ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនីទូទាំងប្រទេស កុំធ្វើបាតុកម្មបិទផ្លូវដែលនាំឲ្យមានផលប៉ះពាល់ ដល់ផលប្រយោជន៍ប្រជាពលរដ្ឋដទៃទៀត ដែលសម្ដេចថា គួរព្យាយាមរកដំណោះស្រាយតាមផ្លូវច្បាប់ជាជាងការធ្វើបាតុកម្ម។ តែសហជីព និយាយថា កម្មករនឹងមិនធ្វើបាតុកម្មនោះទេ ប្រសិនបើមន្ដ្រីដោះស្រាយវិវាទថ្នាក់ក្រោមអនុវត្ដតួនាទីរបស់ពួកគេបានល្អ។
លោក លៀ ស៊ីណា រាយការណ៍៖
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានស្នើសុំដល់កម្មករ កម្មការិនី ទូទាំងប្រទេសកុំធ្វើបាតុបិទផ្លូវ ដែលនាំឲ្យកើតជាឧបសគ្គដល់អ្នកដទៃ។ សម្ដេចស្នើសុំដូចនេះ ដោយភ្ជាប់ករណីដែលកម្មករ កម្មការិនី ប្រមាណជា ៤ពាន់នាក់ ដែលធ្វើការនៅរោងចក្រស្បែកជើង «ម៉េង ដា» ស្ថិតក្នុងភូមិត្រពាំងថ្លុង សង្កាត់ចោមចៅ បានធ្វើបាតុកម្មតវ៉ា ទាមទារលក្ខខណ្ឌមួយចំនួន និងប្រាក់បំណាច់ឆ្នាំ ៥ភាគរយ បន្ទាប់ពីមានការផ្លាស់ប្ដូរថៅកែរោងចក្រថ្មី។ ពួកកគេបាន បិទផ្លូវនិង ទាមទារបើកប្រាក់ខែ។ ជាងនេះសម្ដេច ហ៊ុន សែន ប្រាប់កម្មករ កម្មការិនី កុំជឿពាក្យញុះញង់របស់បុគ្គលមួយចំនួនដែលនាំទៅធ្វើបាតុកម្ម ដោយលោកសង្កត់ធ្ងន់ថា ការបិទផ្លូវនេះគឺជារឿងខុសច្បាប់។
សម្ដេច ហ៊ុន សែន៖«រឿងបិទផ្លូវគឺជារឿងខុសច្បាប់ រឿងខុសច្បាប់រឿងមួយហើយ ក៏ប៉ុន្ដែវាទាស់ជាមួយទឹកចិត្ដរបស់ប្រជាពលរដ្ឋ ឧទាហរណ៍ ស្រាប់តែមានស្ដ្រីមានផ្ទៃពោះត្រូវការធ្វើដំណើរប្រញាប់បំផុត ដើម្បីទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ឬក៏អ្នកជំងឺត្រូវសង្គ្រោះតែផ្លូវត្រូវស្ទះវាជាសោកនាដកម្មឬទេ មនុស្សពីរ បីនាក់ ដែលញុះញង់ឲ្យក្មួយទៅបិទផ្លូវ វាមិនមែនគ្រាន់តែបំផ្លាញថៅកែ រោងចក្រទេ តែនេះគឺជាការបំផ្លាញប្រជាពលរដ្ឋដែលមានការចាំបាច់ធ្វើដំណើរ ទទួលផលប្រយោជន៍ពីផ្លូវ»។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ជាការពិតរាជរដ្ឋាភិបាលតែងតែអំពាវនាវដូចនេះ តែហាក់មិនឃើញចំណាត់ការអ្វីដែលល្អដើម្បីជួយកម្មការនោះទេ ។ លោកជឿជាក់ថា កម្មករ គ្មានអ្នកណាចង់ធ្វើកូដកម្មបិទផ្លូវអ្វីនោះទេ ក៏ប៉ុន្ដែនេះគឺមកពីកម្មករ កម្មការិនី គ្មានជម្រើសអ្វីដែលល្អជាងនេះ ព្រោះតែការអនុវត្ដការងាររបស់មន្ដ្រីថ្នាក់ក្រោមបាននាំឲ្យពួកគេបាត់បង់ជំនឿ។ លោកបន្ដថា ដើម្បីលុបបំបាត់បាតុកម្ម ដែលកើតចេញពីវិវាទការងាររបស់កម្មករ កម្មការិនី លោកសំណូមពរ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សុំតាមដានការអនុវត្ដច្បាប់របស់មន្ដ្រីថ្នាក់ក្រោម និងពង្រឹងការអនុវត្ដច្បាប់ដោះស្រាយបញ្ហាជូនកម្មករ កម្មការិនី ឲ្យបានល្អប្រសើរជាងមុន។
លោក អាត់ ធន់ ៖«ទី១ គាត់ត្រូវតាមដានសកម្មភាពហ្នឹង ជាមួយក្រសួងការងារ ជាមួយមន្ដ្រីរបស់គាត់ហ្នឹង ឲ្យសេវាដោះស្រាយបញ្ហាឲ្យទាន់ចិត្ដ និងមានយុត្ដិធម៌ ហើយជាពិសេសមើលទៅសហគ្រាសមួយចំនួនដែលមានអ្នកធំជាខ្នង កាងអីហ្នឹងគាត់ត្រូវលុបបំបាត់ចោលតែម្ដងទៅ ព្រោះវាអត់ត្រឹមត្រូវទេទៅកាងថៅកែធ្វើឲ្យកម្មករលំបាកវេទនា»។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា មូលហេតុដែលនាំឲ្យកម្មករ អស់ជម្រើសហើយឈានដល់ការបិទផ្លូវ គឺដោយសារតែ ច្បាប់ស្ដីពីសហជីពបានចូលមកធ្វើជារនាំងបាំងកម្មករ មិនឲ្យទទួលបានសហជីពដែលគេពួកចង់បាន។ បន្ថែមពីនេះលោកសង្កត់ធ្ងន់ថា ភាពអសកម្មរបស់មន្ដ្រីរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទជូនពួកគេ ក៏ជាចំណែកសំខាន់មួយដែលធ្វើឲ្យក្រុមកម្មករ សម្រេចចិត្ដឈានដល់ការធ្វើបាតុកម្ម កូដកម្ម ដើម្បីរកដំណោះស្រាយ។
លោក ប៉ាវ ស៊ីណា ៖«អ្វីដែលខ្ញុំមើលឃើញទី១ គឺភាពអូសបន្លាយនៃការដោះស្រាយដែលកម្មករគាត់អត់សូវមានជំនឿ ទី២ គឺគាត់មិនសូវមានទំនុកចិត្ដទៅលើការដោះស្រាយ ទី៣ គឺគាត់បាត់បង់តំណាងដែលគាត់ជឿជាក់ គឺចំណុចទាំងអស់នេះហើយ ដែលវាមិនអាចធ្វើឲ្យកម្រិតនៃវិវាទហ្នឹងគឺថាទប់ស្កាត់ទេ»។
ជាការឆ្លើយតបលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថា រាល់ដំណោះស្រាយចំពោះវិវាទការងារ របស់កម្មករ កម្មការិនី គឺត្រូវបានដោះស្រាយជាដំណាក់កាល ស្របទៅតាមច្បាប់ដែលមានចែង។ លោកបន្ដថា កម្មករ ទាំងអស់មានសិទ្ធិធ្វើកូដកម្ម បាតុកម្មក ដោយអហិង្សាលុះត្រាតែមានការដោះស្រាយវិវាទស្របទៅតាមច្បាប់រួចហើយ ក៏ប៉ុន្ដែ មានភាគីម្ខាងមិនព្រមគោរពតាមការដោះស្រាយវិវាទនោះ ដែលសម្រេចដោយក្រសួងការងារ ឬក៏ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ លោក ហេង សួរ បញ្ជាក់ថា រាល់សកម្មភាពដែលធ្វើបាតុកម្មក កូដកម្ម ដោយមិនបានឆ្លងកាត់ដំណោះស្រាយតាមរយៈក្រសួងស្ថាប័នមានសមត្ថកិច្ចជាមុន គឺជារឿងខុសច្បាប់។
លោក ហេង សួរ ៖«អញ្ចឹងហើយនៅពេលដែលយើងឡើងទៅតុលាការ អ្វីដែលជាភាពស្របច្បាប់របស់កម្មករ និយជិត អាចនឹងត្រូវបាត់បង់វិញដោយសារតែការធ្វើកូដកម្មហ្នឹងគឺខុសនីតិវិធីច្បាប់ អញ្ចឹងហើយបានជាយើងធ្វើការអំពាវនាវដល់កម្មករ ទាំងអស់ គឺថា សុំអនុវត្ដទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ ហើយកុំជ្រើសយកការធ្វើកូដកម្មដោយមិនបានឆ្លងកាត់នៅដំណាក់កាលផ្សះផ្សាពីមន្ដ្រីផ្សះផ្សាការងារវិវាទ ហើយនិងការជម្រះក្ដីដោយក្រុមប្រឹក្សាជាជ្ញាកណ្ដាល»។
តែបែបនេះក្ដី សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា កន្លងមកឲ្យតែការដោះស្រាយវិវាទ មិនអាចទៅរួច គឺរដ្ឋាភិបាល ជាអ្នកចេញមុខដើម្បីរកដំណោះស្រាយសមរម្យទៅជូនកម្មករ។
គួរជម្រាបថា ប្រទេសកម្ពុជា មានស្ថាប័នចំនួន ២ ដែលមានភារៈត្រូវដោះស្រាយ គ្រប់វិវាទការងាររួមជូន ថៅកែ និយោជក និងកម្មករ និយោជិត។ ក្រុមថៅកែ និយោជក កម្មករ និយោជិត រាល់ពេលដែលមានវិវាទកើតឡើង គឺត្រូវប្ដឹងទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដើម្បីដោះស្រាយ ក៏ប៉ុន្ដែប្រសិនការដោះស្រាយវិវាទនោះ ដោយក្រសួងការងាររួចហើយ ទាំងថៅកែ និយោជក និងកម្មករ និយោជិត មិនព្រមសះជានិងគ្នា បណ្ដឹងរបស់ពួកគេ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាស្ថាប័នឯករាជ្យត្រីភាគីដើម្បីដោះស្រាយបន្ដ៕