ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានថ្លែងថាអំពើហិង្សាលើកុមារមានអត្រាខ្ពស់និងមានច្រើនរូបភាពទាំងផ្លូវកាយផ្លូវចិត្ដនិងផ្លូវភេទ។ជុំវិញរឿងនេះតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារអះអាងថាកុមារនឹងក្លាយជាជនខ្លាចសង្គមនិងងាយរងឥទ្ធិពលពីក្រុមជនឧក្រិដ្ឋពេលពួកគេធំឡើង។
លោស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានថ្លែងថាបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយដែលក្រសួងកិច្ចការនារីសហការណ៍ជាមួយក្រសួងសង្គមកិច្ចនៅឆ្នាំ២០១៣បានរកឃើញថាអំពើហិង្សាលើកុមារមានអត្រាខ្ពស់និងមានច្រើនរូបភាពទាំងផ្លូវកាយផ្លូវចិត្ដនិងផ្លូវភេទ។
លោស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីថ្លែងដូចនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្ដផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧ -២០២១ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។«របបគំហើញបានបង្ហាញថាអត្រាប្រេវ៉ាឡង់នៃអត្រាអំពើហិង្សាលើកុមារកម្ពុជាមានអត្រាខ្ពស់ហើយអំពើហិង្សាលើកុមារមានរូបភាពច្រើន»។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីរូបនេះបន្ថែមថាករណីនេះនាំឲ្យរៀបចំជាផែនការដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារក្នុងគោលបំណងធ្វើឲ្យកុមារកម្ពុជាមានសុវត្ថិភាពជាងមុននិងកុមារត្រូវបានទទួលបានការពារឬអន្តរាគមន៍ប្រកបដោយប្រិសទ្ធិភាពដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ លោកស្រី ម៉ាតា សានតូប៉េស បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែថា ជាទូទៅនៅគ្រប់ប្រទេសទាំងអស់មិនថាប្រទេសកម្ពុជានោះទេ កុមារតែងតែទទួលរងនូវហិង្សា ព្រោះតែទម្លាប់នៃការដាក់ពិន័យបែបហិង្សាដែលមិនបានគិតអំពី ផលប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ។
បន្ថែមលើនេះលោកស្រី ម៉ាតា សានតូប៉េស បន្ដថា តាមការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១៤ បានរកឃើញថាកុមារច្រើនជាង៥០ភាគរយបានរងអំពើហិង្សាផ្លូវកាយកុមារ២៥ភាគរយរងហិង្សាផ្លូវចិត្ដ និងកុមារ៥ភាគរយ រាប់ទាំងកុមារានិងកុមារីបានទទួលរងអំពើហិង្សាផ្លូវភេទ។
ទន្ទឹមគ្នានេះតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារបានសង្កត់ធ្ងន់ថាផលប៉ះពាល់ជាអវិជ្ជមានជាច្រើនទៅលើកុមារនៅពេញវ័យដូចជាពួកគេមិនចង់ចូលរួមកិច្ចសង្គម ការសិក្សមិនល្អនិងងាយនឹងជនឧក្រិដ្ឋបោកប្រាស់។
លោកស្រី ម៉ាតា សានតូប៉េស៖«ផលប៉ះពាល់ហ្នឹងគឺធ្ងន់ធ្ងរណាស់ជាពិសេសគឺប៉ះពាល់ទៅលើការអភិវឌ្ឍរបស់ពួកគេឧទាហរណ៍ដូចថាពួកគេនឹងបាត់បង់នូវការទុកចិត្ដជាមួយនណាម្នាក់ដោយសារតែគេទទួលរងនូវអំពើហិង្សាហ្នឹងហើយម្យ៉ាងវិញទៀតអាចប៉ះពាល់ទៅដល់ការរៀនសូត្ររបស់ពួកគេ ហើយពួកគាត់អាចងាយប្រឈមនឹងការងាររងគ្រោះផ្សេងៗ ឧទាហរណ៍ការប្រើប្រាស់គ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងញៀន គាត់អាចក្លាយជាពលរដ្ឋមិនសូវសកម្មនៅក្នុងសង្គម ហើយគាត់អាចងាយស្រួលក្នុងរងឥទ្ធិពលពីជនឧក្រិដ្ឋផងដែរ»។
គួរជម្រាបថា បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការអង្កេត ស្ដីពីអំពើហិង្សាលើកុមារឆ្នាំ ២០១៣មក មានការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការអនុវត្ដគម្រោងកាន់តែប្រសើរស្របពេលដែលកំពុងរៀបចំនូវផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះហិង្សាលើកុមារឆ្នាំ២០១៧-២០២១នេះ។ យ៉ាងណាក្រសួងកិច្ចការនារី អំពាវនាវដល់សាធារណជនថា ដើម្បីទប់ស្កាត់អំពើហិង្សាលើកុមារ គឺត្រូវចាប់ផ្ដើមពីពលរដ្ឋគ្រប់រូប៕