en     km
en     km

សត្វ​អង្កត់ខ្មៅ​ ដ៏​កម្រ​ក្នុង​តំបន់​អាស៊ី​បាន​ញាស់​កូន​ចំនួន​ ០៣​ក្បាល​នៅ​ខេត្ដព្រះវិហារ​

Share

ភ្នំពេញ​ ៖​ សត្វ​អង្កត់ខ្មៅ​ ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​នៅ​ក្នុង​តំបន់​អាស៊ី​ និង​ជា​សត្វ​ដែល​ជិត​រង​គ្រោះជា​សាកល​ បាន​ញាស់​កូន​ចំនួន​ ០៣​ក្បាល​ ក្នុង​ដែនជម្រកសត្វព្រៃ​គូ​លែ​ ព្រហ្ម​ទេព​ នៃ​ខេត្ដព្រះវិហារ​។​ នេះ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ហៅ​កាត់​ថា​ WCS​ នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

សត្វអង្កត់ខ្មៅ ឬដំបងក្រញូង ប្រភពរូបភាពពីអង្គការ Birdlife

 

កូន​សត្វ​ស្លាប​ អង្កត់ខ្មៅ​ ចំនួន​ ០៣​ក្បាល​នេះ​បាន​ញាស់​ បន្ទាប់​ពី​ទទួល​បានការ​ការពារ​ពី​សំណាក់​សមាជិក​សហគមន៍​ អស់​រយៈពេល​ ០៥​ស​ប្ដា​ហ៍​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ នៃ​តំបន់​ខ្ពស់​រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​

​លោក​ រស់​ វ៉ា​ន់​ មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​ ព្រហ្ម​ទេព​ របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ប្រចាំ​ខេត្តព្រះវិហារ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ សត្វ​អង្កត់ខ្មៅ​ ជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​ ដែល​វា​មាន​វត្ដ​មាននៅ​កម្ពុជា​តិច​តូច​ប៉ុណ្ណោះ​។​ លោក​បន្ដ​ថា​ ការ​ការពារ​ប្រភេទ​សត្វ​នេះ​ គឺ​បាន​ធ្វើ​ជាង​ ៥​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​ចំនួន​សំបុក​របស់​សត្វ​អង្កត់ខ្មៅ​នេះ​ លោក​សង្កេត​ឃើញ​ថា​ នៅ​តែ​មាន​ចំនួន​តិច​តូច​។​

​លោក​ រស់​ វ៉ា​ន់​ បន្ដ​ថា​ សត្វ​ស្លាប​អង្កត់ខ្មៅ​នេះ​ គឺ​មាននៅ​ប្រទេស​ដទៃៗ​ទៀត​ ប៉ុន្ដែ​វា​មិន​ច្រើន​នោះ​ទេ​ ដោយឡែក​សម្រាប់​កម្ពុជា​ សត្វ​អង្កត់ខ្មៅ​ គឺជា​ប្រភេទ​សត្វ​ដ៏​កម្រ​ លោក​មានការ​ព្រួយបារម្ភ​ថា​ ប្រសិនបើ​ពលរដ្ឋ​ ពិសេស​ប្រជា​សហគមន៍​មិន​ចូលរួម​ថែរក្សា​សត្វ​ប្រភេទ​កម្រ​នេះ​ទេ​ វា​នឹង​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ​នា​ពេល​អនាគត់​។​

​លោក​ រស់​ វ៉ា​ន​ ៖«​សត្វ​អង្កត់ខ្មៅ​ហ្នឹង​លើ​សាកលលោក​វា​មិនមែន​ជា​សត្វ​កម្រ​ប៉ុន្មាន​ទេ​ ក៏​ប៉ុន្ដែ​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​ គឺជា​សត្វ​កម្រ​មួយ​ វា​មាន​ចំនួន​តិច​ ហើយ​រដូវ​ពង​កូន​របស់​វា​ក៏​មាន​ចំនួន​តិច​ណាស់​ដែរ​ ហើយ​អ​ញ្ចឹ​ង​ប្រសិនជា​មានការ​គំរាមកំហែង​ដល់ទី​ជម្រក​ ឬ​ក៏​កន្លែង​វា​រកស៊ី​ និង​ពង​កូន​ វា​អាច​នឹង​ផុត​ពូជ​ទៅ​ថ្ងៃ​អនាគត់​ អ​ញ្ចឹ​ង​បាន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួយ​ការពារ​ ជួយ​ថែរក្សា​»​។​

សត្វអង្កត់ខ្មៅ ឬដំបងក្រញូង ដែលពងកូននៅក្នុងតំបន់ព្រៃអភិរក្ស គូលែន ព្រហ្មទេព ខេត្ដព្រះវិហារ ប្រភពរូបភាពី អង្គការ WMC

 

​លើស​ពី​នេះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ទាំងអស់​ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ក្រុម​អភិរក្ស​សត្វព្រៃ​ ប្រសិនជា​បានឃើញ​ ឬ​ជួប​សត្វព្រៃ​កម្រ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​ក្នុង​តំបន់​អភិរក្ស​ដែល​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​ ដើម្បី​រួម​គ្នា​ថែរក្សា​ការពារ​ជីវិត​សត្វព្រៃ​ទាំង​អស់នោះ​។​

​លោក​ រស់​ វ៉ា​ន​ ៖​ «​ប្រសិនជា​ប្រជាពលរដ្ឋ​ ឬ​ក៏​បងប្អូន​ណា​បានឃើញ​សំបុក​ ឃើញ​អីហ្នឹង​ គួរតែ​រាយការណ៍​មក​ជា​បន្ទាន់​ដល់​អង្គការ​ អភិរក្ស​សត្វព្រៃ​ហ្នឹងហើយ​យើង​នឹង​ផ្ដល់​ជា​ប្រាក់​ឧ​ប​ត្ថ​ម​ដើម្បី​យាម​ការពារ​សត្វ​ហ្នឹង​ឲ្យ​បាន​ញាស់​ ឲ្យ​បាន​ចេះ​ហើរ​ជោគជ័យ​អ​ញ្ចឹ​ង​ទៅ​»​។​

​សត្វ​អង្កត់ខ្មៅ​ (​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ ដំបង​ក្រ​ញូ​ង​)​ គឺជា​សត្វ​ស្លាប​ដ៏​កម្រ​មួយ​ប្រភេទ​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​ស្លាប​ជិត​រង​គ្រោះជា​សាកល​។​ តាម​ការ​ប៉ាន់​ប្រមាណ​ សត្វ​អង្កត់ខ្មៅ​លើ​សាកល​មាន​ចំនួន​ចន្លោះ​ពី​ ១៥.០០០​ក្បាល​ ទៅ​ ៣៥.០០០​ក្បាល​ ហើយ​ភាគច្រើន​ នៃ​ចំនួន​សត្វ​អង្កត់ខ្មៅ​ទាំង​អស់នេះ​មាន​រស់នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​។​ សត្វ​អង្កត់ខ្មៅ​ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​ បញ្ជាក់​ថា​ វា​មាន​មិន​ដល់​ ១០​គូរ​នោះ​ទេ​ ដែល​រស់នៅ​ក្នុង​តំបន់​អាស៊ី​ ហើយ​គឺ​មាន​តែ​ប្រទេស​កម្ពុជា​ តែ​មួយ​គត់​ ដែល​មាន​សត្វ​ប្រភេទ​នេះ​កំពុង​រស់នៅ​៕

Share

Image
Image
Image