ភ្នំពេញ៖អាជ្ញាធរជាតិអប្បរារៀបចំ ពិធីខួប២៥ឆ្នាំដែលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាមុខប្រាសាទអង្គរវត្តចាប់ពីម៉ោង ៤ល្ងាចរហូតដល់ម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។ នេះបើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្បរាបង្ហោះផ្សាយនារសៀលថ្ងៃទី១៤ ធ្នូ ឆ្នំា២០១៧នេះ។
គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមានរយៈពេល២៥ឆ្នាំហើយ។ រយៈពេល២៥ឆ្នាំមកនេះ ប្រាសាទអង្គរត្រូវបានសង្រ្គោះពីភាពគ្រោះថ្នាក់ផ្សេងៗ។
បើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្បរា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។
ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំ ពិធីខួប២៥ឆ្នាំដែលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើទ្បើងនាមុខប្រាសាទអង្គរវត្តចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពី អ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអាយស៊ីស៊ី -អង្គរផងដែរ។
ការប្រារព្ធពិធីនេះឡើងគឺដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។
អង្គរវត្តជាប្រាសាទមួយស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានទីតំាងនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត។
ក្នុងថ្ងៃរំលឹកខួប២៥ឆ្នំានៃការដាក់បញ្ចូលប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានចេញសារអបអរសាទរការដែលប្រាសាទអង្គរវត្តត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមលិខិត ស្ថានទូតជប៉ុនដែលវិទ្យុស្រ្តីទទួលបានតាមរយៈសារអេទ្បិចត្រនិចនៅថ្ងៃព្រហស្បតិ៍ ទី ១៤ ធ្នូ ឆ្នំា២០១៧នេះ។
សារលិខិតនេះឱ្យដឹងទៀតថា កាលពី២៥ឆ្នំាមុន ប្រាសាទអង្គរវត្តស្ថិតនៅក្នុងវិបត្តិ និងគ្រោះថ្នាក់ដួលរលំយ៉ាងធ្ងន់ធ្ងរ។ នៅពេលនោះហើយដែលជប៉ុនយល់ឃើញថាចំាបាច់ត្រូវថែរក្សាប្រាសាទ ដ៏អស្ចារ្យមួយនេះ ដែលជានិមិត្តរូបនៃប្រជាជនកម្ពុជាគ្រប់គ្នាដើម្បីស្តារប្រទេសទ្បើងវិញ។
សាររបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាសង្កត់ធ្ងន់ថា «យើងត្រូវតែបន្តដោះស្រាយនូវបញ្ហាដែលមានពីមុនមក ដូចជាការដួលរលំនៃប្រាសាទ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនេះដែលបណ្តាលមកពីកត្តាផ្សេងៗដូចជា ការកើនទ្បើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់ប្រាសាទអង្គរ»។
លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចំាកម្ពុជា ខ្ញុំសង្ឃឹមថាប្រាសាទអង្គរដែលជាកេរ្តិ៍ដំណែលដ៏យូរលង់ ជាប្រវត្តិសាស្រ្ត នឹងត្រូវបានបន្តការគំាពារដល់កូនចៅជំនាន់ក្រោយផ្សេងៗទៀតនៃកម្ពុជា និងពិភពលោក។
តាមលិខិតដដែល ប្រទេសជប៉ុននៅតែបន្តសហការជាមួយប្រជាជនកម្ពុជានិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតតាមរយៈគណកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគំាពារ និងអភិវឌ្ឍន៏រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ ក្នុងនាមជាសហប្រធានដើម្បីអភិរក្ស ជួសជុល និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។
ប្រាសាទអង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរវត្តត្រូវបានកសាងទ្បើងដោយ ព្រះបាទសូរ្យវរ្ម័នទីពីរ ដែលជាស្នាដៃដ៏ល្អប្រណិតអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។
ប្រាសាទអង្គវត្តត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នំា១៩៩២។
ចំពោះបរិវេណប្រាសាទអង្គរវត្ត រួមទំាងកសិណទឹកផងដែរមានប្រវែងបណ្តោយ ១.៥គម និងទទឹង ១.៣ គម មានទំហំស្មើនឹង២០០ហិកតា។ ប្រាង្គកណ្តាលនៃប្រាសាទ បង្ហាញនូវអត្ថន័យពីរយ៉ាងចំពោះស្ថាបត្យកម្មខ្មែរជាប្រាសាទភ្នំមានច្រើនថ្នាក់ និងមានទទឹងព័ទ្ធជុំវិញ។
ប្រាសាទភ្នំនៅអង្គរមានលេចចេញក្នុងស្ថាបត្យកម្មខ្មែរតំាងពីសតវត្សទី៨ និងជានិមិត្តរូបនៃភ្នំព្រះសុមេ តាមជំនឿនៃព្រហ្មញ្ញសាសនា គឺថាចំណុចកណ្តាលនៃផែនដី។ ប្រាសាទអង្គរវត្តគឺជាឧទាហរណ៍មួយនៃប្រាសាទដែល្អឯកក្នុងសិល្បៈខ្មែរ មានចម្លាក់ក្បាច់ក្រទ្បោតទាបប្រវែងជាង៦០០ម៉ែត្រ បានរៀបរាប់បង្ហាញនូវរឿងរ៉ាវផ្សេងៗក្នុងព្រហ្មញ្ញសាសនាដូចជា រឿងរាមកេរ្តិ៍ និងមហាភារតយុទ្ធ ជាមួយគ្នានោះក៏មានរឿងប្រវត្តិសាស្រ្តទាក់ទងនឹងរាជកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី០២។
ប្រាសាទអង្គរវត្តត្រូវបានរចនាទ្បើងដើម្បីតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាលំនៅនៃពួកទេវៈ ក្នុងទេវកថាព្រហ្មញ្ញ។ មកដល់ពេលនេះអង្គរវត្តមានអាយុកាលជិតមួយពាន់ឆ្នាំហើយ ៕