en     km
en     km

​ក្រសួងសុខាភិបាល​៖​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​ជំងឺផ្តាសាយបក្សី​H5N1

Share

ភ្នំពេញ៖​ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ជំងឺផ្តាសាយបក្សី​H5N1​ផ្ទុះ​ឡើងជា​ថ្មី​នៅ​ខេត្តកំពង់ចាម​។​

                                            កសិដ្ឋានចិញ្ចឹមមាន់របស់កសិករនៅខេត្តព្រះវិហារ។

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​បង្ហោះ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ បាន​ឲ្យ​ដឹង​ថា​ជំងឺផ្តាសាយបក្សី​H5N1​បាន​ផ្ទុះ​ឡើង​មួយ​ករណី​ស្ថិត​នៅ​ភូមិ​កោះ​ស្វាយ​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់​ចាម​។​ទោះបី​យ៉ាងណា​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ថា​ករណី​នេះ​មិន​ទាន់​ឆ្លង​មក​លើ​មនុស្ស​ទេ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​មន្ត្រី​ជំនាញ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​ករណី​នេះ​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាជន​រដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​មិន​ត្រូវ​យក​សត្វ​មាន់​ ទា​ ឬ​បក្សី​ឈឺ​ឬ​ងាប់​មក​បរិភោគ​និង​លក់​បន្ត​ទេ​។​

​ចាប់ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៤​ករណី​ឆ្លង​ជំងឺផ្តាសាយបក្សី​H5N1​ឆ្លង​ពី​សត្វ​បក្សី​ទៅ​មនុស្ស​ ចំនួន​៥៦​ករណី​ក្នុង​នោះ​៣៧​ករណី​បណ្តាល​ឲ្យ​ស្លាប់​។​នេះ​បើ​តាម​របាយការណ៍​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​។​

​ជំងឺផ្តាសាយបក្សី​H5N1​មាន​រោគ​សញ្ញា​គ្រុនក្តៅ​លើស​ពី​៣៨​អង្សារ​សេ​ ក្អក​ឈឺ​ក​ ដកដង្ហើម​ ហត់​ បន្ទាប់​ពី​មាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់​ជាមួយ​បក្សី​ឈឺ​ឬ​ងាប់​កំឡុង​ពេល​៧​ថ្ងៃមុន​ចេញ​រោគ​សញ្ញា​។​បើ​មាន​ករណី​សង្ស័យ​ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ទទួល​បានការ​ព្យាបាល​៕​

Share

Image
Image
Image