ភ្នំពេញ៖រថយន្តដឹកកម្មករមួយគ្រឿងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ចេញពីផ្លូវបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់និងរងរបូសធ្ងន់ស្រាលជាង៣០នាក់នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
បើតាមលោក សម សាមួន ស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺ បានឲ្យដឹងថា កម្មការិនីម្នាក់ស្លាប់និង៣៥នាក់រងរបួសធ្ងន់ស្រាលករណីរថយន្តដឹកកម្មករក្រឡាប់នៅផ្លូវជាតិ៤១ចន្លោះគីឡូម៉ែត្រលេខ២៦និង២៧ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក សាមួន បន្ថែមថាកម្មកររងរបួសទាំងនោះបានដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួននៅក្បែរនោះ។
លោក បញ្ជាក់ថាមូលហេតុបណ្តាលឲ្យរថយន្តដឹកកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ក្រឡាប់ដោយសារអ្នកបើកបរបើកបរក្នុងល្បឿនលឿននិងវ៉ាជែងទៅប៉ះនិងរថយន្តបើកបរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យរថយន្តដឹកកម្មករធ្លាក់ចេញផ្លូវ។
លោកថាអ្នកបើកបររថយន្តដឹកកម្មកររត់គេចខ្លួនបន្ទាប់ពីបង្ករគ្រោះថ្នាក់ចរាចរណ៍នេះ។ករណីរថយន្តដឹកកម្មករក្រឡាប់នេះ តែងកើតឡើងជាញឹកញាប់ ដោយករណីខ្លះដោយសារ ដឹកកម្មករហួសចំណុះនិង បើកបរដោយគ្មានការប្រុងប្រយ័ត្ន៕