ភ្នំពេញ៖លទ្ធផលបណ្តោះអាសន្ននៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបង្ហាញថាស្ត្រីបានទៅចុះឈ្មោះបោះឆ្នោតច្រើនជាងបុរសរហូតជិត៦សែននាក់ក្នុងចំណោមប្រជាជនដែលគ្រប់អាយុបោះឆ្នោតជិត១០លាននាក់។ អ្នកជំនាញកិច្ចការបោះឆ្នោតថាជាការលើកកម្ពស់យ៉ែនឌ័រក្នុងសង្គម។
តាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត(គ.ជ.ប)ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតនៅដំណាក់កាលទី២នេះ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី៩វិច្ឆិកា ហើយត្រូវបានប្រកាសជាសាធារណៈ នៅថ្ងៃពុធទី១៣ ខែធ្នូនេះ មើលឃើញថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត១៨ឆ្នាំឡើងទៅមានចំនួនជិត១០លាននាក់។ ក្នុងនោះពលរដ្ឋចុះឈ្មោះ ជាង៨លាន៣សែននាក់ ដែលស្ត្រីចុះឈ្មោះមានជាង៤លាន៤សែននាក់។ចំនួននេះនាំឱ្យស្ត្រីបានចុះឈ្មោះឆ្នោតច្រើនជាងបុរសជិត៦០ម៉ឺននាក់។
លោក កន សាវាង្ស មន្រី្តកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែលបានឲ្យដឹងថាមូលហេតុដែលចំនួនស្រី្តទៅចុះឈ្មោះបោះឆ្នោតច្រើនជាងបុរសមកពីមនុស្សប្រុសធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសច្រើន។ម្យ៉ាងដង់ស៊ីតេស្ត្រីមានចំនួនច្រើនជាងបុរស។
«ជាការពិតបើយើងគិតអំពីចំនួនដង់ស៊ីតេស្ត្រីមានចំនួនច្រើនជាងបុរស។បើយើងមើលនៅក្នុងមូលដ្ឋានភាគច្រើនបុរសមានកម្លាំងភាគច្រើនលោកចេញទៅធ្វើការនៅខាងក្រៅហើយអញ្ចឹងទៅនៅក្នុងមូលដ្ឋានភាពច្រើនជាស្ត្រីវ័យចំណាស់និងស្ត្រីមានគ្រួសារស្នាក់នៅផ្ទះ។»
លោក កន សាវាង្ស ជឿថាស្រី្តទៅចុះឈ្មោះបោះឆ្នោតច្រើននឹងជួយលើកកម្ពស់សមភាពយ៉ែនឌ័រក្នុងវិស័យនយោបាយ។
ប្រទេសកម្ពុជានឹងមានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រប្រព្រឹត្តិទៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។
ទាក់ទងការបោះឆ្នោតនៅឆ្នាំនេះ គ.ជ.ប បានជូនដំណឹងពលរដ្ឋបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦និងឆ្នាំ២០១៧នេះអញ្ជើញទៅពិនិត្យឈ្មោះនិងផ្ទៀងផ្ទាត់ទិន្នន័យនៅក្នុងឃុំសង្កាត់នានាទៅទាំងប្រទេសឬប្រជាពលរដ្ឋអាចពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យក្នុងគេហទំព័រគ.ជ.បដែលនឹងចាប់ផ្ដើមបើកឱ្យដំណើរការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំសង្កាត់ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែធ្នូនេះ៕