ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន មានប្រសាសន៏ថា ចិនជាទីផ្សារធំណាស់សម្រាប់ប្រទេសកម្ពុជា។ ការណ៍នេះសម្តេច ហ៊ុន សែនថាចិននឹងក្លាយជាប្រទេសទីមួយក្នុងវិស័យទេសចរដែលរួមចំណែកដោះស្រាយការងារជូនកម្មករកម្ពុជាផងដែរ។ ការថ្លែងនេះធ្វើទ្បើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រនានាក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្ពុជា ជាប្រទេសដែលពឹងផ្អែកលើ វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិស័យវាយនភ័ណ្ឌ និងវិស័យទេសចរជាដើម។ ការណ៍នេះសម្តេច ហ៊ុន សែន បានលើកទ្បើងថាប្រទេសចិនជាប្រទេសមួយដែលមានទីផ្សារធំសម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
នាពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានទៅចូលរួមកិច្ចប្រជុំកំពូលមួយនៅប្រទេសចិន ដែលមានគណបក្សនយោបាយជាច្រើនចូលរួមប្រជុំនៅទីនោះ។ក្រៅកិច្ចប្រជុំកំពូលនោះនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ក៏បានឆ្លៀតពេលជួបអ្នកវិនិយោគល្បីៗនៅប្រទេសចិន ដើម្បីជំរុញឱ្យអ្នកវិនិយោគទំាងនោះមកចូលវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន មានប្រសាសន៏ថា «ពូទៅកាន់ប្រទេសចិនទៅចរចាប្រធានបទចរចាផ្អែកលើអីសំខាន់ប្រទេសចិនជាទីផ្សារធំណាស់សម្រាប់យើងចរចាផ្តោតធំជាងគេលើបញ្ហាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ឥលូវបើនិយាយពីទេសចរណ៍អាចនិយាយអាចនឹងបន្តិចចិននឹងក្លាយជាទេសចរទីមួយ ទីមួយទៅហើយ»។
នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជក់ថាវិស័យទេសចរក៏ជាវិស័យសំខាន់ណាស់ក្នុងការចូលរួមដោះស្រាយការងារជូនប្រជាពលរដ្ឋកម្ពុជា។ សម្តេច ហ៊ុន សែន បញ្ជាក់ថាបើកំណើនទេសចរចិនកាន់តែច្រើនចូលមកកម្ពុជានោះនឹងបម្រើផលប្រយោជន៏ច្រើនដល់ប្រទេសកម្ពុជា។ «ខ្ញុំគ្រាន់តែចង់បានទេសចរចិនស្មើនឹង ០,០១%តែប៉ុណ្ណោះ ដោយសារតែប្រទេសចិនមានប្រជាជន១ពាន់៣រយលាននាក់ជាង បើយើងសម្រេចបាន០,០១ យើងនឹងបាន១លាន៣សែននាក់ដូច្នេះតើយើងដោះស្រាយការងារឱ្យកម្មកររបស់យើងនៅក្នុងផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងដោះស្រាយការលក់ទំនិញ លក់កសិផលបម្រើឱ្យសណ្ឋាគារប៉ុណ្ណាសម្រាប់ប្រជាជន»។
ជុំវិញរឿងនេះលោក តេង ដឺលុច បណ្ឌិតសេដ្ឋកិច្ចបានលើកទ្បើងថា ទាក់ទងនឹងកំណើនភ្ញៀវទេសចរចិននេះមានមុខព្រួញពីរ។ មុខព្រួញពីរនេះគឺទីមួយចិនអាចមកប្រមូលលុយពីកម្ពុជា និងទីពីរចិនមកចាយលុយនៅកម្ពុជា។ លោក តេង ដឺលុច សង្កេតឃើញថាកំណើនភ្ញៀវទេសចរចិនភាគច្រើនចូលមកកម្ពុជាគឺមកបម្រើការងារមានចំនួនច្រើន។
តែយ៉ាងនេះក្ដីលោកសាទរដែលមានកំណើនភ្ញៀវទេសចរចិន។ តែលោកថាកម្ពុជាក៏មិនត្រូវភ្លេចពីវិស័យវាយនភ័ណ្ឌនៅក្នុងប្រទេសកម្ពុជានោះដែរ។ លោកអះអាងថាប្រសិនបើកម្ពុជាជួបវិបត្តិការនំាចេញសំលៀកបំពាក់កាត់ដេរទៅកាន់បរទេសនោះគឺនឹងធ្វើឱ្យប៉ះពាល់ដល់កម្ពុជា និងប្រទេសចិនខ្លួនឯងផងដែរ។
លោក តេង ដឺលុច ៖«ពាក់ព័ន្ធនឹងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដែរយើងដឹងហើយថាថៅកែភាគច្រើនជាថៅកែជនជាតិចិន ហើយមានមេការភាគច្រើនជាជនជាតិចិន អញ្ចឹងបើវិស័យនោះវាប៉ះពាល់វាមិនត្រឹមតែប៉ះពាល់ដល់ទីផ្សារកម្ពុជានោះទេតែវាក៏ប៉ះពាល់ដល់ទីផ្សារចិនរបស់ខ្លួនដែរអញ្ចឹងគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនីមួយៗគឺផ្អែកលើផលប្រយោជន៏សេដ្ឋកិច្ចពាណិជ្ជកម្មនឹងហើយ»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្មីៗនេះ លោកបានដាក់គោលដៅនៅឆ្នាំ២០១៧នេះថានឹងទទួលទេសចរចិនប្រមាណ១លាននាក់និងឈានដល់២លាននាក់នៅឆ្នាំ២០២០។
វិស័យទេចរណ៍កម្ពុជារកចំណូលជាតិប្រមាណ៣៤០០លានដុល្លារស្មើនឹង១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)និងបង្កើតការការងារផ្ទាល់ជាង៦២ម៉ឺននាក់ស្មើនឹង១៣ភាគរយនៃការងារសរុប។
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ៣លាន៩សែននាក់ កើនទ្បើង១១.៥ភាគរយនិងភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាជាង៨៤ម៉ឺននាក់ កើនទ្បើង៣៥.៦ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ បើតាមស្ថានទូតចិន នៅឆ្នាំ២០១៦ចិន វិនិយោគមកកម្ពុជាក្នុងរង្វង់ទឹកប្រាក់ជាង ១ ពាន់លានដុល្លារលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងកសិកម្មជាដើម៕