ភ្នំពេញ៖ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចុះហត្ថលេខារួមគ្នាជាលើកដំបូងជាមួយកម្ពុជាស្តីពីការអភិរក្សវត្ថុតាងវាយនភណ្ឌនៅសារមន្ទីរទួលស្លែងដើម្បីអភិរក្សសម្លៀលបំពាក់ជនរងគ្រោះស្លាប់នៅសម័យខ្មែរក្រហម។ ពិធីចុះហត្ថលេខានេះធ្វើទ្បើងនាព្រឹកថ្ងៃទី ១១ ធ្នូ ឆ្នាំ២០១៧ នៅសារមន្ទីរទួលស្លែងរាជធានីភ្នំពេញ។
ទួលស្លែងជាសារមន្ទីរមួយដែលបានរក្សាទុកនូវស្នាក់ស្នាមសាកសពនៃជនរងគ្រោះរាប់ពាន់នាក់ដែលបានបង់ជីវិតនៅក្នុងសម័យរបបខ្មែរក្រហម។ ភាពឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបាននោះបានបន្សល់ទុកនៅវត្ថុតាងមួយចំនួន។ វត្ថុតាងទាំងនោះរួមាន សម្លៀកបំពាក់ ស្បែកជើង មួក ខ្សែក្រវាត់ ជាដើម។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William heidt ថ្លែងថា អាមេរិកបានផ្តល់ថវិកាចំនួន៥ម៉ឺន ៥ពាន់ដុល្លារដល់សារមន្ទីរទួលស្លែងដើម្បី អភិរក្សវត្ថុតាងវាយនភណ្ឌលើកដំបូង។
លោក William hedit បន្តថាថវិកាទាំងនេះគឺយកទៅប្រើប្រាស់ដើម្បីជាចំណែកក្នុងការអភិរក្សសម្ភារៈប្រមាណ ៣ពាន់ ទៅ ៥ពាន់មុខ រួមមានមួក សម្លៀកបំពាក់របស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដែលរងការអាចខូចខាត។
ឯកអគ្គរដ្ឋទូតអាមេរិករូបនេះគូសបញ្ជាក់ដែរថា ទាក់ទងនឹងគម្រោងនេះគឺស្ថិតក្នុងចំណោមគម្រោងការអភិរក្សបេតិភណ្ឌនៅក្នុងប្រទេសកម្ពុជាដែល អាមេរិកបានចំណាយថវិកាជាង៤លានដុល្លារអាមេរិកក្នុងការថែរក្សាអភិរក្សបេតិកភណ្ឌទូទាំងប្រទេសកម្ពុជា។ «កម្មវិធីនេះបញ្ជាក់ពីទំនាក់ទំនងរវាងប្រជាជនទៅប្រជាជន របស់ប្រទេសទាំងពីរហើយសហរដ្ឋអាមេរិកមានការគោរពយ៉ាងជាក់លាក់ទៅដល់បេតិកភណ្ឌរបស់ប្រទេសកម្ពុជា»។
ឆ្លើយតបនឹងការលើកទ្បើងនេះ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន សាទរនឹងគម្រោងរបស់អាមេរិក។ លោកថ្លែងបន្តថាពិធីចុះហត្ថលេខានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ធ្វើយ៉ាងអាចបន្តការអភិរក្សវត្ថុតាងវាយនភណ្ឌរបស់ជនរងគ្រោះដែលបានបន្សល់ទុក្ខនៅក្នុងរបបប៉ុលពត ។
លោក ជុច ភឿន បន្តថាដោយវាយនភណ្ឌជនរងគ្រោះ ដូចជា ខោ អាវ ខ្សែក្រវាត់របស់ជនរងគ្រោះមួយចំនួនត្រូវបានខូចខាតដោយសារសត្វកណ្តៀរនោះទើបក្រសួងសហការស្នើឱ្យមូលនិធិរបស់ឯកអគ្គរដ្ឋទូតអាមេរិកជួយផ្តល់ជាថវិកាដើម្បីស្វែងរកវិធីសាស្ត្រយ៉ាងណាអាចបន្តរក្សាវត្ថុតាងទាំងនោះ។
លោក ជុច ភឿន បន្តថាគម្រោងនេះមិនត្រឹមតែបានជួយសង្គ្រោះក្នុងថែរក្សាវត្ថុតាងនេះទេ តែថែមទាំងផ្តល់ផលប្រយោជន៏មួយចំនួនទៀតដល់សារមន្ទីរទួលស្លែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តនិរន្តរភាពក្នុងការការពារអភិរក្សវិស័នេះបន្តទៅខាងមុខទៀត។
«ខ្ញុំមានជំនឿយ៉ាងមុតមាំថារដ្ឋាភិបាល និងប្រជាជនអាមេរិកនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាំងផ្នែកខាងថវិកា និងអ្នកបច្ចេកទេសដើម្បីផ្តល់លទ្ធភាពឱ្យក្រសួងអាចពង្រីកវិសាលភាពក្នុងការទប់ស្កាត់ការជួញដូរបុរាណវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់នៅទូទាំងប្រទេសនាថ្ងៃអនាគត»។
ប្រធានមន្ទីរទួលស្លែង លោក ឆាយ វិសុទ្ធ លើកទ្បើងថាគម្រោងមួយនេះពិតជាមានប្រយោជន៏សម្រាប់ប្រទេសកម្ពុជា។ លោក ឆាយ វិសុទ្ធ បន្តថានេះជាលើកដំបូងហើយដែលអាមេរិកផ្តល់ថវិកាដល់មន្ទីរទួលស្លែងក្នុងការថែរក្សាវត្ថុតាងវាយនភណ្ឌនៅកម្ពុជា។
«អ្វីដែលយើងខ្ញុំស្រែកអរមែនតែនគឺយើងបានបណ្តុះបណ្តាលធនធានមនុស្ស។មិនប្រាកដថារយៈពេលមួយឆ្នាំយើងអាចធ្វើបានទមាងអស់ទេក៏ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំនេះយើងនឹងធ្វើតាមសមត្ថភាពនិងលទ្ធិភាពសល់ប៉ុន្មានក្រោយពីចប់គម្រោងដែលដឹកនាំដោយអ្នកជំនាញជនជាតិអាមេរិកាំងលើវិស័យវាយន្តភណ្ឌយើងនឹងបន្តធ្វើការងារដោយខ្លួនឯក។»
គម្រោងស្តីពីការអភិរក្សវត្ថុតាងវាយនភណ្ឌនេះជាជំនួយរបស់មូលនិធិសាហរដ្ឋអាមេរិកដែលចំណាយប្រមាណ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក្នុងរយៈពេល១ឆ្នាំ។
គម្រោងស្តីពីការអភិរក្សវត្ថុតាងវាយនភណ្ឌនៅសារមន្ទីរទួលស្លែងនឹងចាប់ផ្តើមដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៨ខាងមុខ។ ទួលស្ដែងជា គុកមជ្ឈឹមនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដឹកនាំដោយនាយករដ្ឋមន្ត្រីប៉ុលពត។
គុកនេះ គឺជាកន្លែងធ្វើទារុកម្មអ្នកទោសមកពីតំបន់មួយចំនួនទូទាំងប្រទេស។ កម្មាភិបាលខ្មែរក្រហមនិងបញ្ញាជនមួយចំនួនបានស្លាប់ដោយសារការធ្វើទារុកម្មនិងអ្នកខ្លះយកទៅសម្លាប់នៅទួលជើងឯកឬគេហៅថាវាលពិឃាតជើងឯកដោយរណ្ដៅសាកសពរាប់រយនិងសាកសពមួយម៉ឺនប្រាំពាន់នាក់កប់នៅទីនោះ៕