ភ្នំពេញ៖ ផលិតផលជ័រកៅស៊ូកម្ពុជារយៈពេល ១១ខែក្នុងឆ្នាំ២០១៧នេះ មានចំនួនជិត ១៦ម៉ឺនតោនកើនឡើងជាង ៤ ម៉ឺនតោនស្មើនឹង ៣៦%បើធៀបនឹងឆ្នាំមុន។ ចំណែកឯតម្លៃជ័រកៅស៊ូក៏កើនឡើងផងដែរ ដែលនេះជាដំណឹងដ៏ល្អក្នុងវិស័យកសិឧស្សាហ៍កម្មកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម។
បើតាមអគ្គនាយកដ្ឋានកៅស៊ូ រយៈពេល ១១ ខែឆ្នាំ២០១៧ នេះបរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបសម្រេចបានជាង ១៥ ម៉ឺន តោន បានកើនឡើងចំនួន ៣៦ ៦១៣តោន ស្មើ៣១%។ រីឯបរិមាណបញ្ចេញលក់ក្នុងខែវិច្ឆិកាចំនួន ២២ ១៤៦តោន កើនឡើងចំនួន ៦ ៣៩១ ស្មើនឹង៤១% ធៀបនឹងខែតុលា ឆ្នាំ ២០១៧។
ចំពោះតម្លៃលក់មធ្យមក្នុងរយៈពេល១១ ខែ គឺ១៦២៥ ដុល្លារក្នុងមួយតោន កើនឡើង៤៥២ដុល្លារ ស្មើនឹង៣៨% បើធៀបនឹងឆ្នាំមុន។
ជាមួយគ្នានេះ ការប្រមូលចំណូលថវិកាថ្លៃឈ្នួលដីដាំកៅស៊ូបានជាង ១ ពាន់លានរៀល ពីក្រុមហ៊ុនចម្ការកៅស៊ូអណ្តូង មេមត់ ជុប ក្រែក និងប្រាក់ពិន័យក្រុមហ៊ុនចម្ការកៅស៊ូស្នួល ចម្ការអណ្តូង ពាមជាំង កាលពីឆ្នាំ២០១៦។
រីឯការចំណាយថវិកាតាមគម្រោងកម្មវិធីរបស់នាយកដ្ឋានជំនាញទាំង ៥ នៃអគ្គនាយកដ្ឋានកៅស៊ូបានចំណាយថវិកាសរុប ១៥ពាន់លានរៀល សម្រាប់ការចុះអនុវត្តសកម្មភាពគម្រោងតាមកម្មវិធី៕