ភ្នំពេញ៖ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជាសម្តែងការស្វាគមន៍ចំពោះរដ្ឋាភិបាលកម្ពុជាដែលសម្រេចមិនបិទទ្វាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)តែស្នើឱ្យបក្សប្រឆាំង(CNRP)មានវត្តមានក្នុងការបោះឆ្នោតនិងបើកចំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខនៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី៣ ធ្នូថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)មិនត្រូវបានបិទទ្វាទេ។ការប្រកាសរបស់សម្តេចធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃរកឃើញថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានសកម្មភាពស្របច្បាប់។
លោកស្រី អាណានីកា បេន ដេវីត(Annika Ben David) ឯកអគ្គរាជទូតស៊ុយអ៊ែតទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាសម្តែងការស្វាគមន៍នៅលើបណ្តាញសង្គមtwitterចំពោះរដ្ឋាភិបាលកម្ពុជាសម្រេចមិនបិទទ្វារមជ្ឈមណ្ឌលសិទ្ធិមនុស្ស(CCHR)។
ទោះបីយ៉ាងណាលោកស្រី អាណានីកាចាត់ទុកថាករណីCCHR គឺជារឿងមួយដាច់ដោយ ឡែកតែរឿងសំខាន់គឺលំហសេរីភាពរបស់បក្សប្រឆាំងនិងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបោះ ឆ្នោតខាងមុខ។
«សូមស្វាគមន៍បំផុតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបិទទ្វារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ប្រទេសណាក៏ត្រូវការអង្គការសង្គមស៊ីវិលដើម្បីធ្វើឲ្យសង្គមមានភាពរីកលូតលាស់។សារសំខាន់អ្នកការពារសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សប្រឆាំងអាចដំណើរដោយសេរី ជាពិសេសនៅមុនដំណាក់កាលការបោះឆ្នោតខាងមុខនេះ»។
ស្របពេលដែលរដ្ឋាភិបាលប្រកាសមិនបិទ CCHR នាយិកាមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ក៏បានអបអរសាទរ ដោយលោកស្រីសន្យាបន្តធ្វើការងារលើផ្នែកសិទ្ធិមនុស្សថែមទៀត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ ២០០២ក្រោមជំនួយមូលនិធិពីវិទ្យាស្ថានសហរដ្ឋអាមេរិកIRI។លោក កឹម សុខា ជាស្ថាបនិកនិងជាប្រធាន អង្គការនេះ អស់រយៈ៥ឆ្នាំ។ លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួន ករណីដែលចោទលោកថាបានប្រព្រឹត្ដអំពើក្បត់ជាតិ៕