នៅសល់តែ ៣ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសរុស្ស៊ីនឹងចាប់ផ្ដើមហើយ។ តាមបណ្ដាញផ្សាយBBC ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១៨មីនាឆ្នាំ២០១៨។ បេក្ខជនដែលបានចុះឈ្មោះ ជាបេក្ខជនប្រធានាធិបតី មាន ៣១រូប ក្នុងនោះ ស្ត្រីមាន ៨រូប។
បេក្ខជនស្ត្រីទាំងនោះរួមមាន៖១-Ksenia Sobchak ២-Yelena Semerikova ៣-Elvira Aqurbash ៤-Yekateriva Gordon ៥-Larisa Renar ៦-Alexandrea Selyaninova ៧-Anila Vituknovskaya និងទី៨-Irina Volynest។
តាមបណ្ដាញផ្សាយព័ត៌មានបរទេសទាំងនោះ បេក្ខនារី តំណែងប្រធានាធិបតីទាំង៨រូបនេះ គឺលោកស្រី Ksenia Sobchak មានប្រជាប្រិយភាពជាងគេ។ លោកស្រីមានភាពក្លាហានជាងគេដែលរិះគន់ចំៗចំពោះការដឹកនាំរបស់ ប្រធានាធិបតី វ្លាឌីមៀពូទីនកំពុងកាន់អំណាច។ បុរសខ្លាំងរុស្ស៊ីរូបនេះ កាន់អំណាចនៅរុស្ស៊ីតាំងពីឆ្នាំ២០០០។
នៅក្នុងការបោះឆ្នោតខែមីនាឆ្នាំ២០១៨ខាងមុខនេះ លោកប្រកាសថា លោកនឹងឈ្នះឆ្នោតមួយអាណត្តិទៀត ដែលមានរយៈពេល៦ឆ្នាំ។
លោកពូទីនបានវាយប្រហារលោកស្រី Ksenia Sobchak ថា បើក្លាយជាមេដឹកនាំប្រទេស គឺនាំរុស្ស៊ី គ្មានសុវត្ថិភាពរឹងមាំ ហើយអសន្តិសុខកើតពាសពេញប្រទេស។ យ៉ាងណា ក៏ដោយលោកស្រី Sobchak បានតបវិញថា លោកស្រីមានចក្ខុវិស័យត្រឹមត្រូវ គឺមិនមានមហិច្ឆតា ធ្វើអោយរុស្ស៊ី ក្លាយជា រដ្ឋឯកការនិយមនោះទេ។ លោកស្រី Sobchak ជាមេដឹកនាំសង្គមស៊ីវិលមួយ ឈ្មោះថា Civil Initiative ។ ក្រៅពីស្រ្តីម្នាក់ ដ៏ល្បីនេះ គឺមានបេក្ខជនបុរសបីរូបទៀត មានប្រជាប្រិយភាពខ្លាំងដែរ។
តែបែបនេះក្ដី បេក្ខជនដែលមានការរំពឹងដណ្ដើម អំណាចពីលោកពូទីនបាន គឺមេដឹកនាំបក្សប្រឆាំងលំអៀងសហភាពអឺរ៉ុបគឺ លោក Alexei Navalny។
លោកត្រូវបាន ចាប់ខ្លួនក្រោមបទប្រឆាំងរដ្ឋអំណាចរបស់លោកពូទីន។ ចំណែក លោកស្រី Ksenia Sobchak ត្រូវបានចាត់ទុកថាជា ស្ត្រីឆ្នើមម្នាក់អាចតំណាង លោក Navalny ក្នុងការប្រកួតការបោះឆ្នោត ខាងមុខនេះ៕