ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt មានប្រសាសន៍ថាទោះបីស្ថានភាពនយោបាយរវាងប្រ ទេសកម្ពុជា និងអាមេរិកមិនសូវមានភាពល្អប្រសើរជាមួយគ្នាយ៉ាងណាក៏ដោយ តែ អាមេរិក នៅតែបន្តកិច្ចសហការជាមួយប្រទេសកម្ពុជាទៅ លើវិស័យមួយចំនួន។
លោក William A. Heidt បានផ្តល់បទសម្ភាសផ្តាច់មុខមួយឱ្យវិទ្យុស្រ្តីFM102នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ទី៧ធ្នូថាកម្ពុជានិងអាមេរិកនៅមានទំនងនឹងគ្នានៅឡើយទោះជាមានការប្រឈមុខដាក់គ្នាលើផ្នែកនយោបាយក៏ដោយ។
លោក William A. Heidt បន្តថាតាមបទពិសោធន៏របស់លោកដែលបានធ្វើការ ក្នុងប្រទេសមួយចំនួនកន្លងមក មិនដែលធ្វើការសុទ្ធតែឯកភាពគ្នាគ្រប់រឿងនោះទេ រួមជាមួយនឹងប្រទេសកម្ពុជាផងដែរ។ តែទោះបីជាយ៉ាងនេះក្តីលោកអះអាងថា មិនមានន័យថាអាមេរិកមិនសហការគ្នា ឬឯកភាពគ្នាជាមួយប្រទេសកម្ពុជាគ្រប់រឿងនោះដែរ។
«យើងមានការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់អំណាចរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងសេដ្ឋកិច្ច ទាក់ទងនឹងការអប់រំចំពោះប្រទេសកម្ពុជា ហើយយើងនឹងនៅបន្តធ្វើការងារហ្នឹងយើងនឹងស្វែងរកចំណុចល្អធ្វើការលើរឿងហ្នឹង»។
សហរដ្ឋអាមេរិក បានជួយកម្ពុជា លើវិស័យជាច្រើនមានទាំង សុខមាលភាពរបស់ប្រជាជន កិច្ចការវប្បធម៌ អប់រំ និងសិទិ្ធមនុស្ស។ តែអាមេរិកគឺជាទីផ្សារធំទី២ បន្ទាប់ពីសហភាពអឺរ៉ុប ដែលនាំសម្លៀកបំពាក់ពីកម្ពុជា ដែលមានទំហំជាង៣០ភាគរយ។ យ៉ាងនេះក្ដី អាមេរិកបានសម្រេច ដាក់កំហិតទិដ្ឋាការលើ មន្ត្រីបក្សកាន់អំណាចមួយចំនួនដែលអាមេរិកចោទថា មន្ត្រីទាំងនោះ ជាប់ពាក់ព័ន្ធបំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា និង ករណីរំលាយគណបក្សសង្រ្គោះជាតិដែលករណីនេះ ត្រូវបានមើលឃើញថា ជាទង្វើនាំឱ្យទំនាក់ទំនងទ្វេភាគី មិនចុះសម្រុង
គ្នា។
លោកផៃស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ហាក់មិនសាទរ ទស្សនៈរបស់ លោក William Heidt នេះ ទេ។ លោកបន្តថា រឿងរ៉ាងធ្វើមានការប្រេះស្រាំផ្នែកទំនាក់ទំនងទ្វេភាគីអាមេរិកនិងកម្ពុជា គឺអ្នកដើមហេតុ មកពីលោក ឯករដ្ឋទូតអាមេរិករូបនេះ ធ្វើរបាយការណ៍ទៅ ក្រសួងការបរទេស ដែលលោកថាមិនបាននិយាយរឿងល្អពីកម្ពុជា។ «តាមរយៈឯកឧត្តមឯកអគ្គរដ្ឋ William A. Heidtហ្នឹងឯងដែលគាត់បានផ្តល់សញ្ញាអាក្រក់កម្ពុជាទៅប្រាប់សភាអាមេរិកគាត់ ដែលកើតចេញពីការសម្រេចចិត្តនេះដូច្នេះជាចំណែកដែលធ្វើឱ្យកក់ល្អក់រវាងខាងមិត្តទំាងពីរនេះ លោកទូតត្រូវធ្វើយ៉ាងណាដើម្បីធ្វើឱ្យមានភាពប្រសើរទ្បើងវិញនូវទំនាក់ទំនងល្អនេះឯង»។
អាមេរិកនិងកម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នា ៦៥ឆ្នាំមកហើយ។ បំណុលដែលកម្ពុជាជំពាក់អាមេរិកដោយរបបសាធារណរដ្ឋខ្មែរបានកើនជាង៥រយលានដុល្លារ។កម្ពុជាធ្លាប់ទាមទារឱ្យអាមេរិកទម្លាក់ចោលបំណុលនេះ ដោយកម្ពុជាចាត់ទុកថា ជាបំណុលនៃសង្រ្គាម៕