដាក់ និងជួយសង្រ្គោះទៅដល់ក្មេងស្រី និងស្រ្ដីដែលរងគ្រោះដូចជានាង ។

«ខ្ញុំប្រាប់រឿងនេះទៅដល់អ្នកទាំងអស់នេះ ដើម្បីអោយដឹងថា ក្មេងស្រីដែលនៅក្មេងត្រូវបានលក់ទៅ   អោយផ្ទះបន ហើយខ្ញុំក៏ចង់អោយក្មេងស្រីដទៃទៀតរួចខ្លួនដូចជាខ្ញុំដែរ។ ដូច្នេះបើសិនជាយើងម្នាក់ៗអាចជួយសង្រ្គោះក្មេងស្រីម្នាក់ដែលរងគ្រោះ គឺជារឿងមួយដែលអស្ចារ្យ!» ៕

កត់សម្គាល់៖ វីដេអូឯកសារទាំង ៣ ដែលបានដាក់បង្ហាញដោយក្រុមការងារដើម្បីដោះស្រាយទំនាស់ ACT ជាសំឡេង ភាសាអង់គ្លេស ហើយ ត្រូវបាន មន្ត្រី ACT បកប្រែ ជាភាសាខ្មែរអោយដឹងត្រួសៗ អំពីដំណើរដើមទងដែលបានកើតឡើងលើកេ្មងស្រីទាំង៣រូបនេះ៕

 

 

Share

Image
Image
Image