ក្រុងភ្នំពេញ៖ លោកអ្នកនាងស្ដាប់ជាទីមេត្រី! នាព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៧ នេះ សម្តេចទៀ បាញ់ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស នៅក្នុង ទិវាជនពិការជាតិ និង អន្តរជាតិ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ ។
ក្នុងពិធីនោះ សម្តេចរដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា ភ្លើងសង្គ្រាមបានបន្សល់ទុកការចងចាំយ៉ាងជូរចត់ជាច្រើន ទាំងការស្លាប់ និរាសព្រាត់ប្រាស់ ជាពិសេសជនពិការយ៉ាងច្រើន ដែលប្រជាជនកម្ពុជាត្រូវតែរក្សាស្ថិរភាពសន្តិភាពបច្ចុប្បន្នឲ្យបានគង់វង្ស។
នៅក្នុងឱកាសនេះដែរ សម្តេចបានរម្លឹកពីជ័យជម្នះ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលកម្ពុជាទទួលបានសុខសន្តិភាព ពេញផ្ទៃប្រទេសមកដល់ថ្ងៃនេះ។
សម្តេចរដ្ឋមន្ត្រីបានបន្ថែមទៀតថា កម្ពុជាជាប្រទេសដែលឆ្លងកាត់ភ្លើងសង្គ្រាមច្រើនណាស់មកហើយ មានប្រវត្តិជូរចត់ច្រើន ហើយភ្លើងសង្គ្រាមបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានិរាសព្រាត់ប្រាស់បាត់បង់ គ្រួសារ សាច់ញាត្តិ សម្លាប់មនុស្ស រួមទាំងបន្សល់ទុកនូវជនពិការយ៉ាងច្រើន។ដោយសារស្ថានភាពសង្រ្គាមកាលពីជាង៣០ឆ្នាំមុន នាំឱ្យ លោករដ្ឋមន្ត្រីអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាខិតខំថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ។ ចំណែកឯកកងទ័ពត្រូវប្តេជ្ញា ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការពារមិនឲ្យមានជនពិការដោយសារភ្លើងសង្គ្រាមបន្តទៅទៀត ដោយប្រកាសប្រឆាំងយ៉ាងដាច់ខាត ចំពោះទង្វើណាក៏ដោយ ដែលរារាំងដល់ការអភិវឌ្ឍន៍ និងសន្ដិភាព ដែលមាននាពេលបច្ចុប្បន្ននេះ ។
សម្តេច ទៀ បាញ់៖ ដូច្នេះកម្ពុជាត្រូវតែរួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយការពារសុខសន្តិភាពនេះ ដើម្បីបង្កើតនូវសមិទ្ធិផលថ្មីៗ ថែមទៀតសម្រាប់សង្គមជាតិយើង ហើយយើងជៀសឲ្យផុតកុំឲ្យវាមានសង្គ្រាម កុំឲ្យមានហឹង្សាកើតឡើង ហើយយើងទប់ស្កាត់ប្រើប្រាស់ គ្រប់វិធានការណ៍មិនឲ្យមានបដិវត្តន៍ព័ណ៌កើតឡើងនៅក្នុងកម្ពុជា។
នៅក្នុងពិធីនោះផងដែរ បុរសពិការម្នាក់ ឈ្មោះ គីម ផេង មានវ័យ ៥៤ ឆ្នាំ ស្ថិតក្នុងស្ថានភាពពិការជើងដោយសារគ្រាប់មីន បានប្រាប់អ្នកសារព័ត៌មានថា គាត់ពេញចិត្តនិងការលើកឡើងនិងការផ្តល់អំណោយ ពីរដ្ឋាភិបាល ហើយលោករំពឹងថា នឹងមានការប្រារព្វពិធីនេះជារៀងរាល់ឆ្នាំ។
លោក គីម ផេង៖ ខ្ញុំជួយត្រេកអរដែលចំណែកដែលពួកគាត់បានផ្តល់អំណោយឲ្យពួកខ្ញុំនេះបាទ! អញ្ជឹងមានតែសូមជូនពរពួកគាត់បាទ!
ដូចគ្នានេះដែរ បុរសពិការវ័យជំទង់ម្នាក់ទៀត ដែលពិការដៃដោយសារគ្រោះថ្នាក់ចរាចរណ៍ បានលើកឡើងថា គាត់ត្រេកអរដែលរដ្ឋាភិបាលបានប្រារព្វពិធីនេះ។
សូមរម្លឹកថា ទិវាជនពិការកម្ពុជាលើកទី ១៩ និង ទិវាជនពិការអន្តរជាតិលើកទី ៣៥ នេះ មានការចូលរួមពី ភ្ញៀវជាតិ និង អន្តរជាតិ ប្រមាណជាង ២ ពាន់នាក់ ដោយក្នុងនោះមានជនពិការចូលរួមប្រមាណ ១ ពាន់នាក់។ ពលរដ្ឋកម្ពុជា ដែលពិការមិនមានតែក្នុងសង្រ្គាមនោះទេ គឺពិការដោយសារជាន់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបន្សល់ទុកដោយសារសង្រ្គាម និងករណីពិការដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងជាខ្លាំង។
យោងទៅតាមជំរឿនឆ្នាំ២០១៣ បានបញ្ជាក់ថា ជនពិការនៅកម្ពុជាមានប្រមាណជាង ៣០ម៉ឺននាក់៕