ភ្នំពេញ៖ សៀវភៅកំណាព្យចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល” និពន្ធឡើងដោយលោក សំ នឿន បានសម្ពោធលក់ជាផ្លូវការនៅថ្ងៃពុធ ដោយមានការចូលរួមអបអរសាទរពីមន្ត្រីជំនាញផ្នែកកំណាព្យ តំណាងក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា នៅទីស្នាក់ការក្រុមហ៊ុន Mercedes-Benz Cambodia រាជធានីភ្នំពេញ។
សៀវភៅកំណាព្យចំណងជើង “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល” មានកម្រាសប្រមាណជាង១៧០ទំព័រ និពន្ធឡើងដោយលោក សំ នឿន បានសម្ពោធលក់ជាផ្លូវការនៅថ្ងៃពុធនេះ ក្រោមវត្តមានចូលរួមពីលោក ជ័យ ចាប សាស្ត្រចារ្យអក្សរសាស្ត្រខ្មែរ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកកំណាព្យនៅកម្ពុជា, លោកជា ច័ន្ទបូរមី រដ្ឋលេខាធិការក្រសួងព័ត៌មាន, តំណាងក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា, និងអ្នកសារព័ត៌មានជាច្រើនរូប។
លោក សំ នឿន អ្នកនិពន្ធសៀវភៅកំណាព្យនេះ មានវត្តមាននៅក្នុងពិធីសម្ពោធ បាននិយាយថា សៀវភៅកំណាព្យ មានចំណងជើងថា “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល” ជាស្នាដៃតែងនិពន្ធរបស់លោកដំបូងដែលបានរៀបចំបោះពុម្ពផ្សាយដោយគេហទំព័រសារព័ត៌មានអេឡិកត្រូនិកថ្មីៗ។ លោកថា គំនិតដែលចងក្រងសៀវភៅកំណាព្យនេះឡើង ដោយសារការស្រឡាញ់និងចូលចិត្តការតែងនិពន្ធកំណាព្យពីនេះពីនោះ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ទន្ទឹមគ្នានេះដែរ លោក ជ័យ ចាប សាស្ត្រចារ្យអក្សរសាស្ត្រខ្មែរ និងជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកំណាព្យនៅកម្ពុជា បានលើកឡើងថា សៀវភៅកំណាព្យនិយាយពីការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថលរបស់លោកសំ នឿន ជាការចូលរួមចំណែកលើកកម្ពស់ការតែងនិពន្ធកំណាព្យ ព្រមទាំងបង្ហាញចំណេះដឹងផ្សេងៗពីសង្គមដល់សាធារណជន បានយ៉ាងទូលំទូលាយ។
សាស្ត្រាចារ្យកំណាព្យរូបនេះ បានបន្ថែមទៀតថា ៖ “នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលទំនើបនេះ សន្ទុះនៃការអានកំណាព្យ និងការតាក់តែងនិពន្ធកំណាព្យរបស់យុវជនមានការថយចុះ។ ដូច្នេះសូមយុវជនខ្មែរជំនាន់ក្រោយ ចូលរួមអភិរក្សតែងកំណាព្យ និងអានឲ្យបានច្រើនដើម្បីរក្សាកំណាព្យឲ្យបានគង់វង្សយូរអង្វែង”។
សូមជម្រាបថា សៀវភៅកំណាព្យ “ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល” នេះ ត្រូវបានរៀបចំបោះពុម្ពផ្សាយដោយគេហទំព័រសារព័ត៌មានអេឡិកត្រូនិកថ្មីៗ ដោយចំណាយពេលជិតមួយឆ្នាំ ហើយសៀវភៅនេះមានដាក់លក់នៅតាមស្តង់លក់កាសែត តាមបណ្ណាគារ នៅតាមទីផ្សារលក់សៀវភៅនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានៅកម្ពុជា។
តាមរយៈកម្រងស្នាដៃកំណាព្យនេះ បានបង្ហាញពីព័ត៌មានជាច្រើនមានលក្ខណៈចម្រុះ ជាព័ត៌មានបែបវប្បធម៌, សេដ្ឋកិច្ច, សង្គម, នយោបាយ, បច្ចេកវិទ្យាព័ត៌មាន, ព្រមទាំងទិដ្ឋភាពនានាដែលកើតមាននៅក្នុងសង្គមកម្ពុជា៕