en     km
en     km

អាមេរិកផ្តល់ថវិកា ៣៥ ម៉ឺនដុល្លារ​សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង

Share

ភ្នំពេញ៖ សហរដ្ឋអាមេរិកសម្រេចផ្តល់ថវិកាចំនួន ៣៥ម៉ឺនដុល្លារបន្ថែមក្នុងដំណាក់កាលទី៥ ដល់ភាគីកម្ពុជា គឺជាផ្នែកមួយក្នុងការ​អភិរក្សប្រាសាទភ្នំបាក់ខែង ដែលមានចំណាស់១០សតវត្សមកហើយក្នុងសួនឧទ្យានអង្គរ។

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញនៅថ្ងៃទី១២ ធ្នូ នេះប្រកាសថា ថវិកានេះបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ​ផ្តល់ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សំរាប់ដំណាក់កាលទី ៥។

 

 

 

 

                                      ​គណៈប្រតិភូដែលបានចូលរួមពិធីចុះហត្ថលេខាផ្តល់ជំនួយ អភិរក្សប្រាសាទបាក់ខែង។

លោក Martin persuchler ប្រធានផ្នែកមូលនិធិនៃគម្រោងឯកអគ្គរដ្ឋទូតអាមេរិប្រចំាកម្ពុជា មានប្រសាសន៏ថា អាមេរិកមានមោទនភាពដែលបានចូលរួមចំណែកក្នុងការថែរក្សាប្រាសាទភ្នំបាក់ខែងដែលជាប្រាសាទដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា។ លោក Martin persuchler បន្តថាគម្រោងមូលនិធិឯកអគ្គរដ្ឋទូតអាមេរិប្រចំាកម្ពុជា ដែលកំពុងតែអនុវត្តនៅភ្នំបាក់ខែងនេះជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើនផ្សេងទៀត ដែលបង្ហាញពីគុណភាព និងលទ្ធផលជាវិជ្ជមានអភិរក្សប្រសាទតាមស្តង់ដារអន្តរជាតិ។

លោក Martin persuchler សង្កត់ធ្ងន់ថា៖«ការអភិរក្សប្រាសាទនេះបានបង្ហាញយ៉ាងច្បាស់អំពីប្រវត្តសាស្រ្តនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីររវាងប្រទេសកម្ពុជា និងអាមេរិក ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហារវាងបុគ្គលឹកនឹងមន្រ្តីដែលពាក់ព័ន្ធហើយនឹងការប្តេជ្ញាចិត្តដើម្បីរួមគ្នាអភិវឌ្ឍន៏នូវទំនាក់ទំនងរបស់ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ»

ចំណែកលោកស្រី Lisa Ackerman តំណាងឱ្យមូលនិធិអភិរក្សប្រាសាទពិភពលោក មានប្រសាសន៏ថាការទទួលបានថវិកាមកអភិរក្សប្រាសាទភ្នំបាក់ខែងនេះមិនមែនតែស្ថានទូតអាមេរិកតែមួយនោះទេគឺក៏មានការចូលរួមពីប្រជាជនអាមេរិកផងដែរ។ តំណាងមូលនិធិអភិរក្សប្រាសាទពិភពលោករូបនេះមានបន្ថែមទៀតថា៖«ហើយអ្វីដែលជាការខិតខំប្រឹងប្រែងរបស់គាត់ជារៀងរាល់ថ្ងៃហ្នឹងគឺគាត់តែងតែព្យាយាមប្រាប់ក៏ដូចជាពន្យល់មិត្តភក្រ្តដែលស្គាល់គាត់ និងអ្នកដែលស្គាល់នៅអាមេរិកដើម្បីឱ្យឃើញពីសារៈសំខាន់នៃការអភិរក្សប្រាសាទនៅភ្នំបាក់ខែងនេះគឺជាគម្រោងមួយដែលគួរតែជាគម្រោងដ៏គម្រូមួយសម្រាប់គម្រោងដទៃទៀតសម្រាប់នៅក្នុងប្រទេសកម្ពុជា»

​ប្រាសាទភ្នំបាក់ខែងគឺជាប្រាសាទដែលចាស់ជាងគេ​ក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏​អស្ចារ្យ​បំផុតមួយរបស់ពិភពលោក។ តាំងពីឆ្នាំ ២០០៨ មក គំរោងអភិរក្សប្រាសាទភ្នំបាក់ខែងបានផ្តោតលើការធ្វើ​​អោយសំណង់មានលំនឹង និងទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល។ទន្ទឹមនឹងនោះ ក៏មានការបញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាលផងដែរ។

​ជំនួយនៅដំណាក់កាលទី ៥ នេះ ​ក្នុងគម្រោង​បង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើត​នៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់​ជួស​ជុល ដែលបានកំណត់ច្បាស់នៅដំណាក់កាលមុនៗ។

អន្តរាគមនេះនឹងធ្វើអោយមានឡើងវិញ​នូវ​ភាព​ដើម​នៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសំភារៈបូរាណផង និងទំនើបផង។

គំរោងនេះ​មាន​បំណងជំរុញចក្ខុវិស័យ នៃផែនការមេ​ក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែងដែលត្រូវបាន​កំណត់នៅឆ្នាំ ២០០៧ ដែលអង្គការមូលនិធិ WMF បានរៀចំកម្មវិធីអភិរក្ស ដោយសហការជិតស្និទ្ធជា មួយអាជ្ញាធរជាតិអប្សារា និងអ្នកជំនាញ​នៃអង្គការ UNESCO ដែលធ្វើការជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណកម្មាធិការសំរបសំរួលអន្តរជាតិអង្គរ។

​ចាប់តាំងពីឆ្នាំ ២០០៤ មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជាង ៣,២ លានដុល្លាពីរដ្ឋាភីបាលអាមេរិក សំរាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។ អង្គការមូលនិធិនេះ គឺជាអង្គការ ឯករាជ្យឈានមុខគេ ដែលធ្វើការ​ដើម្បីសង្គ្រោះកន្លែងដែលត្រូវបានគេផ្តល់តំលៃអោយបំផុតក្នុងពិភពលោក។

រយៈពេល ៤៥ ឆ្នាំមកនេះ ក្រុមអ្នកឯកទេសដែលមានជំនាញរបស់អង្គការនេះ បាន​ប្រើបច្ចេកទេស ដ៏មានប្រសិទ្ធភាព ដើម្បីធ្វើការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗ​នានានៅជុំវិញពិភពលោក។

​មូលនិធិឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើង ដើម្បីអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទាំងបានផ្តល់​អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំង​បេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជាប្រាសាទហាន់ជ័យ​ក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដានៅអង្គរបូរីខេត្តតាកែវ ជាដើម។

ជំនួយសរុបរបស់សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌នៅកម្ពុជា មានសរុបជាង ៤លាន​ដុល្លាអាមេរិក។ ក្នុងចំនួននេះថវិកាជាងប្រមាណ ៣លានដុល្លារត្រូវបានផ្តល់អោយតាមរយៈមូលនិធិ​ឯកអគ្គរដ្ឋ​ទូត​​សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌​។

ពិធីចុះហត្ថលេខាផ្តល់ថវិកានេះធ្វើឡើងនៅទឹកដីខេត្តសៀមរាម ដែលមានការចូលរួមពីមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជា តំណាងអង្គការមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរាផងដែរ។

សូមបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលបានទទួលជំនួយនៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សំរាប់ការអភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំ​នៃមូលនិធិឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់ការអភិរក្សវប្បធម៌នេះ។

ប្រទេសដែលបានទទួលជំនួយដូចកម្ពុជារួមមានប្រទេស បូលីវី ភូមា អ៊ីស្រាអែល ម៉ិកសិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង