ខេត្តកោះកុង៖ ក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់ថា ACT បានឱ្យដឹងថា នៅឆ្នាំនេះ ខ្លួនបានរៀបចំបញ្ជ្រាបរូបភាពបញ្ឈប់អំពើហិង្សាលើស្រ្ដី និងកុមារតាមរយៈបណ្ដាញសន្ដិភាពរបស់ខ្លួនទាំងបីដែលមានដូចជា បណ្ដាញអន្ដរសាសនា បណ្ដាញក្រុមអ្នកស្រាវជ្រាវ និងបណ្ដាញក្រុមអ្នកសារព័ត៌មាន។ ការអះអាងនេះធ្វើឡើងតាមរយៈសិក្ខាសាលាមួយ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ នៅខេត្តកោះកុង។
តាមរយៈសិក្ខាសាលានេះ អង្គការ ACT កត់សម្គាល់ឃើញថា ការនិយាយស្ដី និងឥរិយាបថរបស់សង្គម រួមទាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានប្រើប្រាស់រូបភាពមួលបង្កាច់ និងដាក់បន្ទុកបន្ថែមទៅលើស្រ្ដីដែលជាជនរងគ្រោះ។
កញ្ញា ស្រី សុធារី នាយិកាអង្គការ ACT បានលើកឡើងដូចនេះនៅក្នុងសិក្ខាសាលាដែលមានការពិភាក្សាពីបណ្ដាញក្រុមអ្នកសារព័ត៌មាន ក្រុមអ្នកស្រាវជ្រាវ និងក្រុមអន្ដរសាសនា។
កញ្ញា ស្រី សុធាវី៖ «ដោយសារបរិបទសង្គមរបស់យើង យើងមើលឃើញថា មានការនិយាយស្ដី ឬការប្រព្រឹត្តអី ផ្សេងៗមានការ កើនឡើងច្រើនទាក់ទងក្នុងប្រព័ន្ធផ្សព្វផ្សាយ យើងឃើញស្រាប់ហើយថា ពិធីករមួយចំនួនពួកគាត់តែងតែលើកឡើងពាក់ព័ន្ធនឹងរឿងស្រ្ដីដែលត្រូវបានគេរំលោភ ចឹងបន្ទាប់ពីគាត់និយាយរឿងនេះគាត់មានការក្លែមពាក្យពេជចន៍អីផ្សេងៗនៅក្នុងព័ត៌មានរបស់គាត់ ដោយនិយាយទៅធ្វើអោយស្រ្ដីរងគ្រោះកាន់តែរងគ្រោះមួយតង់ទៀត »។
ជុំវិញរឿងនេះដែរ អ្នកស្រី លន់ នី មកពីបណ្ដាញអន្ដរសាសនាមានប្រសាសន៍នៅក្នុងវេទិកានេះថា កន្លងមកនៅក្នុងភូមិរបស់គាត់ក៏កើតមានអំពើហិង្សា និងការរើសអើងមួយចំនួនទៅលើស្រ្ដីផងដែរ។
អ្នកស្រី លន់ នី បញ្ជាក់ថា អំពើហិង្សាទាំងនោះគឺបានកើតចេញពីបុរសដែលជាស្វាមី។
អ្នកស្រី លន់ នី ៖«ក្នុងចំណោម៩ភូមិ មាន ៣ភូមិដែលជួបប្រទះនឹងអំពើហិង្សាផ្លូវចិត្ត ដោយសាថាប្រពន្ធគាត់ចូលរួមនៃការគ្រប់គ្រងកុមារតូចនៅតាមផ្ទះ តែប្ដីនោះគាត់អត់យល់ គាត់ជេរប្រពន្ធថា ទៅធ្វើអី បង្កើតកូនមកហើយ ប៉ុនណ្នឹងមិនចេះអប់រំកូន ចាំអោយគេមកប្រដែប្រដៅទៀត ចឹងបើទៅប្រជុំលើកក្រោយតែដឹងគេមានរឿងហើយ ចឹងម្ដាយណឹងអត់ហ៊ានមកប្រជុំទេ»។
តាមការបញ្ជាក់ពីកញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT មកកាន់វិទ្យុស្រ្ដី នៅថ្ងៃទី១២ធ្នូ ឆ្នាំ២០១៧នេះ មូលហេតុដែលអង្គការACT ជ្រើសរើសការអប់រំ និងផ្សព្វផ្សាយជាមួយបណ្ដាញក្រុមអន្ដរសាសនា ក្រុមស្រាវជ្រាវ និងក្រុមអ្នកសារព័ត៌មាន ដោយសារតែក្រុមនិមួយៗ ធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលទាក់ទងទៅនឹងសន្ដិភាពពីមុនមក។
កញ្ញា ស្រី សុធាវី មានក្ដីរំពឹងថា ការបញ្ជ្រាបការបញ្ឈប់អំពើហិង្សាលើស្រ្ដី និងកុមារតាមរយៈបណ្ដាញសន្ដិភាពខាងលើគឺអាចចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្ដី និងកុមារ កាន់តែប្រសើរ។
កញ្ញា ស្រីសុធាវី៖«ច៎ាគឺយើងព្យាយាមបញ្ជ្រាបទៅដល់គាត់ ហើយសង្ឃឹមថាគាត់អាចយកទៅផ្សព្វផ្សាយនូវអ្វីដែលគាត់បានយល់ដឹងទៅដល់អ្នកភូមិ ឬសហគមន៍របស់គាត់អោយយល់ដឹងអំពីទង្វើឥរិយាបថបែបណាដែលគាត់ធ្វើការកសាងសន្ដិភាពនៅក្នុងបុគ្គលផ្ទាល់ខ្លួនទៅដល់សហគមន៍របស់គាត់ពាក់ព័ន្ធទៅលើការបញ្ឈប់ហិង្សាលើស្រ្ដី និងកុមារ ឬក៏ហិង្សាជារួមនៅក្នុងសង្គម »។
អង្គការ ACT បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ និងបានចុះបញ្ចីនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០០២ ។ អង្គការនេះ មានទស្សនៈវិស័យមួយ គឺចង់ឃើញសង្គមកម្ពុជាដែលមានការសហការ មានការគោរពច្បាប់ មានយុត្ដិធម៌ និងសន្ដិភាពនៅក្នុងសង្គម៕