យោងតាមប្រភពព័ត៌មានមួយរបស់វៀតណាមជាភាសាអង់គ្លេសចុះផ្សាយនៅថ្ងៃពុធទី៦ធ្នូនេះថា កម្ពុជា នឹងចំណាយប្រាក់ ៧លាន៨សែនដុល្លារដើម្បីជួសជុល ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលមានសរុប១៧ស្តូបនៅទូទាំងប្រទេសកម្ពុជា។
តាមប្រភពដដែលនេះ ស្តូបទាំងនឹងត្រូវជួសជុលឱ្យហើយនៅ ដើមឆ្នាំ២០១៨ហើយ ការកែលម្អនេះដើម្បី រម្លឹកខួប៥០ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសទាំង២។
នៅឯកិច្ចប្រជុំមួយនៅទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី ដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា លោកឧត្តមសេនីយ៍ញែមវ៉ាលីបាននិយាយថា ៖«ស្តូបទាំងនោះ មិនត្រឹមតែដើម្បីឧទិសកងយុទ្ធជនស្ម័គ្រចិត្តកម្ពុជានិង វៀតណាមប៉ុណ្ណោះទេដែលបានពលិកម្ម ដើម្បីរំដោះកម្ពុជា ប៉ុន្តែគឺជានិម្មិតរូបនៃសាមគ្គីភាពមិត្តភាពមិនអាចខ្វះបាននៃប្រទេសទាំង២។ ក្នុងន័យនេះយើងមានការអរគុណដែលមានការឧបត្ថម្ភមូលនិធីពីក្រសួងការពារជាតៀវៀតណាមដើម្បីជួសជុលស្តូបទាំងនេះ»។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខឥសាន្ត បានប្រាប់វិទ្យុស្រ្តីថា ការជួសជុលស្តូបមិត្តភាពនេះ គឺដើម្បីរក្សាឱ្យបានគង់វង្ស ព្រោះ ស្តូបទាំងនេះគឺជានិមិ្មតរូបនៃការបញ្ចប់របបប្រល័យពូជសាសន៍ប៉ុលពតហើយធ្វើឱ្យពលរដ្ឋស្គាល់សន្តិភាពមកដល់ថ្ងៃនេះ។
លោកសុខឥសាន្ត៖«នេះជាជីវិតទីពីររបស់យើង ដូច្នេះហើយវាគឺជាសាក្ខីភាពបញ្ជាក់អំពីជោគជ័យដែលយើងរួមគ្នាដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ បែបគ្មានជ័យជំនះ ២ធ្នូ នឹងថ្ងៃ ៧មករាទេ យើងយល់ថា ជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសមិនមានសេសសល់មកដល់ថ្ងៃនេះទេ ហើយក៏មិនមានថ្ងៃនេះទេ»។
ក្នុងឱកាសនេះ អនុរដ្ឋន្ត្រីការពារជាតិនៃប្រទេសវៀតណាម ឧត្តមសេនីយ៍ Lê Chiêm បានប្រាប់ សមភាគីកម្ពុជាលោកឧត្តមសេនីយ៍ញែមវ៉ាលីថា៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលមាននៅទីតាំផ្សេងៗគ្នានៅកម្ពុជា មានតម្លៃជាប្រវត្តិសាស្ត្រនិងវប្បធម៌ ។ ជានិមិ្មតរូបនៃមនោសចេតនាសាមគ្គិភាព កោះក្ដៅ និងជាពលិកម្មដ៏អង់អាចក្លាហាននៃប្រជាជននិងកងទ័ព វៀតណាម កម្ពុជា»។
តាមប្រភពVNA ទាំងកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាថានឹងស្ថាបនា ស្តូបមិត្តភាពនេះ ច្រើនទៀតនៅកម្ពុជា ព្រោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃកម្លាំងរួមគ្នា។ ស្តូបមិត្តភាព កម្ពុជា-វៀតណាមនៅ រាជធានីភ្នំពេញគឺជាទីតាំងធំជាងគេ ដែលតែងតែថ្នាក់ដឹកនាំវៀតណាមមកគោរពនិងដាក់កម្រផ្កាដោយមានថ្នាក់ដឹកនាំកម្ពុជាអមដំណើរ៕