ភ្នំពេញ៖ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថាក្រសួង នឹងមានការលើកលែងការបង់ពន្ធលើប្រាក់ចំណូលរយៈពេល ២ឆ្នាំ ទៅដល់ស្ថាប័នទាំងអស់នៅកម្ពុជារួមទាំងស្ថាប័នសារព័ត៌មានផងដែរ ។
លោក វ៉ាន់ ពុទ្ធិពល ៖«ឧទាហរណ៍ថា បើគាត់ត្រូវចុះបញ្ជី២០១៧ គាត់បាន ២០១៧ និង២០១៨ តែបើគាត់ចុះ២០១៨ គាត់បាន២០១៨ និង២០១៩ »។
តាមការបញ្ជាក់ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដាការ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ២ឆ្នាំនេះ សំដៅទៅដល់អ្នកដែលបានមកចុះបញ្ជីតាមការជូនដំណឹងរបស់ក្រសួងគឺត្រូវ អោយទាន់ពេលវេលាក្រោយទទួលបានសេចក្ដីជូនដំណឹងរបស់ក្រសួងលើកទីមួយ។
លោក វ៉ាន់ ពុទ្ធិពល ៖«ចឹងនិយមន័យនៃការចុះបញ្ចីដោយស្ម័គ្រចិត្ត សម្រាប់អ្នកជាប់ពន្ធតូច គឺមកចុះបញ្ជីក្នុងរយៈពេល ៧ថ្ងៃក្រោយលិខិតជូនដំណឹងលើកទីមួយ ។ ដោយឡែកសម្រាប់អ្នកជាប់ពន្ធមធ្យម គឺត្រូវមកចុះបញ្ជីក្នុងរយៈពេល ១៥ថ្ងៃ ក្រោយការទទួលការចុះបញ្ជីនៅក្រសួងអាណាព្យាបាល »។
លោក វ៉ាន់ ពុទ្ធិពល បានជូនដំណឹងដូចនេះនៅក្នុងវេទិកាពិគ្រោះយោបល់ ស្ដីពី “សន្ដិភាព និងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា” នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៧នេះ៕